ប្រធានាធិបតីរុស្ស៊ីលោក ពូទីន ធ្វើដំណើរទស្សនកិច្ចនៅឥណ្ឌាដើម្បីជំរុញទំនាក់ទំនងយោធា និងថាមពល
កាលពីថ្ងៃចន្ទ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ជួបជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកទីពីររបស់លោកចាប់តាំងពីជំងឺរាតត្បាត ដោយស្វែងរកការពង្រឹងទំនាក់ទំនងផ្នែកយោធា និងវិស័យថាមពលផងដែរ។
ក្នុងកិច្ចសន្ទនាជាមួយលោក ណារិនដ្រា មូឌី (Narendra Modi) លោក Putin និយាយថា លោកទន្ទឹងរង់ចាំការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយឥណ្ឌា។ លោកបន្តថា៖ «យើងយល់ឃើញថា ឥណ្ឌាជាមហាអំណាចមួយ ជាប្រទេសមិត្តភាព និងជាមិត្តសាកល្បងពេលវេលា។ ទំនាក់ទំនងរវាងប្រជាជាតិរបស់យើង កំពុងរីកចម្រើន ហើយខ្ញុំកំពុងសម្លឹងមើលទៅអនាគត»។
ជាមួយគ្នានោះ លោក Modi បានបង្ហាញជំនឿយ៉ាងមុតមាំចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ លោកនិយាយថា៖ «ទំនាក់ទំនងរវាងឥណ្ឌា និងរុស្ស៊ីគឺពិតជាគំរូតែមួយគត់ និងគួរឱ្យទុកចិត្តនៃមិត្តភាពអន្តររដ្ឋ»។
រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Harsh Vardhan Shringla និយាយថា ប្រទេសឥណ្ឌា និងរុស្ស៊ីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការពារជាតិមួយចំនួន។ យោងតាមសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយបន្ទាប់ពីកិច្ចចរចាថ្ងៃចន្ទ ឥណ្ឌា និងរុស្ស៊ីបញ្ជាក់ជាថ្មីអំពីចេតនារបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រួមទាំងក្នុងការអភិវឌ្ឍន៍រួមគ្នានៃការផលិតឧបករណ៍យោធា។
លោក Nandan Unnikrishnan មកពីក្រុមអ្នកសង្កេតការណ៍មូលនិធិស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងញូវដេលីនិយាយថា៖ «វា[ដំណើរទស្សនកិច្ច]ជានិមិត្តសញ្ញាដ៏ធំមួយ។ វាបង្ហាញពីរបៀបដែលពួកគេមិនចង់ឲ្យទំនាក់ទំនងនៅទ្រឹង ឬយឺតយ៉ាវដោយសារការចង់បានអ្វីមួយពីភាគីរុស្ស៊ី»។
ប៉ុន្តែលោក ពូទីន នៅតែប្រឈមមុខនឹងសក្ដានុពលក្នុងតំបន់ដ៏ស្មុគស្មាញ ដោយសារភាពតានតឹងកំពុងកើនឡើងរវាងប្រទេសឥណ្ឌា និងចិន ដែលជាសម្ព័ន្ធមិត្តចាស់វស្សារបស់រុស្ស៊ី បន្ទាប់ពីមានការប៉ះទង្គិចគ្នាយោធាយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់មានជម្លោះនៃជួរភ្នំហិមាល័យ។
ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីដោះស្រាយការកើនឡើងនៃឥទ្ធិពលចិន ក្រុងវ៉ាស៊ីនតោនបានរៀបចំកិច្ចសន្ទនាសន្តិសុខ QUAD ជាមួយឥណ្ឌា ជប៉ុន និងអូស្ត្រាលី ដោយបង្កើនការព្រួយបារម្ភនៅទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ។
អ្នកស្រី Tatiana Belousova ជំនួយការសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ OP Jindal Global ក្នុងរដ្ឋ Haryana នៃប្រទេសឥណ្ឌាលើកឡើងថា៖ «ឥទ្ធិពលរបស់រុស្ស៊ីនៅក្នុងតំបន់នៅមានកម្រិតណាស់ ភាគច្រើនដោយសារតែទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន និងមិនមានឆន្ទៈក្នុងការធ្វើសកម្មភាពមិនស៊ីចង្វាក់គ្នាជាមួយនឹងផលប្រយោជន៍ក្នុងតំបន់របស់ចិន»។
យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) ឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោមប្រទេសនាំចូលអាវុធធំជាងគេបំផុតរបស់ពិភពលោក ដែលមានចំនួនជិត ១០ ភាគរយនៃពាណិជ្ជកម្មការពារជាតិពិភពលោក។
ជាមួយគ្នា រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់សម្រាប់ឥណ្ឌាជាយូរមកហើយ។ ប្រទេសនេះកំពុងតែស្វែងរកការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងកំពុងជាប់កិច្ចសន្យាប្រព័ន្ធការពារមីស៊ីល S-400 រយៈចម្ងាយឆ្ងាយឆ្នាំ ២០១៨ ជាមួយឥណ្ឌាដែលមានតម្លៃរហូតដល់ ៥ ប៊ីលានដុល្លារ។ កិច្ចសន្យានេះត្រូវបានគេមើលឃើញថា ជាការគំរាមកំហែងដល់ទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងញូវដេលី។
សហរដ្ឋអាមេរិក បានគំរាមដាក់ទណ្ឌកម្មក្រោមច្បាប់ប្រឆាំងសត្រូវតាមរយៈទណ្ឌកម្ម (CAATSA) ដែលមានបំណងចង់គ្រប់គ្រងប្រទេសរុស្ស៊ីឡើងវិញ ហើយក្រសួងការបរទេសអាមេរិកនិយាយកាលពីសប្តាហ៍មុនថា គ្មានការសម្រេចចិត្តណាមួយត្រូវធ្វើឡើងលើការលើកលែងណាមួយសម្រាប់ឥណ្ឌានោះទេ។
អ្នកស្រី Belousova និយាយថា៖ «វាគួរឱ្យកត់សម្គាល់ណាស់ដែលឥណ្ឌានៅតែសម្រេចចិត្តបន្តកិច្ចព្រមព្រៀង S-400 បើទោះបីជាសហរដ្ឋអាមេរិកមិនយល់ព្រមក្ដី»។
ញូវដែលីស្វែងរកជាយូរមកហើយដើម្បីធ្វើឱ្យមានភាពចម្រុះ(ពិពិធកម្ម)នៃការនាំចូលយោធារបស់ខ្លួន ប៉ុន្តែអ្នកវិភាគជឿថាវាអាចចំណាយពេលខ្លះ មុនពេលនឹងផ្លាស់ទីចេញឆ្ងាយពីប្រទេសរុស្ស៊ី។ លោក Unnikrishnan និយាយថា៖ «បរិក្ខារយោធាគឺសំខាន់បំផុតសម្រាប់ឥណ្ឌាដែលមានភាពតានតឹងមិនឈប់ឈរជាមួយប៉ាគីស្ថាន»។
ឥណ្ឌាមានបំណងចង់បង្កើនផលិតកម្មក្នុងស្រុក និងបើកការបណ្តាក់ទុនរួមគ្នាជាមួយរុស្ស៊ី ដើម្បីផលិតកាំភ្លើង AK-203 ។ ជាធម្មតា ប្រទេសទាំងពីររៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំ ប៉ុន្តែកិច្ចប្រជុំផ្ទាល់ចុងក្រោយរបស់មេដឹកនាំ គឺនៅក្រៅកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០១៩ នៅប្រទេសប្រេស៊ីល។
ក្រសួងការបរទេសឥណ្ឌានិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីខែមុនថា៖ «មេដឹកនាំនឹងពិនិត្យមើលស្ថានភាព និងទស្សនវិស័យនៃទំនាក់ទំនងទ្វេភាគី និងពិភាក្សាអំពីវិធីដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរបន្ថែមទៀត»។
បន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីថ្ងៃចន្ទ លោករដ្ឋមន្ត្រី Shringla និយាយថា ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគចំនួន ២៨ រួមទាំងកិច្ចព្រមព្រៀងលើដែកថែប ការកសាងនាវា ធ្យូងថ្ម និងថាមពលជាដើម។