នេប៉ាល់ចាប់ផ្តើមធ្វើជំរឿនខ្លារាជបេងហ្គាល់ដែលជិតផុតពូជ
ក្រុមមន្ត្រីនិយាយកាលពីថ្ងៃចន្ទថា ប្រទេសនេប៉ាល់ចាប់ផ្តើមរាប់ចំនួនសត្វខ្លារាជបេងហ្គាល់ (Royal Bengal) ដែលជិតផុតពូជនៅក្នុងព្រៃដ៏ធំល្វឹងល្វើយភាគខាងត្បូងរបស់ខ្លួន ខណៈដែលក្រុមអ្នកអភិរក្សជួយសត្វឆ្មាធំៗប្រភេទនេះឱ្យរួចផុតពីការជិតផុតពូជ។
ការកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានទីជម្រក និងការបរបាញ់ បានបំផ្លិចបំផ្លាញចំនួនសត្វខ្លានៅទូទាំងអាស៊ី ប៉ុន្តែប្រទេសនេប៉ាល់ និងប្រទេសចំនួន ១២ ផ្សេងទៀតចុះហត្ថលេខាលើការសន្យាក្នុងឆ្នាំ ២០១០ ដើម្បីបង្កើនចំនួនរបស់សត្វឆ្មាធំប្រភេទនេះទ្វេដងនៅឆ្នាំក្រោយ។
កាលពីថ្ងៃអាទិត្យ អ្នកបច្ចេកទេសចាប់ផ្តើមដំឡើងកាមេរ៉ានៅក្នុងឧទ្យានជាតិ Chitwan ដែលជាតំបន់អភិរក្សសត្វខ្លាដ៏ធំបំផុតរបស់ប្រទេស ជាមួយនឹងអ្នកជំនាញសត្វព្រៃដើម្បីកំណត់អត្តសញ្ញាណសត្វនីមួយៗដោយឆ្នូតប្លែកៗរបស់ពួកគេ។ កាមេរ៉ាចាប់សញ្ញាចលនាជិត ៤ ០០០ នឹងត្រូវតំឡើងនៅលើផ្ទៃដីជាង ១២ ០០០ គីឡូម៉ែត្រការ៉េនៃតំបន់ការពារ និងព្រៃឈើដែលនៅជាប់គ្នា។
លោក Bed Kumar Dhakal ប្រធាននាយកដ្ឋានឧទ្យានជាតិ និងអភិរក្សសត្វព្រៃប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖ «ការស្ទង់មតិនេះមានគោលបំណងដើម្បីទទួលបានព័ត៌មានអំពីស្ថានភាពនៃសត្វខ្លា ដែលនឹងជួយយើងក្នុងការវាយតម្លៃថាតើយុទ្ធសាស្រ្តរបស់យើងក្នុងការការពារចំនួនសត្វខ្លា ដំណើរការឬយ៉ាងណា»។
តួរលេខរបស់មូលនិធិពិភពលោកសម្រាប់ធម្មជាតិ (WWF) និងវេទិកាខ្លាពិភពលោកបង្ហាញថា ចំនួនសត្វខ្លាព្រៃនៅលើពិភពលោក កើនឡើងដល់ ៣ ៨៩០ ក្បាលក្នុងឆ្នាំ ២០១៦ ។ វាគឺជាការកើនឡើងលើកដំបូងក្នុងរយៈពេលជាងមួយសតវត្សរ៍ និងកើនឡើងពីកម្រិតទាបបំផុតនៅ ៣ ២០០ កាលពីដើមទសវត្សរ៍នេះ។
នេប៉ាល់មានខ្លាចំនួន ២៣៥ ក្បាលក្នុងឆ្នាំ ២០១៨ នេះបើយោងតាមការស្ទង់មតិ កើនឡើងជិតពីរដងធៀបនឹងប្រាំបួនឆ្នាំមុន។ លទ្ធផលចុងក្រោយនៃជំរឿន ត្រូវបានគេរំពឹងទុកថានឹងចេញផ្សាយនៅខែកក្កដាឆ្នាំក្រោយ។