អាមេរិកដាក់ទណ្ឌកម្មសិទ្ធិមនុស្សទ្រង់ទ្រាយធំលើចិន មីយ៉ាន់ម៉ា និងកូរ៉េខាងជើង

សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​សុក្រសប្ដាហ៌​មុន​​ ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ង​​ទាក់​ទង​នឹង​សិទ្ធិ​មនុស្ស​លើ​បុគ្គល​ និង​អង្គភាព​ជាច្រើន​ដែល​ជាប់​ពាក់​ព័ន្ធ​ជាមួយ​រដ្ឋាភិបាល​​ចិន​ មីយ៉ាន់ម៉ា​ កូរ៉េ​ខាងជើង​ និង​បង់ក្លាដែស​ ហើយ​​រួម​បញ្ចូល​​ក្រុម​ហ៊ុន​បញ្ញា​សិប្បនិមិត្ត​ចិន​ SenseTime Group ​ទៅ​ក្នុង​បញ្ជី​វិនិយោគ​ខ្មៅ​​ ​ដោយ​ចោទ​ប្រកាន់​ពី​ការ​បង្កើត​កម្មវិធី​សម្គាល់​មុខ​ដែល​អាច​កំណត់មុខសញ្ញា​នៃ​​ក្រុម​​ជន​ជាតិ​​​គោលដៅ​។​

​អនុរដ្ឋ​លេខាធិការ​ក្រសួង​រតនាគារ​លោក​ Wally Adeyemo ​​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​៖​ «​សកម្មភាព​របស់​យើង​នៅ​ថ្ងៃ​នេះ​ ជា​ពិសេស​គឺ​ភាព​ជា​ដៃគូ​ជាមួយ​ចក្រភព​អង់គ្លេស​ និង​កាណាដា​ គឺ​ជា​ការ​ផ្ញើ​សារ​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ជុំវិញ​ពិភព​លោក​នឹង​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​អ្នក​ដែល​បំពាន​អំណាច​របស់​អាមេរិក​ដើម្បី​ដាក់​ការ​គាប​សង្កត់​ និង​ធ្វើ​ឱ្យ​ឈឺ​ចាប់​»​។​

កាណាដា​ និង​ចក្រភព​អង់គ្លេស​​ ចូល​រួម​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ខណៈ​ពេល​ដែល​ទីក្រុង​វ៉ាស៊ីនតោន​​ដាក់​ទណ្ឌកម្ម​ថ្មី​ជា​លើក​ដំបូង​លើ​​កូរ៉េខាងជើង​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​ប្រធានាធិបតី ​ចូ​ បៃដិន​ និង​កំណត់​គោលដៅ​លើ​អង្គភាព​យោធា​មីយ៉ាន់ម៉ា​​​។​

​ស្ថានទូត​ចិន​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន​​រិះ​គន់​​ទង្វើ​របស់​សហរដ្ឋ​អាមេរិក​ថា​ជា​ «​ការ​ជ្រៀត​ជ្រែក​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​​ចិន​»​ និង​ជា​ «​ការ​រំលោភ​យ៉ាង​ជ្រៅ​លើ​បទដ្ឋាន​ជា​មូលដ្ឋាន​ដែល​គ្រប់​គ្រង​ទំនាក់​ទំនង​អន្តរជាតិ​»​។​ អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​លោក​ Liu Pengyu ​​និយាយ​ថា​ វា​នឹង​ធ្វើ​ឱ្យ​មាន​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ទំនាក់​ទំនង​ចិន​-​អាមេរិក​ ហើយ​ជំរុញ​ឱ្យ​​ក្រុង​វ៉ាស៊ីនតោន​លុប​ចោល​ការ​សម្រេច​ចិត្ត​នេះ​។​

បេសកកម្ម​របស់​កូរ៉េ​ខាង​ជើង​នៅ​អង្គការ​សហប្រជាជាតិ​ និង​ស្ថានទូត​មីយ៉ាន់ម៉ា​ និង​បង់ក្លាដែស​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន​​មិន​ទាន់​ចេញ​ប្រតិកម្ម​យ៉ាង​ណា​ទេ​។​ យ៉ាង​ណា​មិញ​ ប្រទេស​កូរ៉េ​ខាង​ជើង​​ស្វែង​រក​ការ​ដក​ទណ្ឌកម្ម​ជុំ​វិញ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​​​ពី​សហរដ្ឋអាមេរិក​ និង​ទណ្ឌកម្ម​អន្តរជាតិ​ជា​យូរ​យារ​ណាស់​មក​ហើយ​ ប៉ុន្តែ​កន្លង​មក​បរិហារ​​ការ​​រិះគន់​របស់​សហរដ្ឋអាមេរិក​ចំពោះ​កំណត់​ត្រា​សិទ្ធិ​មនុស្ស​របស់​ខ្លួន​ថា​ ជា​ភស្តុតាង​នៃ​គោល​នយោបាយ​អរិភាព​ប្រឆាំង​នឹង​ក្រុង​ព្យុងយ៉ាង​។​

​ចំណាត់​ការ​ថ្មី​របស់​អាមេរិក​ គឺ​ជា​វិធានការ​ចុង​ក្រោយ​បំផុត​​​នៃ​ការ​ដាក់​ទណ្ឌកម្ម​ដែល​កំណត់​ពេល​ស្រប​ពេល​ជាមួយ​នឹង​កិច្ច​ប្រជុំ​កំពូលតាម​ប្រព័ន្ធ​វិឌីអូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​រយៈ​ពេល​ពីរ​ថ្ងៃ​របស់​លោក​បៃដិន​ ដែល​លោក​​ប្រកាស​ពី​គំនិត​ផ្តួច​ផ្តើម​ដើម្បី​ជំរុញ​លទ្ធិប្រជាធិបតេយ្យ​នៅ​ជុំវិញ​ពិភព​លោក​​។​

​លោក​បៃដិន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ការ​ប្តេជ្ញា​ចិត្ត​ដែល​ធ្វើ​ឡើង​ដោយ​មេដឹកនាំ​ពិភព​លោក​ជាង​ ១០០ ​មួយ​ចំនួន​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ​ នឹងជួយជំរុញ​ការ​​ប្រឆាំង​​នឹង​​ការ​​កើន​​ឡើង​​នូវ​របប​ផ្ដាច់​ការ​ជុំ​វិញ​ពិភព​លោក​ ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស​។​

ប្រភព៖ NBC News

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner