ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ច្រានចោលចំពោះការអត្ថាធិប្បាយបង្កការភ័ន្តច្រឡំរបស់អ្នកនាំពាក្យ OHCHR

ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងហ្សឺណែវ បានច្រានចោលទាំងស្រុងចំពោះការអត្ថាធិប្បាយបង្កការភ័ន្តច្រឡំ មានលក្ខណៈនយោបាយូបនីកម្ម ជ្រើសរើសតែមួយជ្រុង និងបុរេវិនិច្ឆ័យ របស់លោក Rupert Colville អ្នកនាំពាក្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ទាក់ទិនការស៊ើបអង្កេតលើជនសង្ស័យពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម និងបុគ្គលមួយចំនួនតូច។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបានឆ្លើយតបនូវចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១. អាជ្ញាធរកម្ពុជា ពុំដែលព្រងើយកន្តើយចំពោះសេចក្តីរាយការណ៍អំពីឧក្រិដ្ឋកម្មណាមួយនោះទេ។ ការស៊ើបអង្កេតយ៉ាងហ្មត់ចត់ដោយផ្ទៀងផ្ទាត់ជាមួយភស្តុតាង និងសាក្សី បានឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ ដែលក្រោយមកបានឆ្លើយសារភាពពីការប្រព្រឹត្តបទល្មើស។ ប្រសិនបើការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សមានភស្តុតាងដោះបន្ទុករឹងមាំ ការិយាល័យឧត្តមស្នងការត្រូវបានស្វាគមន៍ឱ្យបញ្ជូនភស្តុតាងទាំងនោះទៅកាន់អាជ្ញាធរកម្ពុជាដែលមានសមត្ថកិច្ច ដើម្បីផ្ទៀងផ្ទាត់ ដោយអនុលោមតាមវិធានដែលមានចែង។ កិច្ចសហប្រតិបត្តិការពិតប្រាកដ ដែលគ្មានរបៀបវារៈលាក់កំបាំងត្រូវបានរំពឹងទុកថា នឹងទទួលបានពីទីភ្នាក់ងារទាំងអស់របស់អង្គការសហប្រជាជាតិ ដែលមានតួនាទីជួយគាំទ្រមិនមែនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកនោះទេ។
២. ការនិយាយយោងរបស់អ្នកនាំពាក្យរូបនេះ ទៅលើសាវតារនយោបាយរបស់ជនជាប់ចោទបង្ហាញពីការប៉ុនប៉ងម្តងហើយម្តងទៀត ដើម្បីធ្វើនយោបាយូបនីកម្មលើករណីទាំងនេះ។ ការចូលរួមជាមួយគណបក្ស នយោបាយ មិន មែនជា អាជ្ញាប័ណ្ណ សម្រាប់ល្មើស ច្បាប់ ដោយ និទណ្ឌភាពឡើយ។ នៅប្រទេសកម្ពុជា បុគ្គលរងការចោទប្រកាន់ ដោយផ្អែកលើមូលដ្ឋាននៃបទល្មើសដែលកំណត់ដោយច្បាប់ ពុំមែនដោយសារពួកគាត់ជានរណានោះទេ។ ក្រមព្រហ្មទណ្ឌកម្ពុជាត្រូវបានតាក់តែងដោយមានជំនួយរបស់អ្នកជំនាញមកពីបស្ចិមលោក។ មានករណីជាច្រើនដែលបង្ហាញថា បុគ្គលគាំទ្របក្សកាន់អំណាច ក្នុងករណីបំពានច្បាប់ ត្រូវបានផ្តន្ទាទោស ដោយច្បាប់ និងតុលាការដូចគ្នា។ ជនជាប់ចោទមានឱកាសពេញលេញទទួលបានការជំនុំជម្រះ រួមទាំងសិទ្ធិទទួលបានមេធាវី ដើម្បីបង្ហាញទឡ្ហីករណ៍ និងដាក់ភស្តុតាងដោះបន្ទុក ដែលជាផ្នែកមួយនៃសិទ្ធិទទួលបានការជំនុំជម្រះត្រឹមត្រូវ។ ដំណើរការយុត្តិធម៌ព្រហ្មទណ្ឌត្រូវតែវិវឌ្ឍទៅមុខ ដោយគ្មានការរារាំង។
៣. ជំនួសឱ្យការផ្តោតទៅលើកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យមួយ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស គួរចំណាយធនធានតិចតួចរបស់ខ្លួន ទៅលើបញ្ហាប្រឈមសិទ្ធិមនុស្សដែលមាននិន្នាការគួរឱ្យព្រួយបារម្ភ ដូចជា ការប្រើប្រាស់ភាសាសម្អប់ ការនិយាយបង្កាច់បង្ខូច ការផ្សាយព័ត៌មានមិនពិត និងការញុះញង់ រួមទាំងការរើសអើងវ៉ាក់សាំងកូវីដ-១៩ ដែលពួនជ្រកក្រោមស្លាកសេរីភាពនៃការបញ្ចេញមតិ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបានបញ្ជាក់ថា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ចាំបាច់ត្រូវបំពេញអាណត្តិរបស់ខ្លួនដោយអនុលោមតាមសេចក្ដីសម្រេចចិត្ត (លេខ A/RES/48/141) ដែលបានបង្កើតស្ថាប័ននេះឡើង និងបានកំណត់ឱ្យការិយាល័យសិទ្ធិមនុស្សនេះ អនុវត្តមុខងាររបស់ខ្លួនក្នុងវិសាលភាពនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងមានកាតព្វកិច្ចគោរពអធិបតេយ្យភាព និងដែនយុត្តាធិការក្នុងស្រុករបស់រដ្ឋនីមួយៗ។ មានតែការអនុវត្តដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់បានត្រឹមត្រូវចំពោះពិធីសារខាងលើតែប៉ុណ្ណោះ ដែលនឹងអនុញ្ញាតឱ្យបណ្ដារដ្ឋសមាជិកទាំងអស់ និយាយជារួម និងប្រទេសកម្ពុជា និយាយដោយឡែក រក្សាបាននូវទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជាមួយយន្តការនេះ៕
ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner