ក្រុមរដ្ឋមន្ត្រីប្រទេស G-7 ស្វែងរកការរួបរួមគ្នា ចំពេលមានការព្រមានពីហានិភ័យនៃសង្គ្រាមជាមួយរុស្ស៊ី

រដ្ឋ​មន្ត្រី​ការ​បរទេស​នៃ​ក្រុម​ប្រទេស​អ្នក​មាន​ទាំង​​​​ប្រាំ​ពីរ​​ (G-៧) ​​ជួប​ប្រជុំ​នៅ​ក្រុង​ Liverpool ​របស់​អង់គ្លេស​​ព្យាយាម​​រក​ការ​បង្ហាញ​នៃ​ការ​រួប​រួម​ប្រឆាំង​នឹងរុស្ស៊ី​ ដោយ​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ដាក់​ពង្រាយ​ទាហានរបស់​ប្រទេស​នេះ​នៅ​តាម​ព្រំដែន​អ៊ុយក្រែន​។​

ជំនួប​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​ប្រមុខ​កង​កម្លាំង​ប្រដាប់​អាវុធ​ថ្មី​របស់​អង់គ្លេស​​ចេញ​ការ​ព្រមាន​យ៉ាង​ម៉ឺង​ម៉ាត់​អំពី​ហានិភ័យ​នៃ​សង្គ្រាម​ជាមួយ​រុស្ស៊ី​។​ ប្រទេស​នេះ​​កំពុង​​ស្វែង​​រក​​ការ​​យល់​​ស្រប​​​​​ពី​​ក្រុម​​ប្រទេស​​អ្នក​​មាន​ ​ក្នុង​​ការ​​ឆ្លើយ​​តប​​ទៅ​​នឹង​​​អ្វី​​ដែល​​ខ្លួន​​ហៅ​​ថា​ «​អាកប្ប​កិរិយា​​អាក្រក់​»​ របស់​រុស្ស៊ី​ និង​​ជុំ​វិញ​​ភាព​​តាន​តឹង​​ជាមួយ​​ចិន​ និង​​អ៊ីរ៉ង់​។​

​រដ្ឋ​មន្ត្រី​ការ​បរទេស​អង់គ្លេស​អ្នក​ស្រី​ Liz Truss ​​និយាយ​នៅ​ពេល​​បើក​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​មក​ពី​ចក្រ​ភព​អង់គ្លេស​ សហរដ្ឋ​អាមេរិក​ កាណាដា​ បារាំង​ អាល្លឺម៉ង់​ អ៊ីតាលី​ និង​ជប៉ុន​ថា​៖​ «​យើង​ត្រូវ​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ដែល​កំពុង​កើន​ឡើង​ពី​តួអង្គ​អរិភាព​។​ ហើយ​​យើង​​ត្រូវ​​រួម​​គ្នា​​យ៉ាង​​ខ្លាំង​​ដើម្បី​​ក្រោក​​ឈរ​​ឡើង​​ចំពោះ​​អ្នក​​ឈ្លាន​ពាន​​ដែល​​ព្យាយាមដាក់​ដែន​​កំណត់​​សេរីភាព​ និង​​លទ្ធិ​ប្រជាធិបតេយ្យ​»​។​

​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​ណាតូ​ មាន​ការ​ព្រួយ​បារម្ភ​ថា​ ការ​ចល័ត​ទ័ព​ជាង​ ៩០ ០០០​ នាក់​ និង​សព្វា​វុធ​របស់​រុស្ស៊ីទៅ​​កាន់​តំបន់​ព្រំដែន​ជាមួយ​អ៊ុយក្រែន​ អាច​ជា​ការ​ឈាន​ទៅ​រក​ការ​លុក​លុយ​ ហើយ​​និយាយ​ថា​ ពួក​គេ​នឹង​ដាក់​ទណ្ឌកម្ម​ធ្ងន់​ធ្ងរ​លើ​សេដ្ឋកិច្ច​របស់​រុស្ស៊ី​ប្រសិន​បើ​រឿង​នេះ​កើត​ឡើង​។​

​​យ៉ាង​ណា​មិញ​ ក្រុង​ម៉ូស្គូ​របស់​លោក​ វ្ល៉ាឌីមៀ ពូទីន​ ​បដិសេធ​ផែនការ​វាយ​ប្រហារ​អ៊ុយក្រែន​ ហើយ​​ចោទ​ប្រកាន់​ទីក្រុង​កៀវ​ពី​ភាព​គឃ្លើន​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​។​ វិមាន​ក្រឹម​ឡាំង​​និយាយ​ថា​ ខ្លួន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ជំរុញ​ ​របស់​លោក​ខាង​លិច​ ដើម្បី​ផ្គត់​ផ្គង់​​ដល់​អ៊ុយក្រែន​នូវ​អាវុធ​បច្ចេក​វិទ្យា​ខ្ពស់​ ដែល​​ខ្លួន​អះ​អាង​ថា​​ក្រុង​កៀវ​កំពុង​ប្រើ​ដើម្បី​បង្ក​រឿង​ដល់​ទីក្រុង​ម៉ូស្គូ​។​​

​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​​ឯណោះ​វិញ​និយាយ​ថា​ អ្នក​ស្រី​ Truss ​និង​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​​លោក​ Antony Blinken ​​បាន​ពិភាក្សា​គ្នា​អំពី​របៀប​រារាំង​ប្រទេស​រុស្ស៊ី​ពី​ភាព​គឃ្លើន​​ប្រឆាំង​នឹង​អ៊ុយក្រែន​​ក្នុង​កិច្ច​ប្រជុំ​មួយ​ទល់​នឹង​មួយ​។​ ចក្រភព​អង់គ្លេស​​និយាយ​ថា​ រដ្ឋ​មន្ត្រីទាំង​ពីរ​​ព្រមាន​​ថា​ការ​លុក​លុយ​របស់​រុស្ស៊ី​ នឹង​ក្លាយ​ជា​កំហុស​យុទ្ធសាស្ត្រ​ដែល​នឹង​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ​។​

​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ Al Jazeera ​ក្នុង​ចំណោម​បញ្ហា​ និង​ការ​គម្រាម​កំហែង​ទាំង​អស់​ដែល​គណៈ​ប្រតិភូ​បាន​ពិភាក្សា​រួម​មាន​ ប្រទេស​ចិន​ មហិច្ឆតា​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ និង​កូវីដ-១៩​ ​ប៉ុន្តែ​បញ្ហា​ជាមួយ​ប្រទេស​រុស្ស៊ី​ត្រូវ​បាន​គេ​លើក​មក​និយាយ​ច្រើន​ជាង​គេ​។​

​ក្រសួងការ​បរទេស​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ អ្នក​ការ​ទូត​កំពូល​អាមេរិក​ប្រចាំ​ទ្វីប​អឺរ៉ុប​អ្នក​ស្រី​ Karen Donfried ​នឹង​ធ្វើ​ទស្សនកិច្ច​ទាំង​នៅ​ទីក្រុង​កៀវ ​និង​​ទីក្រុង​ម៉ូស្គូ​នៅ​សប្តាហ៍​ក្រោយ​ ដើម្បី​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អធិបតេយ្យ​ភាព​ ឯករាជ្យ​ និង​បូរណភាព​ទឹក​ដី​របស់​អ៊ុយក្រែន​ និង​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ការ​ទូត​ចំពោះ​វិបត្តិ​។​ ហើយ​បន្ទាប់​ពី​នោះ​ អ្នក​ស្រី​នឹង​បន្ត​ដំណើរ​ទៅ​ទីក្រុង​ប្រ៊ុចសែល​ដើម្បី​ពិភាក្សា​ជាមួយ​អង្គការ​ណាតូ​ និង​សម្ព័ន្ធ​មិត្ត​សហភាព​អឺរ៉ុប​។​

​ដោយ​ព្យាយាម​ប្រមូល​ផ្តុំ​ការ​រួប​រួម​ក្នុង​ចំណោម​ប្រទេស​  G-៧ ​អ្នក​ស្រី​ Truss ​​និយាយ​ថា​៖​ «​ប្រទេស​ប្រជាធិបតេយ្យ​សេរី​ ត្រូវ​តែ​ផ្តាច់​ខ្លួន​ចេញ​ពី​ឧស្ម័ន​និង​លុយ​របស់​រុស្ស៊ី​ ​ដើម្បី​ការពារ​ឯករាជ្យភាព​របស់​ខ្លួន​ឯង​»​។​ រដ្ឋ​មន្រ្តី​រូប​នេះ​បន្ត​ថា​ អ្នក​ស្រី​ចង់​ធ្វើ​ការ​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ប្រជាជាតិ​ប្រជាធិបតេយ្យ​សេរី​អាច​មាន​ជម្រើស​ជំនួស​ការ​ផ្គត់​ផ្គង់​ឧស្ម័ន​របស់​រុស្ស៊ី​​។​ ​

​​ចក្រ​ភពអង់គ្លេស​ដែល​មិន​ពឹង​ផ្អែក​​​លើ​ឧស្ម័ន​របស់​រុស្ស៊ី​ ​រិះ​គន់​គម្រោង​បំពង់​បង្ហូរ​ហ្គាសកាត់​អឺរ៉ុប​ Nord Stream 2 ​ ​របស់​​ប្រទេស​នេះ​។​ ប៉ុន្តែ​សង្កាត់​ហិរញ្ញ​វត្ថុ​ និង​ទីផ្សារ​អចលន​ទ្រព្យ​របស់​​ក្រុង​ឡុងដ៍​ គឺ​ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​សម្រាប់​រូបិយប័ណ្ណ​រុស្ស៊ី​ ហើយ​អាជ្ញាធរ​ចក្រភព​អង់គ្លេស​រង​ការ​ចោទ​ប្រកាន់​ជា​យូរ​មក​ហើយ​ថា​បិទ​ភ្នែក​មិន​មើល​មូលនិធិ​ខុស​ច្បាប់​ដែល​ហូរ​ពី​ជុំ​វិញ​ពិភ​ព​លោក​។​

ក្នុង​ជំនួប​នាំ​ក្រុង​ Liverpool ​កាល​ពី​ថ្ងៃ​សៅរ៍​នេះ​ អ្នក​ស្រី​ Truss ​ក៏​បាន​អញ្ជើញ​រដ្ឋ​មន្ត្រី​មក​ពី​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​​ផង​ដែរ​ ប៉ុន្តែ​​​ដោយ​សារ​តែ​កូវីដ​១៩​ អ្នក​ទាំង​នោះ​ត្រូវ​ចូល​រួម​តាម​ប្រព័ន្ធ​វិឌីអូ​វិញ​។ ​អ្នក​ស្រី​ប្រាប់​សមភាគី​ G-៧ ​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​ត្រូវ​ការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សេដ្ឋកិច្ច​បង្ខិត​បង្ខំ​ និង​សមរភូមិ​នៃ​បច្ចេកវិទ្យា​របស់​ចិន​។​

ប្រទេស​សេដ្ឋកិច្ច​ខ្ពស់​ទាំង​ G-៧ ​ចាប់​ផ្តើម​គម្រោង​គំនិត​ផ្តួច​ផ្តើម​ «​កសាង​ពិភព​លោក​ឱ្យ​ប្រសើរ​ឡើង​វិញ​»​ ឬ​ «​Build​ Back Better World» ​ដើម្បី​ផ្តល់​មូល​និធិ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​​សម្រាប់​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំ​ៗ​ ដែល​ជា​ជម្រើស​ជំនួស​លុយ​ពី​ប្រទេស​ចិន​​​។

​​ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner