អាល្លឺម៉ង់និយាយថា ពេលវេលាជិតអស់ហើយសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

កាល​ពី​ថ្ងៃ​សៅរ៍​នេះ​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាល្លឺម៉ង់​ព្រមាន​ថា​ពេលវេលា​សម្រាប់​ការ​ចរចា​ស្វែង​រក​ដំណោះ​ស្រាយ​ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​រវាង​អ៊ីរ៉ង់​ និង​មហាអំណាច​ពិភពលោក​គឺ​កំពុង​ជិត​អស់​ហើយ​។

ការ​ចរចា​ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​ចាប់​ផ្ដើម​ឡើង​វិញ​នៅ​ទីក្រុង​វីយ៉ែន​ ប្រទេស​អូទ្រីស​ ដោយ​ភាគី​ទាំង​អស់​ព្យាយាម​វាស់វែង​លទ្ធភាព​ជោគជ័យ ខណៈ​ពេល​ដែល​មាន​ការ​កើន​ឡើង​ភាព​តានតឹង​ជុំវិញ​ការ​ទាមទារ​របស់​អ៊ីរ៉ង់​។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាល្លឺម៉ង់​អ្នក​ស្រី​អាណាលេណា បៀរបូក​ ប្រាប់​សារពត៌​មាន​បន្ទាប់​ពី​កិច្ចប្រជុំ​ G7 នៅ​ក្រុង​លីវ៉ឺភូល​ចក្រភព​អង់គ្លេស​ថា​ អ៊ីរ៉ង់​បាន​ចាប់​ផ្ដើម​ការ​ចរចា​ឡើង​វិញ​ជាមួយ​ជំហរ​ ដែល​ធ្វើ​ឱ្យ​ការ​ចរចា​ដើរ​ថយ​ក្រោយ​វិញ​យ៉ាង​ណាស់​ ៦ ខែ​។ ការ​ចរចា​បច្ចុប្បន្ន​បាន​ចាប់​ផ្ដើម​ក្រោយ​ការ​ផ្អាក​រយៈ​ពេល​ ៥ ខែ​បន្ទាប់​ពី​ការ​ជាប់​ឆ្នោត​របស់​ប្រធានាធិបតី​អភិរក្ស​និយម និង​ប្រឆាំង​លោក​ខាង​លិច​គឺ​លោក​អ៊ីប្រាហ៊ីម រ៉ៃស៊ី​។

អ៊ីរ៉ង់​បាន​បង្ហាញ​ថា​គេ​មិន​ផ្លាស់​ប្ដូរ​ជំហរ​តឹងរ៉ឹង​របស់​ពួកគេ​ទេ​។

មន្ត្រី​ការទូត​ជាន់​ខ្ពស់​អាមេរិក​មួយ​រូប​បាន​និយាយ​ថា​បណ្ដា​ប្រទេស​ G7គឺ​កំពុង​ធ្វើ​កិច្ចពិភាក្សា​ «យ៉ាង​ខ្លាំង»​ ដើម្បី​ស្វែង​រក​ជំហរ​រួម​លើ​កិច្ចចរចា​នុយក្លេអ៊ែរ​។ មន្ត្រី​រូប​នេះ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា​៖ «សេចក្តីថ្លែងការណ៍​នេះ​ក៏​នឹង​មាន​ភាព​រឹង​មាំ​ផង​ដែរ​លើ​សារៈសំខាន់​នៃ​ការ​ធ្វើ​ឱ្យ​អ៊ីរ៉ង់​ត្រឡប់​ទៅ​តុ​វិញ ហើយ​ថា​វា​អាច​ទៅ​រួច​ក្នុង​ការ​បញ្ចប់​កិច្ចព្រមព្រៀង​មួយ ប៉ុន្តែ​ពេល​វេលា​កំពុង​ខើច​ ដូច្នេះ​យើង​ត្រូវ​រួបរួម​គ្នា​នៅ​ក្នុង​នោះ​»​៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner