ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានដង្ហែមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ តាមជើងហោះហើរពិសេសពីសាធារណរដ្ឋបារាំង

ភ្នំពេញ៖ ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដង្ហែមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ តាមជើងហោះហើរពិសេស ពីសាធារណរដ្ឋបារាំងនៅវេលាម៉ោង១២:១០នាទីថ្ងៃអាទិត្យ ទី៥ ខែធ្នូឆ្នាំ២០២១នេះ ។

អញ្ជើញទទួលព្រះសពដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ រួមមានសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋ មន្រ្តីក្រសួងព្រះបរមរាជវាំង ។ ព្រមទាំងរាជវង្សានុវង្ស និង មន្រ្តីគណបក្សហ្វុនស៊ីនប៉ិច ដែលស្វាមីភក្តិចំពោះព្រះអង្គ ជាច្រើនរូប ។ ព្រះសព ព្រះអង្តត្រូវ បានដង្ហែមកតម្កល់ធ្វើបុណ្យថ្វាយតាមព្រះរាជបវេណីតាមគន្លងព្រះពុទ្ធសាសនានៅក្នុងព្រះដំណាក់សម្តេច នាវិថីសម្តេចប៉ាន រាជធានីភ្នំពេញ (ព្រះដំណា ក់ចាស់) ។

គួររំលឹកថាសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គតក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង៣:៤០នាទីរសៀលម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។

ព្រះអង្គព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នៅរាជធានីភ្នំពេញទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ។

ទន្ទឹមនឹងនេះស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល បានចេញនូវសារលិខិតរំលែកមរណ:ទុក្ខ ដ៏ក្រៀមក្រំ ដោយបានសម្តែងការសោកស្តាយចំពោះការចូលព្រះទីវង្គត របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើម១ រូប ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានបូជាអស់ព្រះកាយពលដើម្បីបុព្វហេតុការពារជាតិ សាសនា និងព្រះមហាក្សត្រ ។

ជាងនេះទៅទៀតប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញនូវសារាចរណែនាំដោយបានប្រកាសកំណត់ យកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ ជាថ្ងៃ កាន់ទុក្ខជាផ្លូវការ គ្រប់ក្រសួងស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីអារាមព្រមទាំងប្រជាជនទូទាំងប្រទេសត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដង នៃដងទង់ជាតិ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិ និងឯកជន ទាំងអស់ត្រូវផ្អាកការសម្តែង និងចាក់ផ្សាយទូរទស្សន៍នូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេងនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១។

យោងតាមលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ បានបញ្ជាក់ថា ក្រសួងរដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ សរុបចំនួន៥២ នឹងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី ៦ និងទី ៧ ខែធ្នូ ឆ្នាំ ២០២១។

សូមជម្រាបថា ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅព្រះរាជតំណាក់ ស្ថិតនៅផ្លូវសម្តេចប៉ាន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជ ធានីភ្នំពេញ រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ ៕ ដោយ៖ គ្រី សម្បត្តិ

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner