សម្តេចក្រឡាហោម ស ខេង ប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានក្នុងការជ្រើសរើសអនាគតបេក្ខភាពនាយករដ្ឋមន្ត្រី
ភ្នំពេញ ៖ នៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ញើសារជូនជនរួមជាតិ ដែលបញ្ជាក់ពីការគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានក្នុងការជ្រើសរើសអនាគតបេក្ខភាពនាយករដ្ឋមន្ត្រី។
ក្នុងសារបានសរសេរថា ខ្ញុំមានសេចក្តីសោមនស្សសូមជម្រាបជូន បងប្អូនជនរួមជាតិមេត្តាជ្រាបថា៖
១-ខ្ញុំតែងតែគោរព និងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និងសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត។
២-ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ខ្ញុំក៏នឹងគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន៕