បង់ក្លាដេសសម្ដែងការមិនពេញចិត្តលើការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើមន្ត្រីរបស់ខ្លួនចំនួន ៧រូប

ក្រសួង​ការបរទេស​បង់ក្លាដេស​បាន​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​អាមេរិក​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ដើម្បី​បញ្ជូន​ «សារ​មិន​សប្បាយ​ចិត្ត​» ទៅ​កាន់​អាមេរិក ក្រោយ​ពេល​ដែល​មហាអំណាច​មួយ​នេះ​បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​អតីត​មន្ត្រី និង​មន្ត្រី​កំពុង​កាន់​តំណែង​នៃ​កងវរសេនាតូច​សកម្មភាព​រហ័ស (RAB) ចំនួន ៧រូប។

កាល​ពី​សប្ដាហ៍​មុន អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​លើ​ប្រទេស​មួយ​ចំនួន​រួម​មាន​កូរ៉េ​ខាង​ជើង និង​បង់ក្លាដេស​។ ចំពោះ​ករណី​បង់ក្លាដេស​ អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​កង​កម្លាំង RAB ដោយ​ចោទ​ប្រកាន់​ថា​កងកម្លាំង​នេះ​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​បាត់​ខ្លួន​មនុស្ស​រាប់រយ​នាក់ និង​ការ​សម្លាប់​មនុស្ស​ចំនួន ៦០០នាក់​ក្រៅ​ផ្លូវ​តុលាការ​ចាប់​តាំង​ពី​ឆ្នាំ២០១៨។

មន្ត្រី​ទាំង​ ៧នាក់​នោះ​រួម​មាន​លោក Benazir Ahmed អតីត​មេ​ទ័ព​នៃ​កងកម្លាំង​នេះ ហើយ​បច្ចុប្បន្ន​ជា​មេ​​ប៉ូលិស​ជាតិ​បង់ក្លាដេស។

ក្រោយ​ពី​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​បង់ក្លាដេស រដ្ឋមន្ត្រី​ការបរទេស​បង់ក្លាដេស​លោក Masud Bin Momen បាន​លើកឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា លោក «មាន​ការ​សោកស្ដាយ​ដែល​អាមេរិក​សម្រេច​ក្នុង​ការ​បំពារបំពាន​ដល់​អង្គភាព​មួយ​របស់​រដ្ឋាភិបាល ដែល​ស្ថិត​នៅ​ជួរ​មុខ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ការ​ជួញដូរ​គ្រឿង​ញៀន និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជា​ច្រើន​ទៀត ដែល​ចាត់​ទុក​ថា​ជា​អាទិភាព​រួម​សម្រាប់​រដ្ឋាភិបាល​គ្រប់​រដ្ឋបាល​នានា​របស់​សហរដ្ឋអាមេរិក»។

កងកម្លាំង RAB ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ២០០៤ ដើម្បី​ប្រឆាំង​នឹង​ជន​ជ្រុលនិយម និង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ។ យ៉ាងណាមិញ កងកម្លាំង​នេះ​ក៏​រង​នូវ​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស ដែល​រាប់​បញ្ចូល​ទាំង​ការ​បាញ់​ប្រហារ​ទៅ​លើ​បុគ្គល​ដែល​ត្រូវ​បាន​ចោទ​ថា​ជា​ឧក្រិដ្ឋជន​ផង​ដែរ៕

ប្រភព៖ The Straits Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner