រដ្ឋមន្ត្រីការបរទេសចិនរំលឹកឡើងវិញនូវការគាំទ្រកម្ពុជាយ៉ាងពេញទំហឹង ក្នុងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២

ភ្នំពេញ ៖ ខណៈដែលកម្ពុជានឹងចូលកាន់តំណែងជាប្រធានអាស៊ាន នៅឆ្នាំ២០២២ នាពេលឆាប់ៗនេះ ឯកឧត្តម ប្រាក់ សុខុន បានជម្រាបជូនសមភាគីចិនអំពីមូលបទរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២ គឺ«អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ក៏ដូចជាអាទិភាពសំខាន់ៗ រួមមាន ភាពចាំបាច់ក្នុងការពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន ការជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

ឯកឧត្តម ប្រាក់ សុខុន ក៏បានអបអរសាទរមិត្តចិន ដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង នៅឆ្នាំ២០២២ ហើយសូមជូនពរឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។ រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក លើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម រួមទាំងការវិវត្តសភាពការណ៍ថ្មីៗនៅប្រទេសមីយ៉ាន់ម៉ា។

ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានរំលឹកឡើងវិញនូវការគាំទ្រកម្ពុជាយ៉ាងពេញទំហឹង ក្នុងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ និងអបរអរសាទរកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដោយជោគជ័យ។

តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៣ ដល់៥ ខែធ្នូ ឆ្នាំ២០២១។ ក្នុងឱកាសបំពេញទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានជួបពិភាក្សាទ្វេភាគី ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗជាច្រើន ដូចជា ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសាកលកូវីដ-១៩ ការវិនិយោគ ពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខ ការអប់រំ កសិកម្ម និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងលើវឌ្ឍនភាពជាលំដាប់ នៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយបានអះអាងជាថ្មីក្នុងការលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍វាសនារួម សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេស និងប្រជាជនទាំងពីរ។

ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តនូវការរីកចម្រើននៃពាណិជ្ជកម្មទ្វេភាគី ក្នុងអំឡុងពេលនៃជំងឺរាតត្បាតសាកលកូវីដ-១៩។ ភាគីទាំងពីរក៏បានសម្តែងការអបអរសាទរការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់នៅដើមឆ្នាំក្រោយ ហើយបានប្តេជ្ញាចិត្តនឹងទាញយកប្រយោជន៍ឱ្យបានច្រើនពីកិច្ចព្រមព្រៀងទាំងពីរខាងលើ ដើម្បីជំរុញពាណិជ្ជកម្មទេ្វភាគីរវាងប្រទេសទាំងពីរឱ្យដល់១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣។

ឯកឧត្ដម ប្រាក់ សុខុន ក៏បានសម្តែងការអរគុណចំពោះការប្តេជ្ញាចិត្តរបស់មិត្តចិន ក្នុងការបង្កើនការនាំចូលកសិផលកម្ពុជាចូលទៅកាន់ទីផ្សារចិនឱ្យបានកាន់តែច្រើនថែមទៀត។ ឯកឧត្ដម ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីនូវការកោតសរសើរបស់កម្ពុជា ចំពោះការផ្តល់ជំនួយអភិវឌ្ឍន៍របស់មិត្តចិន ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេស ការផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រ និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលចាំបាច់សម្រាប់កម្ពុជា ក្នុងការគ្រប់គ្រងបាននូវការរាតត្បាតនៃជំងឺកូវីដ-១៩។ ជាការឆ្លើយតប ឯកឧត្តម វ៉ាង យី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តផ្តល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងការគាំទ្រឱ្យបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ នៅក្នុងកម្ពុជាផងដែរ។

រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានកោតសរសើរនូវវឌ្ឍនភាពនៃការអនុវត្តគម្រោងក្រោមកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ បើទោះបីជាមានការរំខានបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។ ឯកឧត្តម វ៉ាង យី បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ចិនចំពោះគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងដទៃទៀត ក៏ដូចជាកិច្ចខំប្រឹងប្រែងក្នុងការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺ កូវីដ-១៩ របស់កម្ពុជា។ ឯកឧត្តម បានអះអាងថា ចិននឹងជួយលើកទឹកចិត្តទេសចរ និងវិនិយោគិនចិន ឱ្យមកកម្ពុជា និងពិចារណាបើកជើងហោះហើរផ្ទាល់ទាំងអស់ រវាងប្រទេសទាំងពីរ ក៏ដូចជាការសម្របសម្រួលឱ្យមានការវិលត្រឡប់របស់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិនវិញ។

ចំពោះកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពគ្នា ពន្លឿនការអនុវត្តផែនការសកម្មភាពរយៈពេល៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២)។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការអរគុណដល់មិត្តចិន ដែលបានឯកភាពផ្តល់ហិរញ្ញប្បទានលើគម្រោងចំនួន៦៧ នៅកម្ពុជា ដែលមានតម្លៃសរុប ២៦លានដុល្លារអាមេរិក។ ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសំខាន់ៗ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិន ក្នុងរយៈពេល៣០ឆ្នាំកន្លងមក។ រដ្ឋមន្ត្រីការបរទេសទាំងពីរពេញចិត្តចំពោះភាពជោគជ័យ នៃការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិន ដែលបានប្រកាសជាផ្លូវការអំពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-ចិន។

មុនបញ្ចប់កិច្ចប្រជុំទ្វេភាគី រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពី «ការត្រួតពិនិត្យអនាម័យសត្វ និងភូតគាមអនាម័យ និងសុវត្ថិភាពចំណីអាហារ» រវាងកម្ពុជា និងចិន ផងដែរ៕

ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner