តៃវ៉ាន់បាត់បង់ទំនាក់ទំនងការទូត ខណៈនីការ៉ាហ្គាប្ដូរការទទួលស្គាល់ដល់ចិនដីគោកវិញ

កោះ​តៃវ៉ាន់​បាន​បាត់បង់​ប្រទេស​នីការ៉ាហ្គា​ជា​សម្ព័ន្ធមិត្ត​ការទូត​ដ៏​សំខាន់​មួយ បន្ទាប់​ពី​ប្រទេស​អាមេរិក​កណ្ដាល​នេះ​ប្រកាស​ប្ដូរ​ការ​ទទួល​ស្គាល់​ទៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​វិញ បន្ទាប់ពី​​ខ្លួន​​ចាត់​កោះ​នេះ​ថា​ជា​ដែនដី​របស់​ខ្លួន​។

«មាន​ចិន​តែ​មួយ​ទេ» រដ្ឋាភិបាល​នីការ៉ាហ្គា​ថ្លែង​​បែប​នេះ​ក្នុង​សេចក្ដីថ្លែង​ការណ៍​ប្រកាស​ការ​ផ្លាស់​ប្ដូរ​នេះ​កាល​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៌​មុន​​ ហើយ​បន្ត​ទៀត​ថា​៖ «សាធារណរដ្ឋ​ប្រជាមានិត​ចិន​គឺ​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​តែ​មួយ​គត់ ដែល​តំណាង​ឱ្យ​ប្រទេស​ចិន​ទាំង​អស់ ហើយ​តៃវ៉ាន់​គឺ​ជា​ចំណែក​​មួយ​​ដែល​មិន​អាច​កាត់​ផ្ដាច់​បាន​នៃ​ទឹក​ដី​ចិន​»។

សេចក្ដីថ្លែងការណ៍​នេះ​បន្ត​​ថា​៖ «គិត​ត្រឹម​ថ្ងៃ​នេះ​ នីការ៉ាហ្គា​បាន​ផ្ដាច់​ទំនាក់ទំនង​ការទូត​របស់​ខ្លួន​ជាមួយ​តៃវ៉ាន់​ ហើយ​ឈប់​មាន​ការ​ទាក់ទង​ ឬ​ទំនាក់ទំនង​ផ្លូវការ​ទៀត​ហើយ​»​។

ការ​ផ្លាស់​ប្ដូរ​នេះ​ បាន​កាត់​បន្ថយ​ការ​ចូល​រួម​របស់​កោះ​តៃវ៉ាន់​នៅ​ឆាក​អន្តរជាតិ​ បើ​ទោះ​បី​ជា​កោះ​នេះ​ព្យាយាម​កសាង​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​ដូចជា​លីទុយអានី​ និង​ស្លូវ៉ាគី​ក៏​ដោយ​ ដែល​នៅ​មិន​ទាន់​មាន​ទំនាក់​ទំនង​ផ្លូវការ​​ជា​មួយ​តៃវ៉ាន់​នៅ​ឡើយ​។ ឥឡូវ​នេះ តៃវ៉ាន់​នៅ​សល់​សម្ព័ន្ធមិត្ត​ការទូត​ចំនួន ១៤​ ប្រទេស​ប៉ុណ្ណោះ​ ដែល​ភាគ​ច្រើន​ជា​ប្រទេស​ក្រីក្រ​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាង​លិច ការាបៀន និង​អាមេរិក​ឡាទីន ដោយ​ករណី​លើកលែង​តែ​មួយ​គត់​គឺ​បុរី​វ៉ាទីកង់​។

បើ​ទោះ​បី​ជា​ប្រទេស​ទាំង​នេះ​ជា​ប្រទេស​ក្រីក្រ​ក៏​ដោយ​ ការ​បាត់បង់​ទំនាក់ទំនង​ការ​ទូត​ផ្លូវការ​​ បាន​រឹត​បន្តឹង​សមត្ថភាព​ថ្នាក់​ដឹកនាំ​តៃវ៉ាន់​ក្នុង​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​បរទេស និង​ស្រប​តាម​ការ​ពិពណ៌នា​របស់​ក្រុង​ប៉េកាំង​ថា​តៃវ៉ាន់​គឺ​កំពុង​ចាញ់​សង្គ្រាម​ការ​ទូត​ហើយ​នឹង​ត្រូវ​បង្ខំ​ចិត្ត​ទទួល​យក​លទ្ធផល​នៃ​ការ​រួបរួម​នយោបាយ​ដែល​ជៀស​មិន​រួច​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

ក្រសួង​ការបរទេស​តៃវ៉ាន់​បាន​សម្ដែង «ការ​សោកសៅ និង​សោកស្ដាយ» ចំពោះ​ការ​ផ្ដាច់​ទំនាក់​ទំនង​នេះ​ ហើយ​បាន​និយាយ​ថា​ខ្លួន​នឹង​កោះ​ហៅ​បុគ្គលិក​ការទូត​របស់​ខ្លួន​ឱ្យ​ត្រឡប់​មក​មាតុប្រទេស​​ជា​បន្ទាន់​។

«លទ្ធិប្រជាធិបតេយ្យ​របស់​តៃវ៉ាន់​កាន់​តែ​ជោគជ័យ និង​ការ​គាំទ្រ​អន្តរជាតិ​កាន់​តែ​ច្រើន នោះ​សម្ពាធ​កាន់​តែ​ខ្លាំង​ពី​ជំរំ​ផ្ដាច់​ការ​» ប្រធានាធិបតី​តៃវ៉ាន់​អ្នក​ស្រី​សៃ អ៊ីងវិន​ បាន​និយាយ​បែប​នេះ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រកាស​របស់​នីការ៉ាហ្គា ហើយ​បន្ត​ទៀត​ថា​៖ «មិន​ថា​វា​ជា​សម្ពាធ​ការ​ទូត ឬ​ការ​បំភិត​បំភ័យ​ផ្នែក​យោធា​ទេ យើង​នឹង​មិន​ផ្លាស់​ប្ដូរ​សេចក្ដីប្ដេជ្ញាចិត្ត​របស់​យើង​ក្នុង​ការ​ប្រកាន់​ខ្ជាប់​នូវ​លទ្ធិ​ប្រជាធិបតេយ្យ និង​សេរីភាព ដើម្បី​ឡើង​លើ​ឆាក​អន្តរជាតិ និង​ចូល​រួម​នោះ​ទេ​»​។

រដ្ឋាភិបាល​នីការ៉ាហ្គា​មិន​បាន​ផ្ដល់​ហេតុផល​ចំពោះ​ផ្លាស់ប្ដូរ​ទំនាក់​ទំនង​ការទូត​ទេ​។ ប៉ុន្តែ​ការ​ផ្លាស់​ប្ដូរ​នេះ​គឺ​ស្រប​តាម​អ្វី​ដែល​បាន​កើត​នៅ​ក្នុង​ប្រទេស​ជិត​ខាង​ដូចជា​ប៉ាណាម៉ា និង​កូស្តារីកា ដែល​មើល​ឃើញ​ផល​ប្រយោជន៍​នៃ​ទំនាក់​ទំនង​ជា​មួយ​ចិន​ដី​គោក ហើយ​បាន​ផ្លាស់​មក​ទទួល​ស្គាល់​ក្រុង​ប៉េកាំង​វិញ​។ រួម​ជាមួយ​នឹង​ជំនួយ​អភិវឌ្ឍន៍ ប្រាក់កម្ចី និង​ការ​លើក​ទឹក​ចិត្ត​ផ្សេង​ទៀត អ្នក​រិះគន់​បាន​ចោទ​ប្រកាន់​ទីក្រុង​ប៉េកាំង​ថា​ប្រើប្រាស់​វិធីសាស្ត្រ​ទុច្ចរិត​មួយ​ចំនួន​ដូច​ជា​ការ​គំរាម​កំហែង និង​ការ​សូក​សំណូក​ដើម្បី​កម្ចាត់​សម្ព័ន្ធ​មិត្ត​របស់​តៃវ៉ាន់ ប៉ុន្តែ​គេ​មិន​ទាន់​ឃើញ​ភស្តុតាង​នៃ​ការ​បែប​នៅ​ឡើយ​ទេ​។

បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​ប្រធានាធិបតី​នីការ៉ាហ្គា​លោក​ដានីយ៉ែល អ័រតេហ្គា​ បាន​ប្រឈម​មុខ​នឹង​ការ​កើន​ឡើង​សម្ពាធ​ពី​លោក​ខាង​លិច ជា​ពិសេស​នៅ​ពេល​ថ្មី​ៗ​នេះ​អាមេរិក​បាន​និយាយ​ថា​ការ​បោះឆ្នោត​ប្រធានាធិបតី​នីការ៉ាហ្គា​កាល​ពី​ខែ​មុន​ថា​ជា​ «ល្ខោន​បោះឆ្នោត​»​។ សម្ពាធ​បែប​នេះ​អាច​ធ្វើ​ឱ្យ​លោក​អ័រតេហ្គា​ទទួល​យក​ការ​ផ្ដល់​យក​របស់​ក្រុង​ប៉េកាំង​ ហើយ​ផ្លាស់​ប្ដូរ​ទំនាក់ទំនង​។

កាល​ពី​ថ្ងៃ​សុក្រ រដ្ឋាភិបាល​នីការ៉ាហ្គា​បាន​ចុះហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍​ផ្លូវការ​មួយ​នៅ​ទីក្រុង​ធានជីន ដើម្បី​បង្កើត​ទំនាក់​ទំនង​ការ​ទូត​ឡើង​វិញ​ជា​មួយ​ប្រទេស​ចិន​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក​វ៉ាង វីនប៊ីន​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​៖ «ការ​បន្ត​ទំនាក់​ទំនង​ការ​ទូត​រវាង​ចិន និង​នីការ៉ាហ្គា គឺ​ជា​ការ​សម្រេច​ចិត្ត​គោល​នយោបាយ ហើយ​ពិត​ជា​មិន​មែន​ជា​ការ​ដោះ​ដូរ​អ្វី​ទេ​»​។​ លោក​បដិសេធ​ថា​មិន​មាន «លក្ខខណ្ឌ​សេដ្ឋកិច្ច​» ណា​មួយ​ក្នុង​ការ​បង្កើត​ចំណង​ទាក់ទង​នេះ​ទេ​។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ប្រទេស​ចិន​បាន​ដណ្ដើម​សម្ព័ន្ធ​ការទូត​របស់​តៃវ៉ាន់​ជា​ច្រើន​ ធ្វើ​ឱ្យកាត់​បន្ថយ​​ចំនួន​នៃ​ប្រទេស​ដែល​ទទួល​ស្គាល់​កោះ​នេះ​ថា​ជា​ប្រទេស​មួយ​។ កាល​ពី​ឆ្នាំ​ ២០១៩​ ប្រជុំ​កោះ​សាឡូម៉ូន​បាន​ជ្រើសរើស​ទទួល​ស្គាល់​ប្រទេស​ចិន​ ហើយ​បាន​កាត់​ផ្ដាច់​ទំនាក់​ទំនង​ជា​មួយ​តៃវ៉ាន់​។

ប្រទេស​ចិន​ក៏​ជំទាស់​​ការ​ចូល​រួម​របស់​តៃវ៉ាន់​ក្នុង​ស្ថាប័ន​អន្តរជាតិ​ផង​ដែរ​។ ចិន​បាន​ចាប់​ផ្ដើម​ដាក់​សម្ពាធ​លើ​ស្ថាប័ន​អន្តរជាតិ​ចាប់​តាំង​ពី​ការ​បណ្ដេញ​តៃវ៉ាន់​ចេញ​ពី​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ​ ១៩៧១ ហើយ​សម្ពាធ​នេះ​កាន់​តែ​កើន​ឡើង​បន្ទាប់​ពី​លោក​ស្រី​សៃ​ចូល​កាន់​អំណាច​។ ក្នុង​អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩​ ឋានៈ​របស់​តៃវ៉ាន់​ជា​អ្នក​សង្កេតការណ៍​នៅ​មហាសន្និបាត​សុខភាព​ពិភពលោក​ត្រូវ​បាន​ដក​៕

ប្រភព៖ AP News

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner