UNDP៖ ប្រជាជនមីយ៉ាន់ម៉ាជាងពាក់កណ្ដាលនឹងរកបានតិចជាង ១ដុល្លារអាមេរិកចាប់ពីឆ្នាំ២០២២
ប្រជាជនមីយ៉ាន់ម៉ាជាងពាក់កណ្ដាលនឹងរកបានតិចជាង ១ ៥៩០ក្យាត ឬ ប្រមាណតែ ០,៩០ដុល្លារអាមេរិកប៉ុណ្ណោះ ដែលបានសេចក្ដីថា ប្រជាជនទាំងនោះនឹងស្ថិតក្រោមបន្ទាត់ក្រីក្រចាប់ពីឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមការលើកឡើងរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) កាលពីថ្ងៃពុធកន្លងទៅ។
ស្ថាប័នមួយនេះបានរកឃើញថា ប្រជាជនមីយ៉ាន់ម៉ាប្រមាណ ៤៦,៣% នឹងរស់នៅស្ថិតក្រោមបន្ទាត់ក្រីក្រ ដែលចំនួននេះកើនឡើងទ្វេជាពីរពីឆ្នាំ២០១៧ ដោយនៅកាលនោះមានចំនួន ២៤,៨%។
បន្ថែមពីនេះទៅទៀត ក្រោយពីព្រឹត្តិការណ៍រដ្ឋប្រហារខែកុម្ភៈ និងការរាតត្បាតនៃជំងឺកូវីដ-១៩ ចំណូលក្នុងផ្នែកមិនមែនកសិកម្មធ្លាក់ចុះ ៥០% ចំណែកឯចំណូលកសិកម្ម និងប្រាក់ខែទូទៅធ្លាក់ចុះ ២៥%។
អ្នកស្រី Kanni Wignaraja នាយិកាការិយាល័យអាស៊ី និងប៉ាស៊ីហ្វិកនៃស្ថាប័ន UNDP បានប្រាប់សារព័ត៌មានជប៉ុននីកេថា៖ «ការធ្លាក់ចុះទៅភាពក្រីក្រក្នុងទំហំបែបនេះ បង្ហាញឱ្យឃើញថា វណ្ណៈកណ្ដាលកំពុងបាត់បង់ហើយ»។ អ្នកវណ្ណៈកណ្ដាលនេះហើយជាអ្នកជំរុញដល់កំណើនសេដ្ឋកិច្ច។
ការចំណាយរបស់វណ្ណៈកណ្ដាលនឹង «បង្កើតការងារថ្មី និងសហគ្រាសថ្មី» នេះបើតាមការបន្ថែមរបស់អ្នកស្រី Wignaraja។ យ៉ាងណាក៏ដោយ កូវីដ-១៩ និងវិបត្តិនយោបាយ ធ្វើឱ្យមានភាពប៉ះពាល់ធ្ងន់ធ្ងរដល់ឧស្សាហកម្មកាត់ដេរនៅមីយ៉ាន់ម៉ា ក៏ដូចជាវិស័យទេសចរណ៍ និងវិស័យសំណង់នៅប្រទេសនេះ៕
ប្រភព៖ Nikkei Asia