ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ៖ កម្ពុជា និងប្រទេសសមាជិកអាស៊ានទាំងអស់នឹងខិតខំជួយរកដំណោះស្រាយឈ្នះ-ឈ្នះសម្រាប់មីយ៉ាន់ម៉ា ប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជូនរដ្ឋមន្ត្រីក្រសួងការបរទេសមីយ៉ាន់ម៉ាថា កម្ពុជា និងប្រទេសសមាជិកអាស៊ានទាំងអស់នឹងខិតខំជួយរកដំណោះស្រាយឈ្នះ-ឈ្នះ សម្រាប់មីយ៉ាន់ម៉ាប្រកបដោយប្រសិទ្ធភាព។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនជាមួយឯកឧត្តម វុនណា ម៉ោងល្វីន រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូឆ្នាំ២០២១។ 

នៅលើបណ្តាញសង្គមផ្លូវការរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសរសេរថា កិច្ចសន្ទនាត្រង់ទៅត្រង់មករវាងឯកឧត្តមជាមួយឯកឧត្តម វុនណា ម៉ោងល្វីន រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា គឺជាមូលដ្ឋានគ្រឹះនៃការងារការទូត ហើយថ្ងៃនេះយើងមានឱកាសបានជួបពិភាក្សាគ្នាផ្ទាល់តែម្តង។ ទស្សនកិច្ចនេះ នឹងពង្រឹងទំនាក់ទំនងទ្វេភាគី កសាងទំនុកចិត្ត និងការយោគយល់ គ្នាទៅវិញទៅមក ព្រមទាំងជួយយើងត្រៀមខ្លួនដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់។ 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា “ ខ្ញុំរីករាយណាស់ដែល ឯកឧត្តម វុនណា ម៉ោងល្វីន បានធ្វើដំណើរមកកម្ពុជា។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ខ្ញុំបានពិភាក្សាការងារមួយចំនួនជាមួយឯកឧត្តម វុនណា និងជម្រាបជូនឯកឧត្តមថាកម្ពុជានឹងប្រឹងឱ្យអស់ពីសមត្ថភាពក្នុងការប្រកាន់ខ្ជាប់នូវចំណុចស្នូលនៃមូលបទរបស់អាស៊ាន ស្តីពីការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ កម្ពុជា និងប្រទេសសមាជិកអាស៊ានទាំងអស់នឹងខិតខំជួយរកដំណោះស្រាយឈ្នះ-ឈ្នះ សម្រាប់មីយ៉ាន់ម៉ាប្រកបដោយប្រសិទ្ធភាព។ យើងសង្ឃឹមថា ទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីទៅមីយ៉ាន់ម៉ា នៅខែមករាខាងមុខនេះនឹងប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វុនណា ម៉ោងល្វីន(Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៦-០៧ ខែធ្នូ ឆ្នាំ២០២១។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម វុនណា ម៉ោងល្វីន បានចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងឱកាសនោះមានការផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងទូលំទូលាយអំពីទំនាក់ទំនងទ្វេភាគី និងការវិវត្តនៃស្ថានការណ៍ក្នុងតំបន់នាពេលថ្មីៗនេះ។ជាមួយគ្នានេះដែរ ក៏មានការពិភាក្សាដោយត្រង់ទៅត្រង់មក អំពីវិធីដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ាក៏ដូចជាការពង្រឹងមជ្ឈភាព និងសាមគ្គីភាពអាស៊ាន។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានយល់ព្រមទទួលការអញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅថ្ងៃទី០៧-០៨ ខែមករាឆ្នាំ២០២២ ។

ក្នុងជំនួបទ្វេភាគីរវាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម វុនណា ម៉ោងល្វីន កិច្ចពិភាក្សាបានផ្តោតសំខាន់ទៅលើបញ្ហាអាស៊ានក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានអបអរសាទរកម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ហើយបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអាទិភាព និងគម្រោងសមិទ្ធផលរបស់កម្ពុជា។ ទន្ទឹមនឹងការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំមេដឹកនាំអាស៊ានកាលពីខែមេសា ឆ្នាំ២០២១ មីយ៉ាន់ម៉ា ទន្ទឹងរង់ចាំស្វាគមន៍ និងធ្វើការសម្របសម្រួលជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដើម្បីអនុវត្តនូវការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច រួមទាំងការធ្វើឱ្យកាន់តែប្រសើរថែមទៀតនូវដំណើរការផ្តល់ជំនួយមនុស្សធម៌។

ស្តីពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឯកឧត្តម វុនណា ម៉ោងល្វីន បានថ្លែងអំណរគុណជំនួយជាថវិកានិងសម្ភារដែលកម្ពុជាបានផ្តល់យ៉ាងទាន់ពេលវេលា ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមីយ៉ាន់ម៉ា ក្នុងការគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ នៅក្នុងប្រទេស។ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់មីយ៉ាន់ម៉ា ដែលបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋកម្ពុជា និងបានស្នើសុំឱ្យប្រទេសមីយ៉ាន់ម៉ាបន្តផ្តល់ជំនួយចាំបាច់សម្រាប់ការស្នាក់នៅរបស់ពួកគេ។ ភាគីទាំងពីរបាន ឯកភាពបង្កើនការងារជំរុញនូវកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជាពាណិជ្ជកម្ម  សេដ្ឋកិច្ច ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវេទិកាពហុភាគី៕ 

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner