តម្លៃភាគហ៊ុនអាមេរិកធ្លាក់ចុះ ខណៈមានការបារម្ភអំពីការអន់ថយនៃសេដ្ឋកិច្ចដោយសារវីរុសបម្លែងថ្មី
កាលពីថ្ងៃអង្គារ ទី៣០ វិច្ឆិកា តម្លៃភាគហ៊ុនអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសូចនាករទីផ្សារភាគហ៊ុន Dow Jones Industrial Average បានធ្លាក់ចុះជាង ៦៥០ ពិន្ទុ ខណៈពេលដែលវិនិយោគិនកំពុងថ្លឹងថ្លែងអំពីការអន់ថយនៃសេដ្ឋកិច្ចដែលអាចបង្កដោយការរីករាលដាលនៃវីរុសកូរ៉ូណាបម្លែងថ្មី «អូមីក្រុង»។
នៅក្នុងសក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការធនាគាររបស់ព្រឹទ្ធសភាអាមេរិក ប្រធានក្រុមប្រឹក្សាភិបាលធនាគារកណ្ដាលអាមេរិកលោកជេរ៉ូម ប៉ូវែលបាននិយាយថា៖ «ការកើនឡើងតម្លៃបានរីករាលដាលកាន់តែទូលំទូលាយក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះនៅទូទាំងសេដ្ឋកិច្ច ហើយខ្ញុំគិតថាហានិភ័យនៃអតិផរណាខ្ពស់បានកើនឡើង»។
លោកប៉ូវែលបានព្រមានថាការព្រួយបារម្ភអំពីការរីករាលដាលនៃវីរុសកូរ៉ូណា រួមទាំងបម្លែងអូមីក្រុង អាចធ្វើឱ្យមនុស្សមានការប្រុងប្រយ័ត្នចំពោះការត្រឡប់ទៅរកការងារដោយផ្ទាល់វិញ។ នោះអាចពន្យឺតការងើបឡើងវិញនៃទីផ្សារការងារ និងអូសបន្លាយការរាំងស្ទះនៃខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបានរួមចំណែកដល់ការកើនអតិផរណាខ្ពស់បំផុតក្នុងរយៈពេលជាង ៣ ទសវត្សរ៍ចុងក្រោយនេះ។ លោកនិយាយថាអត្រាអតិផរណាខ្ពស់ទំនងនឹងបន្តចូលទៅឆ្នាំក្រោយទៀត។
ក្រុមប្រឹក្សាភិបាលធនាគារកណ្ដាលអាមេរិកនឹងជួបប្រជុំនៅរយៈពេលពីរសប្ដាហ៍ខាងមុខ ដើម្បីពិភាក្សាវិធានការបន្ទាប់ដើម្បីជួយកាត់បន្ថយអតិផរណា។ លោកប៉ូវែល នៅពេលនោះគេអាចមានព័ត៌មានបន្ថែមអំពីផលប៉ះពាល់សុខភាពនៃវីរុសបម្លែងអូមីក្រុង ហើយថាតើវ៉ាក់សាំងនឹងបន្តប្រសិទ្ធភាពដែរឬទេ៕
ប្រភព៖ NPR