ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើកិច្ចការនានាបានដោយមិនមានអ្វីជំទាស់ ហើយមិនបាច់រកមើលកាលទេសនោះទេ ពេលណាក៏អ្នកអាចាប់ផ្តើមបានដែរ។ ចំពោះលោកអ្នកធ្វើការរាជការ និងឯកជននឹងអាចទទួលបានដំណឹងល្អទាក់ទងនឹងឳកាសការងារដ៏រីករាយនៅរវាងចុងបញ្ចប់ការងារល្ងាចនេះ។ ចំណែកអ្នកប្រកបអាជីវកម្មនឹងទទួលបានប្រាក់ចំណេញដែលស្ថិតស្ថេរផងដែរ។ ក្នុងនោះដែរ​ លោកអ្នកគួរយកចិត្តទុកដាក់ ពិភាក្សាការងារ ផ្តោះប្តូរយោបល់ខ្លះជាមួយថា្នក់ដឹកនាំទើបប្រសើរ។​ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការស្វែងយល់ និងដោះស្រាយបញ្ហា។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាធម្មតា។ ក្នុងថ្ងៃនេះលោកអ្នកអាចសម្រេចចិត្តរក្សា ឬផ្លាស់ប្តូរកិច្ចការងារតាមក្តីប្រាថ្នា ហើយលទ្ធផលដែលទទួលបានគឺជាលទ្ធផលវិជ្ជមាន ដូច្នេះមិនគួរមិនកង្វល់ចំពោះករណីនេះទេ។ ក្រៅពីនេះ សូមមានចិត្តសណ្តោស អធ្យាស្រ័យឲ្យបានខ្ពស់ និងកុំពាក់ព័ន្ធបញ្ហារបស់អ្នកដទៃ បើទោះជាមនុស្សដែលអ្នកស្គាល់ច្បាស់ក៏ដោយ។ ក្រៅពីនេះអ្នកមានលទ្ធភាពធ្វើឲ្យមនុស្សជាច្រើនជឿទុកចិត្ត និងជ្រោមជ្រែងដល់ការងាររបស់អ្នក។ ក្នុងនោះសូមមានការប្រុងប្រយ័ត្នចំណោះការចុះហត្ថលេខា។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ មុខរបររកស៊ី និងការងាររបស់អ្នកពិបាកក្នុងការទទួលបានផលតាមក្តីបំណង។ មតិរិះគន់ និងគំនិតយោបល់អវិជ្ជមានជាច្រើននឹងរំខានដល់ទឹកចិត្តរបស់អ្នកខ្លាំង ហេតុដូច្នេះសូមប្រុងប្រយ័ត្ន ធ្វើយ៉ាងណាកុំឲ្យខ្លួនឯងរងផលប៉ះពាល់ពីគំនិតយោបល់ពីខាងក្រៅខ្លាំងពេក។ សូមព្យាយាមចំណាយពេលវេលាធ្វើការ ទទួលខុសត្រូវឲ្យបានខ្ពស់ និងប្រឹងប្រែងស្វែងរកប្រភពពត៌មានផ្សេងៗដើម្បីសម្រួលដល់ស្ថានភាពនេះ។ ក្រៅពីសូមលោកអ្នកកុំចូលរួមការពិភាក្សាលើចំណុចផ្សេងពីការងារ ពីព្រោះកំហុសធ្វើឲ្យអ្នកបាត់បង់ជំនឿចិត្តពីមនុស្សរួមក្រុម។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកប្រព្រឹត្តិទៅល្អប្រសើរណាស់។ ចំពោះស្ថេរភាពហិរញ្ញវត្ថុគឺកំពុងតែមានសញ្ញាណនៃភាពរីកចម្រើន។ ដោយឡែក សូមព្យាយាមធ្វើការដោយខ្លួនឯង ហើយមិនចាំបាច់ត្រូវយកចិត្តថ្លើមអ្នកណានោះទេ ពីព្រោះបើទោះអ្នកខំប្រឹងធ្វើល្អយ៉ាងណា ទំនាក់ទំនងមួយចំនួនរបស់អ្នកអាចនឹងមើលឃើញក្នុងគំនិតអវិជ្ជមានទៅវិញ ដូច្នេះសូមគ្រប់គ្រងការនិយាយស្តី។ លើសពីនេះ ការបាត់បង់ជំនឿចិត្តលើខ្លួនឯងហាក់កំពុងមានកំរិតកើនឡើង ដូច្នេះសូមកែលម្អវាជាថ្មី។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររបស់អ្នកមានដំណើរការយ៉ាងរលូន ព្រមទាំងមានមនុស្សជាច្រើនគាំទ្រ។ ប្រសិនបើអ្នកមិនអាចសម្រេចចិត្តក្នុងកិច្ចការអ្វីមួយសូមពន្យាពេលសិន និងរកមនុស្សពិភាក្សាជាជាងឆេវឆាវ ប្រថុយប្រថាន។ លើសពីនេះ គួរធ្វើទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្ម ហើយព្យាយាមចង្អុលបង្ហាញគោលគំនិតដ៏រឹងមាំត្រឹមត្រូវរបស់អ្នក។ ក្រៅពីនេះលោកអ្នករំពឹងថានឹងទទួលបានដំណឹងចំពោះកិច្ចការងារដែលអ្នកបានរងចាំយូរណាស់មកហើយ ប៉ុន្តែក្នុងពេលស្របគ្នាសូមលោកអ្នកគ្រប់គ្រងការនិយាយស្តីឲ្យបានក្នុងកំរិតអតិបរមា ប្រយ័ត្នការបង្កើតកំហុស។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ទំនាក់ទំនងជាមួយដៃគូ និងការបញ្ចប់កិច្ចប្រតិបត្តិការពាណិជ្ជកម្ម ហើយផលចំណេញ និងភាពចម្រើនលូតលាស់ក៏នឹងកើតឡើងស្របគ្នាផងដែរ។​ ប៉ុន្តែដើម្បីធានាដល់ភាពរីកចម្រើនេះ សូមលោកអ្នកយកចិត្តទុកដាក់ក្នុងការបំពេញការងារ ធ្វើយ៉ាងណាកុំបន្សល់ការងារច្រើននៅលើតុរបស់អ្នក។ ក្រៅពីនេះ ចំពោះអាជីករ លោក្នកទទួលបានឪកាសល្អៗ ក៏ដូចជាទទួលបនាផលចំណេញច្រើនពីមុខរបរ។ លោកអ្នកមានពេលវេលាច្រើនក្នុងការអនុវត្តផែនការ ដូច្នេះអ្នកមិនគួរធ្វើខ្លួនឲ្យមមាញឹក ឬធ្វើការដោយប្រញាប់ប្រញាលនោះទេ។  ​

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះទាមទារឲ្យអ្នកមានក្តីអត់ធ្មត់ខ្ពស់ ពីព្រោះអ្នកអាចនឹងទទួលបានពត៌មានដែលមិនចាំបាច់មួយចំនួនមុនពេលល្ងាច។ ដោយឡែក ការងារទាំងអស់គឺអាចធ្វើទៅបាន គ្រាន់តែផលដែលអ្នករំពឹងទុកមិនសមតាមក្តីប្រាថា្ននៅពេលនេះ។ សូមពង្រឹងលទ្ធភាពក្នុងការគ្រប់គ្រង ឬដឹកនាំ ដើម្បីទទួលបានការចាប់អារម្មណ៍ និងកិច្ចសហការពីមិត្តរួមការងារ ឬមនុស្សដែលនៅក្បែរ។ ក្រៅពីនេះ អ្នកមិនអាចធ្វើអ្វីដោយគ្មានពត៌មានច្បាស់លាស់ ឬអំណះអំណាងរឹងមាំនោះទេ។ ដោយឡែក បើទោះស្ថានភាពថ្ងៃនេះហាក់លំបាកបន្តិចក្តី លោកអ្នកនឹងអាចជំនះវាបានដោយងាយស្រួល។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់កិច្ចទំនាក់ទំនងតូចធំ។ លោកអ្នកអាចធ្វើការផ្លាស់ប្តូរទីកន្លែងការងារ ឬរក្សាស្ថានភាពការងារឲ្យនៅដដែលបាន ពីព្រោះលទ្ធផលគឺមានភាពដូចគ្នា។ ប៉ុន្តែសូមកុំបែងចេញពីក្រុម គួរចូលរួមគ្រប់សកម្មភាពនានា បញ្ចេញយោបល់ ឬធ្វើការចែករំលែកចំណេះដឹងជាមួយមនុស្សរួមក្រុម។ ប្រសិនបើអាចធ្វើបាន អ្នកនឹងធានាថាទទួលបានភាពចម្រើនលូតលាស់កាន់តែប្រសើរ។ ដោយឡែក ទិសភោគទ្រព្យរបស់អ្នក គឺទិសបស្ចឹម។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រយៈពេលនេះមានអំណោយផលយ៉ាងខ្លាំងសម្រាប់លោកអ្នកដែលធ្វើការទាក់ទងលើការងារតូចធំ បើទោះបីជាការងារដែលធ្លាប់មានការលំបាកក្តី។ ក្នុងស្ថានភាពខ្លះ អ្នកអាចមានការសង្ស័យចំពោះជំហានដែលខ្លួនកំពុងអនុវត្ត ប៉ុន្តែសូមបោះបង់ការសង្ស័យលើសមត្ថភាពរបស់ខ្លួន ពីព្រោះលោកអ្នកមានលទ្ធភាពពពេញលេញបំពេញក្តីស្រមៃនៃភាពជោគជ័យរបស់ខ្លួន។ ដោយឡែក ប្រសិនជាលោកអ្នកធ្វើការទាក់ទងនឹងសិល្បៈគឺកាន់តែប្រសើរ។ ក្រៅពីនេះ សូមកុំឆ្លើយតបនឹងការវាយប្រហាររបស់មិត្តរួមការងារ និងអតិថិជនឡើយ ពីព្រោះទាំងនេះជាស្ថានភាពបណ្តោះអាសន្នប៉ុណ្ណោះ។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់អ្នកដំណើរការទៅដោយល្អ។ មនុស្សជាច្រើនដែលនៅជុំវិញអ្នកមានសេចក្តីជឿទុកចិត្ត នឹងអាចជួយយកអាសារអ្នកបាន។ ប៉ុន្តែក្នុងពេលស្របគ្នា ក៏គួរចំណាយពេលវេលាគិតគូរដល់ទឹកចិត្តមនុស្សដែលនៅក្បែរអ្នកផងដែរ។ ចំពោះការលំបាកខ្លះអាចនឹងកើតឡើង ដូច្នេះសូមដោះស្រាយបញ្ហាតាមលំដាប់ ដាច់ខាតកុំដោះស្រាយបញ្ហាច្រើនក្នុងពេលតែមួយ។ ក្នុងនោះ សូមព្យាយាមបង្កើនទំនាក់ទំនងជាមួយថ្នាក់លើ ពីព្រោះអ្នកកំពុងបាត់បង់ប្រជាប្រិយភាព ឬការទទួលស្គាល់ព្រោះតែគំលាត។ លើសពីនេះ សូមប្រើប្រាស់ពេលវេលាឲ្យបានល្អ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។  អាជីពនានានៅក្នុងថ្ងៃនេះមិនសូវជាមានភាពប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់នោះទេ។ ប៉ុន្តែលោកអ្នកមានលទ្ធភាពគ្រាន់បំពេញកាតព្វកិច្ច និងធ្វើឲ្យការងារទាំងនោះបានសម្រេចដោយងាយស្រួល។ ក្នុងនោះលោកអ្នកមិនចាំបាច់រងចាំ់ឪកាសបន្តទៀតនោះទេ ដោយសារថ្ងៃនេះផ្តល់ជូនឪកាស និងស្ថានភាពវិជ្ជមានរាល់ភារកិច្ចទាំងអស់។ ដោយឡែកការធ្វើដំណើរផ្លូវឆ្ងាយ សូមប្រុងប្រយ័ត្នឲ្យខ្ពស់បំផុត ប្រសិនបើមិនមានភាពចាំបាច់គួរតែផ្អាកសិនទើបជាការប្រសើរ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីអាជីពថ្ងៃនេះនឹងផ្តល់ជូនលោកអ្នកនូវអំណោយផលគ្រប់ភារកិច្ចការងារ។ លោកអ្នកនឹងមិនជួបការលំបាកណាមួយទាក់ទងនឹងការងារ ឬការធ្វើទំនាក់ទំនងឡើយ។​ អាស្រ័យហេតុនេះសូមលោកអ្នកបង្ហាញចេញការងារ ដែលបានគ្រោងទុក ចាប់ផ្តើមបោះជំហានលើមុខរបរដែលបានបង្កើតឡើងជាដើម។ ក្នុងពេលនេះ អ្វីដែលលោកអ្នកគួរយកចិត្តទុកដាក់បំផុត គឺកុំផ្សព្វផ្សាយពត៌មានសំងាត់របស់ការងារ កុំមានការជឿជាក់ហួសហេតុ និងគួរតែចំណាយពេលខ្លះពិនិត្យលើភាពប្រែប្រួលនានាដែលបានកើតឡើង។ ចំពោះអាជីវករ ផលចំណេញក្នុងថ្ងៃនេះមានកំរិតខ្ពស់ណាស់ ដូច្នេះចូរគ្រប់គ្រងទឹកចិត្តអតិថិជន។

ចំណាំៈ

ឆ្នាំទាំង៦ ជូត ថោះ រោង ម្សាញ់ វក កុរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានឳកាសពិសេសៗក្នុងការអភិវឌ្ឍន៍ការងារ។ ក្នុងនោះលុយកាក់ និងលាភសំណាងនានានឹងកើតឡើងផងដែរ។  ​

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner