អាជ្ញាធរខេត្តកំពង់ឆ្នាំង បើកយុទ្ធនាការក្ដៅគគុក ដកហូតដីព្រៃលិចទឹក និងដីគម្របព្រៃឈើរបស់រដ្ឋ ដែលបំពានដោយជនខិលខូចកន្លងមក

ខេត្តកំពង់ឆ្នាំង ៖ កាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២១ អភិបាលរងខេត្តកំពង់ឆ្នាំង លោក សាន់ យូ បានដឹកនាំកម្លាំងចម្រុះជាច្រើននាក់ចុះឃាត់គ្រឿងចក្រដែលកំពុងឈូសឆាយដីគម្របព្រៃឈើរបស់រដ្ឋឆ្នាំ២០០២ យកធ្វើជាកម្មសិទ្ធិឯកជន ។

ដីគម្របព្រៃឈើជាច្រើនហិតា ដែលក្រុមជនល្មើសបានឈូសឆាយ រុករានទន្ទ្រានយកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិគ្រាំងស្គារ ខាងត្បូង ឃុំគ្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបានដកហូត យកមកទុកជាសម្បត្តិរដ្ឋវិញហើយ ។

នាយខ័ណ្ឌរដ្ឋបាលព្រៃឈើស្ដីទី លោក ពា គឹមហេង បានឲ្យដឹងនៅព្រឹកថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២១ នេះថា ដីគម្របព្រៃឈើរបស់រដ្ឋឆ្នាំ២០០២ដែលត្រូវក្រុមជនល្មើសធ្វើការរុករានទន្ទ្រានឈូសឆាយយកធ្វើជាកម្មសិទ្ធិឯកជន មានចំនួន ៦១ហិតាត្រូវបានប្រមូលយកមកដាក់ជាសម្បត្តិរបស់រដ្ឋវិញ គឺគិតត្រឹមតែដីដែលបានភ្ជួររួចហើយ ។

ក្នុងនោះលោកបានបញ្ជាក់ឲ្យដឹងទៀតថា ជាវិធានក្រុមការងារ និងបន្តការស្រាវជ្រាវទៀតថា តើការទិញ និងលក់ដីពីខាងណា ហើយមានលិខិតអនុញ្ញាតដែរឬអត់ព្រោះថា ដីទាំងអស់នេះ កាលពីសម័យយុវជនចុះវាស់វែងដីធ្លីមិនបានវាស់វែងឲ្យទៅខាងណានោះឡើយ ។ ដោយឡែកកន្លែងខ្លះប្រជាពលរដ្ឋរស់នៅអាស្រ័យផលប៉ុន្មានក៏ត្រូវធ្វើការស្រាវជ្រាវឡើងវិញដែរដើម្បីកំណត់ឲ្យដឹងច្បាស់ពិតប្រាកដ ។

ក្នុងនោះអាជ្ញាធរខេត្ត នឹងធ្វើការបន្តដកហូតកន្លែងផ្សេងៗទៀតដែលស្ថិតនៅក្នុងស្រុកទឹកផុស ជាប្រភេទដីគម្របព្រៃឈើឆ្នាំ២០០២ ដែលត្រូវបានគេរំលោភយកធ្វើជាសកម្មសិទ្ធកន្លងមក ។ ករណីខាងលើនេះអាជ្ញាធរខេត្តបានកំណត់មុខសញ្ញាជនល្មើស ហើយជំនាញខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង កំពុងធ្វើការស្រាវជ្រាវ និង កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner