ចិនហៅលទ្ធិប្រជាធិបតេយ្យរបស់អាមេរិកថាជា «អាវុធមហាប្រល័យ»

ចិន​បាន​ចាត់​ទុករបប​​លទ្ធិ​ប្រជាធិបតេយ្យ​របស់​សហរដ្ឋអាមេរិក​ថា​ជា «អាវុធ​មហា​ប្រល័យ» សម្រាប់​ការ​ជ្រៀតជ្រែក​ប្រទេស​នានា​ជុំ​វិញ​ពិភពលោក។​ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ចិន​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

ការ​លើកឡើង​បែប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​រៀប​ចំ​កិច្ចប្រជុំ​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ ដែល​មាន​ការ​ចូល​រួម​ដោយ​ប្រទេស​ចំនួន​ ១០០​ជុំ​វិញ​ពិភពលោក ដោយ​ក្នុង​នោះ​ដែរ អាមេរិក​ក៏​បាន​អញ្ជើញ​តៃវ៉ាន់​ឱ្យ​មក​ចូល​រួម​ផង​ដែរ។

បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​សរសេរ​ជា​ភាសា​អង់គ្លេស​ ដែល​មាន​ចំនួន​ប្រមាណ ១ពាន់​ពាក្យ ក្រសួង​ការបរទេស​ចិន​យល់​ឃើញ​ថា ប្រជាធិបតេយ្យ​របស់​អាមេរិក​មិនមែន​ជា​គំរូ​សម្រាប់​ពិភពលោក​នោះ​ទេ ហើយ​បន្ត​រិះគន់​ថា នយោបាយ​អាមេរិក​ពោរពេញ​ទៅ​ដោយ​បញ្ហា​នានា​ដូច​ជា នយោបាយ​ប្រើប្រាស់​លុយ នយោបាយ​បែង​ចែក​គណបក្ស ដែល​បង្ក​ឱ្យ​មាន​ជម្លោះ​ពូជសាសន៍​នានា​ទៀត​ផង​។

លទ្ធិ​ប្រជាធិបតេយ្យ​គួរ​តែ​ត្រូវ​បាន​ជ្រើសរើស​ដាច់​ដោយឡែក​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត​នៅ​លើ​ពិភពលោក​។ នេះ​បើ​តាម​ការ​លើកឡើង​របស់​ចិន។ ត្រង់​ចំណុច​នេះ​ដែរ ក្រសួង​ការបរទេស​ចិន​ក៏​បាន​លើក​សរសើរ​ពី​លទ្ធិប្រជាធិបតេយ្យ​របស់​ខ្លួន​ទៀត​ផង​ ដោយ​ចាត់​ទុក​ថា លទ្ធិប្រជាធិបតេយ្យ​របស់​ចិន​ជា «ប្រជាធិបតេយ្យ​របស់​ប្រជាជន»។

បន្ថែម​ពី​នេះ​ទៅ​ទៀត​ ក្រសួង​ការបរទេស​ចិន​​យល់​ថា អាមេរិក​ប្រើប្រាស់​លទ្ធិ​ប្រជាធិបតេយ្យ​ជា «អាវុធ​មហា​ប្រល័យ​» ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​ដទៃ​ទៀត ក្រោម​រូបភាព​ជា​ការ​ដាក់​ទណ្ឌកម្ម​ជា​ឯកតោភាគី និង​ញុះញង់​ឱ្យ​មាន​បដិវត្តន៍​ពណ៌។ ចិន​ក៏​យល់​ឃើញ​ថា អាមេរិក​ព្យាយាម​បែងចែក​ពិភពលោក​ទៅ​ជា ២ប្លុក​រួម​មាន «ប្លុក​ប្រជាធិបតេយ្យ» និង​«ប្លុក​មិនមែន​ប្រជាធិបតេយ្យ»។ ដែល​បង្ក​ឱ្យ​មាន​ការ​បែងចែក​ពិភពលោក និង​បង្ក​ឱ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ខ្លាំង៕

ប្រភព៖ fmprc

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner