ឯកឧត្តម ចាយ បូរិន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញសួរសុខទុក្ខ លោកជំទាវ ហូ ណូន ដល់គេហដ្ឋាននៅរាជធានីភ្នំពេញ

ក្នុងឱកាសចូលរួមអបអរសាទរខួបអនុស្សារីយ៌លើកទី៤៣ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៏មាតុភូមិកម្ពុជា ២ធ្នូ២០២១
ប្រតិភូយុវជនថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ ឯកឧត្តម ចាយ បូរិន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ាណែត រួមជាមួយឯកឧត្តម កែវ ពិសិដ្ឋ ,ឯកឧត្តមលោកអនុប្រធានផ្នែក និងលោក លោកស្រីជាជំនួយការផ្នែកឃោសនាអប់រំ បានអញ្ជើញទៅសួរសុខទុក្ខលោកជំទាវ ហូ ណូន សមាជិការគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា ដល់គេហដ្ឋានលោកជំទាវផ្ទាល់ នៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ខែធ្នូ ឆ្នំា២០២១នេះ។

ឯកឧត្តម ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសការ ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជូនចំពោះលោកជំទាវ ហូ ណូន ។ ឯកឧត្តមថ្នាក់ដឹកនាំប្រតិភូ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាតែងតែរក្សាចាស់បង្កើនថ្មី ហើយជានិច្ចជាកាលសម្តេចនិងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ តែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ឥស្សរជនស្នេហាជាតិ ចាស់ព្រឹទ្ធាចារ្យ និវត្តន៍ជន និងសមាជិកសមាជិកាគណបក្សទំាងអស់ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ មាតុភូមិ។

ប្រតិភូយុវជថ្នាក់កណ្តាល បានសម្ដែងនូវមនោសញ្ចេតនានិងការគោរពដឹងគុណ កោតសរសើរដោយស្មោះចំពោះវីរៈភាព និងស្នាដៃដ៏ធំធេងជាច្រើនមិនអាចកាត់ថ្លៃបានរបស់ លោកជំទាវដែលបានចូលរួមចំណែកក្នុងការស្តារ កសាង និង អភិវឌ្ឍន៍ប្រទេសជាតិ ជារៀងរហូតមក ជាពិសេសលោកជំទាវ បានបំពេញការងារយ៉ាងសកម្ម ជាច្រើនអាណត្តិទាំងនៅក្នុងក្របខ័ណ្ឌនីតិប្រតិបត្តិនិងស្ថាប័ននីតិប្បញ្ញតិ និងមានវីរៈភាពក្នុងការបម្រើផលប្រយោជន៍គណបក្សនៅគ្រប់កាលៈទេសៈ ចំណាយទំាងកម្លំាង ស្មារតី ធនធាន ដោយមិនខ្លាចនឿយហត់ឡើយ។

ឯកឧត្តម ចាយ បូរិន ឯកឧត្តម កែវ ពិសិដ្ន និងសមាជិកប្រតិភូ បានចាត់ទុកគុណបំណាច់របស់លោកជំទាវ ហូ ណូន នាពេលកន្លង ជាកេរដំណែល និងជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយៗ បានរៀនសូត្រនិងអនុវត្តតាម។ ប្រតិភូក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក តាមថែរក្សា លោកជំទាវ ហូ ណូន ឆាប់បានជាសៈស្បើយពីជំងឺដង្កាត់នានា មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ។

សូមជម្រាបថា ឯកឧត្តម ហ៊ុន ណែត ដែលជាថ្នាក់ដឹកនាំយុវជនគណបក្ស តែងតែណែនាំដល់ថ្នាក់ដឹកនាំយុវជនគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់ចាស់ព្រឹទ្ធាចារ្យ ឥស្សរជនគណបក្សទំាងអស់ ដែលលោកកំពុងស្ថិតនៅក្នុងវ័យជរា ឬមានជំងឺនៅក្នុងការចុះសួរសុខទុក ផ្តល់កម្លំាងចិត្ត ជូនលោកជាប្រចាំ ពីព្រោះថាយុវជនជំនាន់ក្រោយដែលអាចមានថ្ងៃនេះបាន គឺជាពលីកម្ម ការលះបង់និងការខិតខំប្រែងប្រែងយ៉ាងធំធេងរបស់ចាស់ព្រឹទ្ធាចារ្យ រៀមច្បងជំនាន់មុន។

ក្នុងឱកាសដ៏មានអត្ថន័យនេះដែរឯកឧត្តម ចាយ បូរិន ឯកឧត្តម កែវ ពិសិដ្ឋ ,ឯកឧត្តមលោកអនុប្រធានផ្នែក និងលោក លោកស្រីជាជំនួយការផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាលបានប្រគល់ជូនវត្ថុអនុស្សារីយ៏និងថវិការចំនួន៤លានរៀលរបស់ ឯកឧត្តម ហ៊ុន ម៉ាណែតនិងលោកជំទាវ ជូនលោកជំទាវ ហូ ណូន ផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner