លទ្ធផលនៃទស្សនកិច្ចការងាររបស់ឯកឧត្តម វុនណា ម៉ោង ល្វីនរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៦-០៧ ខែធ្នូ ឆ្នាំ២០២១

តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វុនណា ម៉ោងល្វីន (Wunna Maung Lwin) រដ្ឋមន្ត្រី ការ បរទេស នៃ សាធារណរដ្ឋ សហភាព មីយ៉ាន់ម៉ា បានអញ្ជើញ មក បំពេញ ទស្សនកិច្ច ការងារនៅ ព្រះរាជាណាចក្រ កម្ពុជា នាថ្ងៃ ទី ០៦-០៧ ខែ ធ្នូ ឆ្នាំ ២០២១។
ក្នុង ដំណើរ ទស្សនកិច្ច នេះ ឯកឧត្តម វុនណា ម៉ោងល្វីន បានចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងឱកាសនោះមានការផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងទូលំទូលាយអំពីទំនាក់ទំនងទ្វេភាគី និងការ វិវត្តនៃស្ថានការណ៍ក្នុងតំបន់នាពេលថ្មីៗនេះ។ ជាមួយគ្នានេះដែរ ក៏មានការពិភាក្សាដោយត្រង់ទៅត្រង់មក អំពីវិធីដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ក៏ដូចជាការពង្រឹង មជ្ឈភាព និងសាមគ្គីភាពអាស៊ាន។ សម្តេច តេ ជោ នាយក រដ្ឋមន្ត្រី បានយល់ព្រម ទទួល ការ អញ្ជើញ ទៅ បំពេញ ទស្សនកិច្ច នៅ មី យ៉ាន់ ម៉ា នៅ ថ្ងៃ ទី ០៧-០៨ ខែមករា ឆ្នាំ ២០២២ ។
ក្នុងជំនួបទ្វេភាគីរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តម វុនណា ម៉ោងល្វីន កិច្ចពិភាក្សាបានផ្តោតសំខាន់ទៅលើបញ្ហាអាស៊ាន ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី។ ឯកឧត្តមរដ្ឋមន្ត្រី ការបរទេសមីយ៉ាន់ម៉ាបានអបអរសាទរកម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ហើយបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអាទិភាព និងគម្រោងសមិទ្ធផលរបស់កម្ពុជា។ ទន្ទឹមនឹងការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំមេដឹកនាំអាស៊ានកាលពីខែមេសា ឆ្នាំ២០២១ មីយ៉ាន់ម៉ា ទន្ទឹងរង់ចាំស្វាគមន៍ និងធ្វើការសម្របសម្រួលជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដើម្បីអនុវត្តនូវការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច រួមទាំងការធ្វើឲ្យកាន់តែប្រសើរថែមទៀតនូវដំណើរការផ្តល់ជំនួយមនុស្សធម៌។
ស្តីពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឯកឧត្តម វុនណា ម៉ោងល្វីន បានថ្លែងអំណរគុណជំនួយជាថវិកា និងសម្ភារៈដែលកម្ពុជាបានផ្តល់យ៉ាងទាន់ពេលវេលា ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងការគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩នៅក្នុងប្រទេស។ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណ ដល់មីយ៉ាន់ម៉ា ដែលបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋកម្ពុជា និងបានស្នើសុំឱ្យប្រទេសមីយ៉ាន់ម៉ាបន្តផ្តល់ជំនួយចាំបាច់សម្រាប់ការស្នាក់នៅរបស់ពួកគេ។ ភាគីទាំងពីរបាន ឯកភាពបង្កើនការងារជំរុញនូវកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជា ពាណិជ្ជកម្ម សេដ្ឋកិច្ច ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវេទិកាពហុភាគី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner