រង្វង់មូលស្រអែម រូបគោបូរៈទី៥ នៃប្រាសាទព្រះវិហារ ដែលសាងសង់ឡើងក្នុងតម្លៃទឹកប្រាក់ជាង ១២ម៉ឺនដុល្លារ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី មាស សុភា
ខេត្តព្រះវិហារ ៖ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្តម មាស សុភា បានអញ្ជើញសម្ភោធរង្វង់មូលស្រអែម ដែលសាងសង់ក្នុងរចនាបទខ្មែរ ដោយចំណាយទឹកប្រាក់អស់ ១២ម៉ឺន ៥ពាន់ដុល្លារអាមេរិក កាលពីល្ងាចថ្ងៃទី៦ ធ្នូ ឆ្នាំ២០២១ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា មានប្រសាសន៍ថា ថ្ងៃនេះយើងបានសម្ភោធដាក់ឲ្យប្រើប្រាស់រង្វង់មូលស្រអែម គឺជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ហើយសំណង់ដ៏ប្រណិតនេះ ប្រសិនបើគ្មានព្រឹត្តិការណ៍ ២ធ្នូ ចន្លោះពីឆ្នាំ១៩៧៥-១៩៧៩ នោះទេ នោះសំណង់ និងហេដ្ឋារចនាសម្ព័ន្ធនានា មិនអាចកើតមានសាជាថ្មីនោះដែរ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងរំលឹកគុណពី វីរៈជន ឥស្សរៈជនស្នេហាជាតិដែលបានប្រមូលគ្នា ដើម្បីបង្កើតរណសិរ្យសាមគ្គីសង្គ្រោះជាតិ ២ធ្នូនៅឆ្នាំ១៩៧៨ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ។ ហើយប្រសិនបើគ្មាន២ធ្នូនោះទេ គឺយើងក៏គ្មានថ្ងៃ៧មករា បើគ្មាន៧មករា ក៏គ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយយើងក៏គ្មានថ្ងៃបានស្តារឡើងវិញ នូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស យើងអត់មានសន្តិភាព អត់មានការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចដូចបច្ចុប្បន្ន នេះទេ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែង អំណរគុ ចំពោះសម្បុរសជន ដែលបានចូលរួមចំណែក បរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដើម្បីជួយក្នុងការកសាងរង្វង់មូលស្រអែម ដែលជាសម្បត្តិសាធារណៈរបស់ជាតិ ហើយការសាងសង់នេះ មិនបានចំណាយថវិកាជាតិនោះឡើយ ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានថ្លែងថា រង្វង់មូលស្រអែមនេះ ចាប់ផ្តើមសាងសង់នៅថ្ងៃទី២ មករា ឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ។ លោកថា រូបសំណាកតួប្រាសាទ ដែលស្ថិតនៅចំកណ្តាលរង្វង់មូលនេះ គឺយកលំនាំតាមគោបុរៈទី៥ នៃប្រាសាទព្រះវិហារ មានទំហ៊ំ ៧០ភាគរយ នៃតួប្រាសាទដើម រង្វង់មូលនេះចំណាយថវិកាសាងសង់អស់ ១២ម៉ឺន ៥ពាន់ដុល្លារ ដែលថវិកានេះ បានមកពីការចូលរួមចំណែកពីថ្នាក់ដឹកនាំថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងសប្បុរសជន ដោយមិនប្រើប្រាស់ថវិកាជាតិនោះទេ ។
លោក សំ លាងទ្រី បានថ្លែងទៀតថា រង្វង់មូលស្រអែមនេះ គឺសាងសង់ឡើង ដើម្បីឧទ្ទិសបុណ្យកុសលដល់កងកម្លាំងប្រដាប់អាវុធ វីរៈជនអ្នកស្នេហាជាតិ និងថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់ជំនាន់ ដែលបានពលីក្នុងអំឡុងសង្រ្គាមការពារទឹកដី ឲ្យរួចចាកផុតពីការឈ្លានពានរបស់សត្រូវ និងសូមឲ្យការលះបង់ជីវិតដ៏មានតម្លៃនោះ ប្រែក្លាយទៅជាមនសិការស្នេហាជាតិយ៉ាងមុះមុត សម្រាប់ខ្មែរគ្រប់ៗរូប ជាពិសេស ដល់កងកម្លាំងប្រដាប់អាវុធ វីរៈជនស្នេហាជាតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅក្នុងសម័កាលសម្តេចតេជោ ហ៊ុន សែន យើងនេះតរៀងទៅ និងសូមឲ្យរួមរស់ជាមួយគ្នា ប្រកបទៅដោយការយោគយល់ ភាតរភាពដើម្បីមាតុភូមិកម្ពុជា ជាទីស្នេហានៃយើង ៕