សម្តេចក្រឡាហោម ស ខេង ចេញលិខិតប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ក្នុងការជ្រើសរើសអនាគតបេក្ខភាពនាយករដ្ឋមន្ត្រី
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសគោរព តាមការសម្រេចរបស់គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ក្នុងការជ្រើសរើសអនាគតបេក្ខភាពនាយករដ្ឋមន្ត្រី។ នេះបើតាមសារសម្តេចក្រឡាហោម ស ខេង ដែលបណ្តាញព័ត៌មានទទួលបានផ្លូវការពីនាយឧត្តមសេនីយ៍ ខៀវ សុភ័ក នាយកខុទ្ទកាល័យសម្តេចក្រឡាហោម នាព្រលប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ។
ក្នុងសារលិខិតរបស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់២ចំណុចដូចតទៅ៖ «ខ្ញុំមានសេចក្តីសោមនស្សសូមជម្រាបជូន បងប្អូនជនរួមជាតិមេត្តាជ្រាបថា៖
១៖ ខ្ញុំតែងតែគោរព និងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និងសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត ។
២៖ ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ខ្ញុំក៏នឹងគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន។
ការចេញមកបញ្ជាក់របស់ សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានប្រឆាំងបានផ្សព្វផ្សាយញុះញង់ បំបែកបំបាក់មេដឹកនាំគណបក្សប្រជាជនកម្ពុជា ដោយផ្សព្វផ្សាយថា សម្តេចក្រឡាហោម មិនបានចេញសារគាំទ្រដល់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ចំពោះការប្រកាសគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនៅថ្ងៃខាងមុខ។
ទោះជាយ៉ាងនេះក្តី ក្នុងពិធីសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយដែលគេបំបែកតាំងពីឆ្នាំ៧៩-៨០ តាំងពីជាង៤០ឆ្នាំមុន តែគណបក្សប្រជាជនកម្ពុជា មិនព្រមបែកនោះទេ ហើយរឹងមាំរហូតមកដល់សព្វថ្ងៃ៕