បុរសរដ្ឋកាលីហ្វ័រញ៉ាដែលរងការចោទប្រកាន់ព្រហ្មទណ្ឌជុំវិញកុបកម្មនៅវិមានកាពីតូល ភៀសខ្លួនទៅបេឡារុស

​​រដ្ឋ​អាជ្ញា​សហព័ន្ធ​​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ បុរសម្នាក់​មក​​ពី​កាលីហ្វ័រញ៉ា​ម្នាក់​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​វាយ​ដំ​ប៉ូលីស​​ក្នុង​កុបកម្ម​កាល​ពី​​​ខែ​មករា​នៅ​វិមាន​កាពីតូល​របស់​សហរដ្ឋ​អាមេរិក​ ​រត់​ភៀស​ខ្លួន​ចេញ​ពី​សហរដ្ឋ​អាមេរិក​ ហើយ​ត្រូវ​​គេ​ជឿ​ថា​​ទៅ​ជ្រក​កោន​នៅ​ប្រទេស​បេឡារុស​។​​

លោក​ Evan Neumann ត្រូ​វ​បាន​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​សុក្រ ​លើ​កា​​រចោទ​ប្រកាន់​ឧក្រិដ្ឋ​កម្ម​ចំនួន​ ១៤ ជុំ​​វិញ​ការ​វាយ​ប្រហារ​វិមាន​កាពីតូ​របស់​អ្នក​គាំទ្រ​អតីតប្រ​ធានាធិបតី​ ដូណាល់ ​ត្រាំ ​បន្ថែម​ពី​លើ​ការ​ចោទ​ប្រកាន់​ដែល​មាន​នៅ​ក្នុង​ពាក្យ​បណ្តឹង​ព្រហ្មទណ្ឌ​​ប្រឆាំង​នឹង​បុរស​អាយុ​ ៤៩ ​ឆ្នាំ​រូប​នេះ​កាល​ពី​ខែ​មីនា​។​

​​ការិយាល័យ​​មេធាវី​អាមេរិក​ប្រចាំ​សង្កាត់​ Columbia ​​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ លោក​ Neumann ​ដែល​មិន​ទាន់​​បង្ហាញ​ខ្លួន​នៅ​តុលាការ​ក្នុង​សំណុំ​រឿង​នេះ​ បាន​ភៀស​ខ្លួន​ពី​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​ ១៦ ​ខែ​កុម្ភៈ​ ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ជឿ​ថា​ស្ថិត​នៅ​ក្នុង​ប្រទេស​បេឡារុស​។​

​​លោក ​Neumann ​បាន​បង្ហាញ​កាល​ពី​ខែ​មុន​​ក្នុង​កម្មវិធី​ទូរទស្សន៍​រដ្ឋ​បេឡារុស​ពិសេស​មួយឈ្មោះ​​ថា​​ ​«​លាហើយ​អាមេរិច​»​ ដោយ​រៀប​រាប់​ពី​ដំណើរ​របស់​លោក​ទៅ​កាន់​​រដ្ឋ​ធានី​មីនស្ក៍​។​ លោក​​និយាយ​នៅ​ក្នុង​កម្មវិធី​ថា​ លោក​កំពុង​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នយោបាយ​នៅ​​បេឡារុស​ ពី​ព្រោះ​តាម​គំនិត​របស់​លោក​ សហរដ្ឋ​អាមេរិក​ មិន​មែន​ជា​ប្រទេស​ដែល​មាន​ច្បាប់​ និង​សណ្តាប់​ធ្នាប់​ទៀត​ទេ​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Daily Beast​។​

លោក Neumann ​គឺ​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​បុគ្គល​ជាង​ ២២០ ​នាក់​ ដែល​រង​ការ​ប្រកាន់​ពី​បទ​រំលោភ​បំពាន​ ឬ​បង្អាក់​ការ​អនុវត្ត​ច្បាប់​ក្នុង​អំឡុង​ពេល​នៃ​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​ ០៦ ​ខែ​មករា​ លើ​វិមាន​កាពីតូល​។​ មនុស្ស ​​០៤ ​នាក់​បាន​ស្លាប់​នៅ​ថ្ងៃ​នៃ​កុបកម្ម​ ហើយ​មន្ត្រី​ប៉ូលីស​កាពីតូល​ម្នាក់​​ស្លាប់​នៅ​ថ្ងៃ​បន្ទាប់​ដោយ​សារ​រង​របួស​ក្នុង​ពេល​ប៉ះ​ទង្គិច​ជា​មួយ​ក្រុម​កុប្បករ​។​ ​

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner