សម្ដេចតេជោ ណែរនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពង្រឹងយន្ដការសម្របសម្រួល ទប់ស្កាត់ដល់ការរើសអើង ប្រមាថ មាក់ងាយលើជនមានពិការភាព

ភ្នំពេញ ៖ យោងតាមសារលិខិត ក្នុងឱកាសទិវាជន មានពិការភាពកម្ពុជា លើកទី២៣ និងទិវាជនមានពិការភាពអន្ដរជាតិ លើកទី៣៦ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានកិត្តិយស ក្រុមប្រឹក្សាសកម្មភាពជនពិការ បានណែរនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពង្រឹងយន្ដការសម្របសម្រួល ទប់ស្កាត់ដល់ការរើសអើង ប្រមាថ មាក់ងាយលើជនមានពិការភាព។

សម្ដេចតេជោ បានណែនាំដល់អាជ្ញាធរ ត្រូវលើកកម្ពស់ការផ្ដល់ សេវាយុត្តិធម៌ ជូនជនមានពិការភាព ការធានាសមភាព យេនឌ័រ ភាពអង់អាចរបស់ស្ដ្រី មានពិការភាព និងក្មេងស្រីមានពិការភាព ចាំបាច់ទាមទារឲ្យមានការចូលរួម ពីគ្រប់ដៃគូរពាក់ព័ន្ធទាំងអស់ ។

សម្ដេចតេជោបន្ដថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ ឲ្យជនមានពិការ និង ក្រុមគ្រួសារ មានគុណភាព ជីវិតល្អ និងចូលរួមយ៉ាង សកម្មពេញលេញ ស្មើភាពគ្នាក្នុងសង្គម ដែលមានការគោរពសិទ្ធិនិង សេចក្ដីថ្លៃថ្នូរព្រមទាំង មានការធ្វើបរិយាបន្នពិការភាព ក្នុងគ្រប់វិស័យ និងការអភិវឌ្ឍ ។

សម្ដេចតេជោថ្លែងថា «ខ្ញុំ សូមស្នើដល់អាជ្ញាធរ មូលដ្ឋានពាក់ព័ន្ធទាំងអស់ ពង្រឹងយន្តការសម្របសម្រួលទប់ស្កាត់ដល់ការរើសអើង ការប្រមាថ មាក់ងាយលើជនមានពិការភាព ។ បន្ថែមលើសពីនេះ ទៀត ខ្ញុំសូមឲ្យមានការគិតវិភាគ ប្រភេទអាជីវកម្ម និងមុខរបរ ដែលសមស្របសម្រាប់ ជនមានពិការភាព ឆ្លើយតប តម្រូវការទីផ្សារ ដើម្បីធានានិរន្តភាពមុខរបរ និងអាជីវកម្ម ហើយបង្កើនការយល់ដឹង អំពីឱកាសក្លាយជាសហគ្រិនភាព ក្នុងការបង្កើតសាជីវកម្មនិង ការចាប់ផ្តើមធ្វើធុរកិច្ចដោយខ្លួនឯង»។

សូមបញ្ជាក់ថា បច្ចុប្បន្នជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ។ កន្លងទៅជនមានពិការភាពបានចូលបម្រើការងារក្នុងក្រសួងស្ថាប័នរដ្ឋ ចំនួន៣៧ សរុបមានជនមានពិការចំនួន ៣ ៦២១នាក់ ក្នុងនោះ ស្ត្រីមានពិការភាពចំនួន ៨១៥នាក់ ជនពិការកម្រិតធ្ងន់ចំនួន ២ ៣៧៣នាក់។

ដោយឡែកវិស័យឯកជន រួមមាន ៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ ដែលបានប្រកាសចុះបញ្ជីការជាមួយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទូទាំង ប្រទេសមាន ចំនួន២០៤គ្រឹះស្ថាន រោងចក្រ សហគ្រាស មានជនមានពិការភាព ចូលបម្រើការងារ ចំនួន៥ ២៣៥នាក់ ស្រ្តីមានពិការភាព ៣ ៣៨៩នាក់ សរុបទាំងស្ថាប័នរដ្ឋ និង វិស័យឯកជនទូទាំងប្រទេសមានចំនួនជន មានពិការភាព ៨ ៧៦៨នាក់ កំពុងបម្រើការងារ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner