ក្រសួងការពារជាតិតៃវ៉ាន់៖ ការវាយប្រហារណាមួយរបស់ចិន នឹងត្រូវប្រឈមមុខនូវផលលំបាកយ៉ាងខ្លាំង

ការវាយប្រហារណាមួយរបស់ចិននឹងត្រូវប្រឈមមុខនូវផលលំបាកយ៉ាងខ្លាំងជាទីបំផុត ដោយសារតែទីក្រុងប៉េកាំងមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ និងបញ្ជូនកងទ័ពចូលកោះតៃវ៉ាន់ឡើយ។ នេះបើតាមក្រសួងការពារជាតិកោះតៃវ៉ាន់បញ្ជាក់នៅក្នុងការវាយតម្លៃលើការគំរាមកំហែងចុងក្រោយរបស់ខ្លួន។

ភាពតានតឹងរវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំង ដែលទាមទារកោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន បានកើនឡើងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ នៅពេលដែលប្រទេសចិនបានបង្កើនសកម្មភាពយោធានៅជិតកោះតៃវ៉ាន់ ដើម្បីដាក់សម្ពាធឱ្យប្រទេសនេះទទួលយកការគ្រប់គ្រងរបស់ចិន។ នៅក្នុងរបាយការណ៍មួយផ្ញើទៅកាន់សភាកោះនេះ ក្រសួងការពារជាតិកោះតៃវ៉ាន់បានបញ្ជាក់ថា​ សមត្ថភាពដឹកជញ្ជូនរបស់ចិន នៅមានកម្រិតនៅឡើយក្នុងពេលបច្ចុប្បន្ន ដោយមិនអាចបញ្ជូនកងទ័ពរបស់ខ្លួន ចូលទៅកាន់កោះតៃវ៉ាន់ដោយងាយស្រួលនោះទេ ដ្បិតចិនត្រូវពឹងផ្អែកលើកំពង់ផែ និងការដឹកជញ្ជូនតាមយន្ដហោះ ដែលតម្រូវឱ្យមានអាកាសយានដា្ឋនដើម្បីចុះចត។ ការអត្ថាធិប្បាយរបស់ទីក្រុងតៃប៉ិខាងលើនេះ ចង់សំដៅទៅលើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិក និងជប៉ុន ដែលស្ថិតនៅក្បែរៗកោះតៃវ៉ាន់ស្រាប់ ហើយជប៉ុន និងសហរដ្ឋអាមេរិក សុទ្ធតែធ្លាប់បានបង្ហើបពីចេតនាក្នុងការធានាសន្តិសុខតៃវ៉ាន់រួចទៅហើយ ដោយយោងតាមហេតុផលរៀងៗខ្លួន។

ក្រុមអ្នកជំនាញអន្តរជាតិធ្លាប់បាននិយាយថា ចិនមានសមត្ថភាពគ្រប់គ្រាន់ទៅតាមគ្រប់មធ្យោបាយ ដែលទីក្រុងប៉េកាំងនឹងជ្រើសរើស ដើម្បីវាយក្រសោបយកកោះតៃវ៉ាន់ទាំងមូលបាន ប្រសិនបើការវាយលុកនោះ ស្ថិតក្នុងទ្រង់ទ្រាយធំ។ យ៉ាងណាមិញ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីនវិន កំពុងត្រួតពិនិត្យកម្មវិធីទំនើបកម្មយោធា ដើម្បីធ្វើឱ្យកោះនេះកាន់តែពិបាកវាយប្រហារ ដោយធ្វើឱ្យយោធាកាន់តែចល័ត និងមានអាវុធច្បាស់លាស់ ដូចជាមីស៊ីលរយៈចម្ងាយឆ្ងាយជាដើម៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner