កម្ពុជាផ្តល់វ៉ាក់សាំង ៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំង ៣គ្រឿង ដល់រដ្ឋាភិបាល និងប្រជាជនឡាវ

ខេត្តស្ទឹងត្រែង ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់វ៉ាក់សាំងចំនួន ៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន ៣គ្រឿង ជាអំណោយសប្បុរសធម៌របស់ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនឡាវ នាព្រឹកថ្ងៃទី៣ ធ្នូ ឆ្នាំ២០២១នេះ នៅច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលកម្ពុជា-ណងណុកឃានឡាវ ស្ថិតក្នុងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ។

នៅក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំង ៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំង ៣គ្រឿងនោះ គណៈប្រតិភូ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយ លោក គីកែវ ខាតខាំភីធួង ឧបនាយករដ្ឋមន្ត្រី តំណាងឱ្យរដ្ឋាភិបាលប្រទេសឡាវ ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា កម្ពុជា និងឡាវ គឺមានចំណងមិត្តភាពជាប្រពៃណី ជាបងប្អូនដ៏យូរអង្វែងមកហើយ និង ក៏មានកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីនាំមកនូវសន្តិភាព មិត្តភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និងផលប្រយោជន៍ដល់ប្រជាជាតិទាំងពីរ ក៏ដូចជា នៅក្នុងតំបន់។ ឯកឧត្តម ថា ការចូលរួមវិភាគទានជាលើកទី៣ របស់កម្ពុជា នាពេលនេះ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសឡាវ ហើយក៏ជាការបង្ហាញនូវកាយវិការ មនោសញ្ចេតនាជាបងប្អូន និងសាមគ្គីភាពរបស់ប្រជាជនកម្ពុជា ជាមួយប្រជាជនឡាវ នៅក្នុងកាលៈទេសៈ ដែលពិភពលោកទាំងមូល កំពុងជួបបញ្ហាប្រឈម ដែលមិនធ្លាប់មានទេពីមុនមក ។

ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានសម្ដែងក្តីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា-ឡាវទាំងពីរ និងកាន់តែរីកចម្រើនរឹងមាំ នាំមកនូវសុខដុម និងវឌ្ឍនភាព សេដ្ឋកិច្ចសង្គមជានិរន្តរ៍ ដល់ប្រជាជាតិយើងទាំងពីរ ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍនៅក្នុងតំបន់ ។

ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ លោក គីកែវ ខាតខាំភីធួង បានថ្លែងថា ក្នុងនាមរដ្ឋាភិបាល និងប្រជាជនឡាវ លោកបានថ្លែងអំណរគុណ ដល់ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ជំនួយ ដ៏មានតម្លៃនេះ។ លោកថា ទោះបីជា ប្រទេសកម្ពុជា ទទួលរងនូវការរីករាលដាល នៃជំងឺកូវីដ១៩ ដូចគ្នា តែរាជរដ្ឋាភិបាលកម្ពុជា បានបែងចែកជំនួយដ៏មានតម្លៃមកដល់ រដ្ឋាភិបាល និងប្រជាជនឡាវ ដែលជំនួយនេះ បានបង្ហាញអំពីទំនាក់ទំនង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងនាមជាប្រទេស ជា ភូមិផង របងជាប់គ្នា ។

លោកឧបនាយករដ្ឋមន្ត្រីឡាវ បានបន្តថា ជំនួយទាំងនេះជាផ្នែកមួយដ៏សំខាន់ នៅក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ដែលប្រទេសឡាវ កំពុងតែប្រឈមមុខ នាពេលបច្ចុប្បន្ន ហើយ ជាពិសេស នឹងជួយការការពារដល់សហគមន៍ និងចាក់ជូនប្រជាពលរដ្ឋ ឲ្យបាន៥០ ភាគរយ នៅចុងឆ្នាំ២០២១នេះ ។ លោកបានចាត់ទុក ជំនួញទាំងនេះ ក៏នឹងចូលរួមឱ្យការត្រឡប់មកវិញ នូវការរស់នៅជាធម្មតា ជាប្រក្រតីភាពឡើងវិញ ក៏ដូចជា ការស្ដារសេដ្ឋកិច្ចឡើងវិញ ផងដែរ ។

គួរបញ្ជាក់ថា ការប្រកាសផ្តល់ជំនួយនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីឡាវ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយនៅពេលនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចផ្តល់វ៉ាក់សាំងស៊ីណូហ្វាក់ ចំនួន ៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន ៣គ្រឿង ជូនសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់នូវទឹកប្រាក់ចំនួន ១៣លានដុល្លារសហរដ្ឋអាមេរិកផងដែរ ក្នុងនោះ ៣លានដុល្លារជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និង ១០លានដុល្លារ ជាថវិការបស់សប្បុរសជន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នេះជាលើកទី៣ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយដល់ រដ្ឋាភិបាល និងប្រជាជនឡាវ។ នៅក្នុងខែវិច្ឆិកាឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ជាម៉ាស់ ២លានម៉ាស់ និងបរិក្ខារវេជ្ជសាស្ត្រចំនួន ១១មុខផ្សេងទៀត ជូនរដ្ឋាភិបាលឡាវ និងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា បានផ្តល់ជំនួយជាវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ចំនួន ២០ម៉ឺនដូស ដល់ឡាវផងដែរ នៅច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ខេត្តស្ទឹងត្រែងកម្ពុជា-ណងណុកឃាន ខេត្តចំប៉ាសាក់ឡាវ ៕ដោយ ៖ ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner