នគរបាលខណ្ឌឬស្សីកែវ បង្ក្រាបករណីកាច់សោរកម៉ូតូ ឃាត់ខ្លួនបានជនសង្ស័យ ២នាក់

ភ្នំពេញ៖ តាមការបញ្ជាក់ពីលោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ថា កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (យកដែកឆ្កឹះសោរម៉ូតូម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FM 8195) នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១២ និង ៣០នាទីត្រង់ចំណុចផ្លូវបេតុង ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។

មន្ត្រីនគរបាលខណ្ឌ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ភា សុខគីម ភេទ ស្រី អាយុ ៤២ឆ្នាំ មុខរបរ កាត់ដេរ មានទីលំនៅផ្ទះលេខ១២១៥ ផ្លូវបេតុង ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ។ ចំណែកជនសង្ស័យទី១.ឈ្មោះ សម្បត្តិ ដារ៉ូ ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវ លំ ក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ទី២. ឈ្មោះ ហៃ ស្រីនាង ភេទ ស្រី អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដមានទីលំនៅផ្ទះជួល ផ្លូវ លំ ក្រុមទី ១ ភូមិ បាក់ទូក សង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សម្ភារៈវត្ថុតាងរួមមាន៖

  • ម៉ូតូ០១ គ្រឿងម៉ាក Honda Air Black ពណ៌ ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1C 16 48 ។

សមត្ថកិច្ចបានបន្តថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១២:៣០នាទី ជនរងគ្រោះបានជិះម៉ូតូម៉ាកខាងលើ មកពីកន្លែងធ្វើការ ហើយទុកនៅខាងមុខផ្ទះដោយបានចាក់សោរករត្រឹមត្រូវ រួចក៏ចូលទៅហូបបាយនៅក្នុងផ្ទះ។ បន្ទាប់មកស្រាប់តែមានជនសង្ស័យ០២នាក់ស្រី០១នាក់ និងប្រុស០១នាក់ ជិះម៉ូតូម៉ាក STEP ពណ៌ក្រហម បានធ្វើសកម្មភាពយកដែកឆ្កឹះសោរករម៉ូតូម៉ាកខាងលើពេលនោះ ជនរងគ្រោះលឺសម្លេងកាច់ករម៉ូតូ ក៏ចេញមកឃើញជនសង្ស័យ កំពុងតែជិះម៉ូតូរបស់ខ្លួនចេញទៅ ហើយក៏បានស្រែកថាចោរៗ បណ្ដាលឱ្យផ្អើលឆោរឡោរដល់អ្នកជិតខាង តែមិនមានអ្នកជួយដេញតាមទេ។ បន្ទាប់មកជនរងគ្រោះ បានឡើងមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២។ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ សមត្ថកិច្ចជំនាញខណ្ឌ-ប៉ុស្ដិ៍ បានបើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញាឈានដល់ការបង្ក្រាបនឹងឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់នៅចំណុចផ្លូវលំ ក្រុមទី១ ភូមិ បាក់ទូក សង្កាត់ ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ យកមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ដើម្បីសាកសួរ ។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបានខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕ ដោយ៖ ប៊ុនធី និងវណ្ណលុក

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner