ចិនអំពាវនាវឲ្យអូស្រ្តាលីចាត់សកម្មភាពជាក់ស្តែង ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ក្រោយអូស្រ្តាលីធ្វើពហិការព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅប៉េកាំង

 ស្ថានទូតចិនប្រចាំនៅប្រទេសអូស្រ្តាលីបញ្ជាក់ថា ការធ្វើពហិការផ្នែកការទូតរបស់អូស្រ្តាលី ចំពោះព្រឹត្តិការណ៍អូឡាំពិករដូវរងាទីក្រុងប៉េកាំង គឺផ្ទុយស្រឡះពីការរំពឹកទុកដែលអូស្រ្តាលីបានប្រកាសជាសាធារណៈនាពេលកន្លងថា ខ្លួននឹងព្យាយាមលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

បន្ថែមលើនេះ ស្ថានទូតចិនបានជំរុញអោយអូស្រ្តាលីចាត់វិធានការជាក់ស្តែងដើម្បីបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ឆ្ពោះទៅរកការលើកស្ទួយចំណងទ្វេភាគី។ ស្ថានទូតចិនបានធ្វើការអត្ថាធិប្បាយបែបនេះ បន្ទាប់ពីរដ្ឋាភិបាលអូស្រ្តាលីបានប្រកាសពីការសម្រេចចិត្តមិនបញ្ជូនក្រុមមន្រ្តីឲ្យចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវរងាទីក្រុងប៉េកាំង ដែលនឹងរៀបចំឡើងនៅខែកុម្ភៈ ឆ្នាំ២០២២។ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក ស្កុត ម៉ូ​រី​សុន បានថ្លែងថា ប្រទេសរបស់លោកនឹងចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការធ្វើពហិការផ្នែកការទូត ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ខណៈដែលការសម្រេចចិត្តនេះមានហានិភ័យដល់ទំនាក់ទំនងទ្វេភាគីដែលរងការប្រេះស្រាំរួចទៅហើយ។

​នាយករដ្ឋមន្រ្តីអូស្រ្តាលីរូបនេះបានសង្កត់ធ្ងន់ទៀតថា ការសម្រេចចិត្តខាងលើនេះត្រូវបានធ្វើឡើងដោយផ្អែកលើការតស៊ូរបស់ប្រទេសអូស្ត្រាលី ក្នុងការបើកបណ្តាញការទូតឡើងវិញជាមួយប្រទេសចិន ដើម្បីពិភាក្សាអំពីការរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ស្វយ័តស៊ិនជាំង (Xinjiang) និងចំណាត់ការរបស់ទីក្រុងប៉េកាំង ក្នុងការពន្យឺត និងរារាំងការនាំចូលទំនិញរបស់អូស្ត្រាលី៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner