ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី៖ ចំណងមិត្តភាព និងកិច្ចសហប្រតិ បត្តិការរវាង កម្ពុជា និងវៀតណាម នៅតែបន្ត និង​កាន់តែរឹងមាំថែម ទៀត ជា​និច្ចនិរន្ត

អត្ថបទដោយ៖
ជា សេឌី

កម្ពុជា និងវៀតណាម គួរបង្កើតកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឲ្យបានខ្លាំងក្លាបន្ថែមទៀត ពិសេស​លើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្ម ដើម្បីឲ្យសក្តិសមនឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិដ៏រឹងមាំ និងមានប្រវត្តិយូរអង្វែងមកហើយ។  នេះជាការលើកឡើងរបស់ឯកឧត្តម ងៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតសាធារណៈសង្គមនិយមវៀតណាមប្រចាំកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យ​កសិកម្ម និងជនបទ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នាទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា -វៀតណាម ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ ទោះជាប្រទេសទាំងពីរជួបវិបត្តិនៃការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ក្នុងនោះឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កើនឡើងដល់៥,៣២ពាន់លានដុល្លា។ រយៈ១០ខែ នៃឆ្នាំ២០២១នេះ បានកើនដល់ ៧,៨៧ពាន់លានដុល្លា ហើយសង្ឃឹមថា នឹងកើនដល់ប្រមាណ៩ពាន់លានដុល្លា ក្នុងឆ្នាំ២០២១ ទាំងមូល។ ឯកឧត្តម ក៏បានស្នើឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជួយគាំទ្របន្ថែមទៀតដល់វិនិយោគិនវៀតណាមនៅកម្ពុជា និងជួយជម្រុញនូវកិច្ចព្រមព្រៀងលើវិស័យកសិកម្មរវាងប្រទេសទាំងពីរផងដែរ។​

ឯកឧត្តម ក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានជួយឧបត្ថម្ភដល់    រដ្ឋាភិបាលវៀតណាម ទាំងសម្ភារៈ និងថវិកាក្នុងការប្រយុទ្ឋប្រឆាំងនឹងការរាតត្បាតនៃជម្ងឺកូវីដ១៩។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ក៏បានស្វាគមន៏ និងអមអរសាទរចំពោះឯកឧត្តម ងៀន ហ៊ុយតាំង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋ ទូតសាធារណៈសង្គមនិយមវៀតណាមប្រចាំកម្ពុជា និងក្នុងនាម    រដ្ឋាភិបាលកម្ពុជា ឯកឧត្តម បានត្រៀមខ្លួនជានិច្ចក្នុងការធ្វើកិច្ចសហប្រតិបត្តិជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូត ដើម្បីបំរើឲ្យផលប្រយោជន៏រួមនៃប្រជាជាតិទាំងពីរ។ ឯកឧត្តម ឧបនាយករដ្ឋមនន្ត្រី ក៏បានថ្លែង​អំណរ​គុណចំពោះកងទ័ព និងប្រជាជនវៀតណាមដែលបានជួយជ្រោមជ្រែងក្នុងការរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបប​ប្រល័យ​ពូជសាសន៏ ប៉ុល ពត។ ឯកឧត្តម រំលឹកពីអនុស្សាវរីយ៏ដែលមិនអាច​បំភ្លេច​បានដែលបង្ហាញពីទឹកចិត្ត និងស្មារតីធ្វើពលីកម្មលះបង់សាច់ស្រស់​ឈាមស្រស់របស់កងទ័ព​វៀតណាមក្នុងការជួយកងទ័ពកម្ពុជា វាយផ្តួលរំលំរបប​វាលពិឃាតខ្មែរក្រហម រំដោះ​ប្រជាជនកម្ពុជាពីរណ្តៅមរណៈ។ នេះជាចំណុចចាប់ផ្តើមនៃ​ការការពារ និងកសាងប្រទេសជាតិឡើងវិញ ឲ្យមានការរីកចំរើនរហូតមក​ដល់​សព្វថ្ងៃ ក្រោមការ​ដឹកនាំ​របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល​ដ៏ឈ្លាសវៃ។ មិនតែប៉ុណ្ណោះ វាក៏បង្ហាញសាធារណៈមតិជាតិ និង​អន្តរជាតិថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម នៅតែបន្ត និង​កាន់តែរឹងមាំថែមទៀតជា​និច្ចនិរន្ត។ ពាក់ព័ន្ឋនឹងវិស័យសេដ្ឋកិច្ច, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្រុមហ៊ុន​វៀតណាមជាច្រើន បានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើ​ច្រើន​វិស័យ ក្នុងនោះដំណាំកៅស៊ូ, វៀតណាម បានបោះទុនវិនិយោគយ៉ាងច្រើន និងទទួលបានជោគជ័យ។ 

ឯកឧត្តមយឹម ឆៃលី ក៏បានស្នើរសុំឲ្យភាគីវៀតណាមបន្តជួយ​គាំទ្រ​ដល់​​កម្ពុជា​​ ជា​បន្តទៀត ពិសេសជំរុញអ្នកវិនិយោគ​ទុន​​​វៀតណាមមក​កម្ពុជាឲ្យកាន់តែច្រើនថែមទៀត​។ ដោយឡែក ចំពោះសំណើរបស់ភាគីវៀតណាម ខាងលើ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសូមទទួលយកទាំងអស់ ហើយក្នុងនាមក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ពិសេសបន្តគាំទ្រ និងផ្តល់កិច្ចសម្របសម្រួលដល់ការវិនិយោគនានា របស់វៀតណាម នៅកម្ពុជា៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner