ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការពិភាក្សា និងចរចាចំពោះកិច្ចការងារ និងមុខជំនួញផ្សេងៗ។ ប៉ុន្តែអំណោយផលនេះ ក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ កុំនិយាយស្តីពាក្យសំដីទាំងឡាយណា ដែលនាំឲ្យប៉ះពាល់ផលប្រយោជន៍ ឬការងាររបស់អ្នកដទៃ។ ក្នុងនោះការនិយាយដើម ការចែករំលែករឿងរ៉ាវនានាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ជាជម្រើសអវិជ្ជមានទាំងស្រុង ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ទេ គឺអ្នកនឹងជួបនឹងបញ្ហាដែលពិបាកដោះស្រាយជាក់ជាមិនខាន។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការធ្វើទំនាក់ទំនងតូចធំ ដូច្នេះសូមប្រើប្រាស់ពេលវេលាឲ្យបានល្អ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អ្នកមិនគួរបោះបង់គម្រោងរបស់ខ្លួន ហើយដេញចាប់យកការងារថ្មី ឬធ្វើសកម្មភាពដោយឡែកនោះទេ។ ពីព្រោះប្រសិនបើអ្នកចំណាយពេល និងយកចិត្តទុកដាក់ចំពោះការងារនៅក្នុងដៃនាពេលនោះ គឺលោកអ្នកនឹងធានាបាននៅភាគជោគជ័យ។ ក្រៅពីនេះ ហាមដាច់ខាតក្នុងការសម្រេចចិត្តដោយប្រញាប់ប្រញាល។ ក្នុងពេលនេះអ្នកអាចនឹងងាយទទួលឥទ្ធិពលពីខាងក្រៅច្រើន ដូច្នេះសូមគ្រប់គ្រងការគិតរបស់ខ្លួន ហើយជឿជាក់លើខ្លួនឯង។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅដោយរលូន និងជោគជ័យគួរឲ្យកត់សម្គាល់។ ផ្ទុយទៅវិញសូមរក្សាការងារនានាឲ្យនៅក្នុងស្ថានភាពធម្មតាសិន ពីព្រោះស្ថានភាពខាងក្រៅកំពុងមានការប្រែប្រួលខ្លាំង ដែលធ្វើឲ្យអ្នកអាចជួបនឹងផលលំបាក ឬត្រូវចំនាយពេលវេលាច្រើនក្នុងការប្រឈមទៅនឹងស្ថានភាពនោះ។ ក្នុងនោះដែរ អ្នកអាចជួបនឹងអារម្មណ៍ដែលមិននឹងហ្ន៎ ដូច្នេះគួរតែប្រើប្រាស់ពេលវេលាដើម្បីយល់ដឹងពីការងាររបស់ខ្លួនជាជាងស្តាប់មតិយោបល់ពីខាងក្រៅច្រើន។ លើសពីនេះ លោកអ្នកអាចស្វែងយល់ពីស្ថានភាពបានលឿន និងងាយដោះស្រាយបញ្ហា។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ អ្វីៗទាំងអស់នៅក្នុងថ្ងៃនេះនឹងទទួលបានជោគជ័យទាំងអស់ ដូច្នេះសូមកុំមានការព្រួយបារម្ភឡើយ។ លោកអ្នកគួរចាប់យកឳកាស ហើយបំពេញក្តីស្រមៃរបស់ខ្លួនក្នុងពេលនេះ។ ក្នុងនោះការបង្កើនមុខរបរ បណ្តាក់ទុន ឬធ្វើពិធិមង្គលនានានឹងបានចម្រើនណាស់។ អ្នកកំពុងមានមនុស្សចាំជួយទំនុកបម្រុង ដូច្នេះសូមចែករំលែកក្តីស្រលាញ់ និងសណ្តោសប្រណីចំពោះមនុស្សទាំងនោះផងដែរ។ ភាពស្មោះត្រង់របស់អ្នកជាយាន្តជូនដំណើរអ្នកឲ្យបានជោគជ័យ និងរក្សាភាពស្ថិតស្ថេរយូរអង្វែង។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាអំណោយផលក្នុងការធ្វើទំនាក់ទំនងជាមួយនៅជុំវិញខ្លួន ពិសេសមនុស្សក្នុងក្រុមការងារ។ លោកអ្នកអាចមានលទ្ធភាពបង្កើនកំរិតហិរញ្ញវត្ថុយ៉ាងមានប្រសិទ្ធភាពបំផុត។ នៅក្នុងថ្ងៃនេះអ្នកនឹងទទួលអារម្មណ៍ថារវល់ ឬតានតឹងច្រើនតាំងពីពេលព្រឹក ក៏ព្រោះតែទំងន់ការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។ ដូច្នេះយកល្អ អ្នកគួរសុំជំនួយ ឬចែករំលែកការងារខ្លះទៅកាន់មិត្តភក្តិរួមការងាររបស់អ្នក។ លើសពីនេះ ក្នុងពេលនេះលោកអ្នកមានលទ្ធភាពបំពេញការងារ និងបញ្ចេញមតិយោបល់ដោយមិនប្រទះនូវបញ្ហានោះទេ។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាល់កិច្ចការងារ និងបំណងប្រាថ្នារបស់អ្នកនឹងសម្រេចទៅបានទាំងអស់។ ក្នុងនោះសូមកុំមានក្តីបារម្ភទាក់ទងនឹងកិច្ចការងារ ព្រមទាំងមុខរបររបស់អ្នក ពីព្រោះអ្វីៗមានដំណើរការល្អប្រសើរណាស់។ ទន្ទឹមនឹងនោះសូមយកចិត្តទុកដាក់ចំពោះស្ថានភាពនៅជុំវិញខ្លួន មិនគួរឆ្លើយតបអ្វីធំដុំនោះទេ គួររក្សាលំនឹងទើបល្អ។ លើសពីនេះ ក្នុងពេលនេះអ្នកអាចនឹងទទួលបានដំណឹង ឬឳកាសច្រើនក្នុងការអភិវឌ្ឍន៍ការងារ ដូច្នេះសូមរក្សាអាកប្បកិរិយាជាពិសេស។ រាល់ការចូលរួមសកម្មភាពមិនមានប្រយោជន៍ និងករិះគន់នានា មិនគួរធ្វើនោះទេ។  

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ មុខរបរ និងកិច្ចការរបស់អ្នកស្ថិតក្នុងដំណាក់កាលប្រែប្រួលដែលធ្វើឲ្យអ្នកមានការលំបាកក្នុងការគ្រប់គ្រង និងសម្រេចទៅតាមក្តីប្រាថ្នាណាស់។ មនុស្សមួយចំនួនដែលនៅក្បែរអ្នកហាក់មិនចូលរួមគាំទ្រនឹងការសម្រេចចិត្ត ឬគំនិតយោបល់របស់អ្នកឡើយ។ បើទោះបីជាយ៉ាងនេះក្តី សូមអ្នករក្សាភាពសប្បុរសជានិច្ច ហើយបន្តការងារទាំងឡាយដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។ ក្រៅពីនេះ សូមលោកអ្នកប្រុងប្រយ័ត្នចំពោះទំនាក់ទំនងថ្មីៗ ពិសេសចំពោះករណីលុយកាក់។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារ​ និងរបររកស៊ីនានានឹងទទួលបានទិន្នផលល្អប្រសើរ។​​ ក្នុងនោះប្រសិនបើអ្នកមានបញ្ហាប្រទាក់ប្រឡាផ្នែកហិរញ្ញវត្ថុកន្លងមក ថ្ងៃនេះជាពេលវេលាល្អបំផុតក្នុងការដោះស្រាយ។ ចំពោះការបង្កើតមុនរបរថ្មី ឬការបណ្តាក់ទុនគឺអាចធ្វើទៅបានដោយមិនប្រទះនឹងបញ្ហាអ្វីឡើយ ដូច្នេះមិនបាច់ត្រូវព្រួយបារម្ភចំពោះដំណើរការនេះទេ។ ក្នុងពេលស្របគ្នា ចំពោះលោកអ្នកដែលប្រកបការងារដ្ឋឯកជន គឺអាចនឹងទទួលបានដំណឹងប្រែប្រួលខ្លះក្នុងការងារ ប៉ុន្តែមិនចាំបាច់ព្រួយបារម្ភអ្វីទេ គ្មានហេតុការណ៍លំបាកណាមួយយាយីការងារអ្នកទេ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលល្អសម្រាប់កិច្ចការងារណាស់ ហើយស្ថានភាពវិជ្ជមាននឹងកើតឡើងចំពោះការងាររបស់អ្នកយ៉ាងប្រាកដណាស់។ លោកអ្នកអាចធ្វើការបណ្តាក់ទុន ឬផ្លាស់ប្តូរការងារបាន ព្រោះអ្វីៗស្ថិតក្នុងគន្លងផ្លូវដ៏ត្រឹមត្រូវ និងរីកចម្រើន។  ប៉ុន្តែលោកអ្នកគួរចំណាយពេលវេលាបន្ថែមដើម្បីធ្វើទំនាក់ទំនងជាមួយមនុស្សក្នុងក្រុមការងារ ក៏ដូចជាថ្នាក់លើ។ ក្នុងនោះសូមមានចិត្តស្មោះត្រង់​ កុំបង្កើតកំហុសជាដាច់ខាត។ ដោយឡែក លោកអ្នកអាចនឹងទទួលបានដំណឹងដ៏រីករាយទាក់ទងនឹងជីវិតផ្ទាល់ខ្លួនផងដែរ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់លោកអ្នកកំពុងមានភាពរឹងស្ទះ ដូច្នេះលទ្ធភាពសម្រេចផលជាទីគាប់ចិត្តហាក់មិនទាន់អាចកើតឡើងនោះទេ។ ប៉ុន្តែទាំងនេះមិនមែនមានន័យថាអ្នកមិនអាចធ្វើអ្វីបាននោះទេ។ សូមអ្នកព្យាយាមមើលភាពប្រែប្រួលនៃរបត់ការងារ ហើយសម្រប កែប្រែគម្រោងផែនការរបស់អ្នកទៅតាមស្ថានភាពនោះ។ ក្នុងពេលនេះភាពរឹងរួស ការប្រកាន់គំនិតរបស់ខ្លួនខ្លាំងពេក មិនមែនជាជម្រើសល្អនោះទេ។ អ្នកគួរសម្របខ្លះ ឬមិនចាំបាច់ត្រូវបញ្ចេញយោបល់អ្វីច្រើនទេក្នុងពេលនេះ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះការគិត និងការសម្រេចចិត្តរបស់អ្នកស្ថិតក្នុងភាពវិជ្ជមានណាស់។ ក៏ប៉ុន្តែ អ្នកត្រូវមានការប្រុងប្រយ័ត្នខ្លាំងជាមួយនឹងការសម្រេចចិត្ត ឬអនុវត្តគម្រោងការងារ ពិសេសផ្នែកជំនួញ ពីព្រោះឳកាសចាញ់បោកគេ និងការខកចិត្តមានកំរិតខ្ពស់។  បើទោះបីជាយ៉ាងនេះក្តី សូមកុំអនុញ្ញាតឲ្យការសង្ស័យរបស់អ្នកបំផ្លាញគោលដៅ និងជំហានរបស់អ្នកឲ្យសោះ។ ប្រសិនបើអ្នកជួបបញ្ហាសូមកុំប្រថុយប្រថាន ពីព្រោះអ្នកអាចពឹងពាក់អាស្រ័យមនុស្សនៅក្បែរខ្លួនបាន។ ដោយឡែក សូមកុំចូលរួមក្នុងស្ថានភាពទ្វេរមុខ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបរនានាមានដំណើរល្អជាប្រក្រតី។ ក្នុងវេលានេះចូររក្សាអ្វីៗឲ្យស្ថិតក្នុងស្ថានភាពដដែលសិន ពីព្រោះការផ្លាស់ប្តូរអាចនឹងជួបបញ្ហារឹងស្ទះខ្លះដែលរំខានដល់ដំណើរការជោគជ័យ។ ក្នុងពេលនេះ មានស្ថានភាពខ្លះអាចរុញច្រានអ្នកឲ្យចេញពីគន្លងត្រឹមត្រូវ ដូច្នេះសូមរក្សាខ្លួនកុំទទួលយកឥទ្ធិពលពីខាងក្រៅ ត្រូវប្រយ័ត្នប្រយែងក្រែងកើតរឿងធំដល់ខ្លួន។ ចំពោះកិច្ចការងារនានាដែលអ្នកមិនច្បាស់ក្នុងចិត្ត សូមកុំសាក់ល្បងឲ្យសោះ។ ផ្ទុយទៅវិញ សូមប្រើប្រាស់ពេលវេលាឲ្យអស់លទ្ធភាព។ ការសម្រេចចិត្តទាំងឡាយ ក៏ត្រូវយោងទៅលើពត៌មានច្បាស់លាស់។ ដោយឡែក សូមលោកអ្នកប្រុងប្រយ័ត្នក្រែងមានជំងឺដង្កាត់យាយីដល់ខ្លួន។

ចំណាំៈ

ឆ្នាំទាំង៤ ជូត ថោះ ម្សាញ់ វក រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលយកលាភសំណាង ប្រាក់កាស ព្រមទាំងឳកាសក្នុងការងារ។ លើសពីនេះដំណឹងល្អទាក់ទងនឹងជិ​វិតផ្ទាល់ខ្លួនក៏នឹងកើតឡើងផងដែរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner