កាន់តែច្បាស់​! ហេតុផល​នៃ​ការនិយាយ​មួលបង្កាច់ បំភ្លៃ​ការពិត ជេរប្រមាថ​របស់​ក្រុម​សកម្មជន​ គឺ​ដើម្បី​បាន​សិទ្ធិទៅ​រស់នៅ​ប្រទេស​ទី​៣

ភ្នំពេញ ៖ ​នៅ​ថ្ងៃទី​១៣ ​ខែធ្នូ​ ឆ្នាំ​២០២១​នេះ ​វិទ្យុ​បរទេស​ជា​ខេមរភាសា​បាន​ផ្សព្វផ្សាយ​អំពី​ព័ត៌មាន​ដែលថា អតីត​សង្ឃ បូរ បេ​ត កាលពី​យប់​រំលងអធ្រាត្រ​ថ្ងៃទី​១២​ ខែធ្នូ​ ឆ្នាំ​២០២១ ម្សិលមិញ​ បាន​ចាក​ចេញពី​ប្រទេស​ថៃ​ដោយ​សុវត្ថិភាព​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ប្រទេស​ស្វី​ស (Switzerland) ជា​ទឹកដី​ដែល បូរ បេ​ត ទទួលបាន​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​។​

​លោក បូរ បេ​ត បាន​អួត​ប្រាប់​វិទ្យុ​នោះ​ថា នៅពេល​លោក​ទៅដល់​ទឹកដី​នៃ​ប្រទេស​ស្វី​ស លោក​នឹង​និមន្ត​ទៅ​គង់នៅ​វត្ត​ជាមួយ​ព្រះតេជព្រះគុណ លួ​ន សុ​វ៉ាត​។ សង្ឃ លួ​ន សុ​វ៉ាត បានគេច​ចេញពី​កម្ពុជា​ ពីព្រោះ​តែ​រឿង​បំផ្លាញ​ព្រះពុទ្ធសាសនា​ដោយ​ប្រព្រឹត្ត​នូវ​សកម្មភាព មាន​ស្រី​ញី​។​ ប៉ុន្តែ​នៅពេល​ផ្ទុះ​រឿងអាស្រូវ​បំផ្លាញ​វិស័យ​សាសនា សង្ឃ​នេះ ​បាន​ភៀស​ព្រះកាយ​ក្រោម​ហេតុផល​ថា​​អាជ្ញាធរ​តាម​រករឿង​ខ្លួន ​ព្រោះតែ​ខ្លួន​និយាយ​រិះគន់​រដ្ឋាភិបាល​រឿង​ព្រៃឈើ​។​

​តើ បូរ បេ​ត ជា​នរណា​?​ សង្ឃ បូរ បេ​ត បាន​ភៀស​ព្រះកាយ​មក​គង់នៅ​ប្រទេស​ថៃ​កាលពី​ខែវិច្ឆិកា ​ឆ្នាំ​២០២០​។ ​ការ​គេចនៅពេលនោះ​ត្រូវបាន​សង្ឃ​នេះ ​និយាយ​ទាំង​បំពាន ​និង​ធ្វើជា​ភ័យ​ស្លន់ស្លោ​រថា គឺ​ដើម្បី​គេច​ខ្លួ​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ​កម្ពុ​ជា ​ក្រោយពេល​ព្រះអង្គ​បាន​ចូលរួម​តវ៉ា​ដោយ​សន្តិវិធី​ទាមទារ​ឱ្យ​ដោះលែង​មេដឹកនាំ​សហជីព​លោក រ៉ុង ឈុន​។ ក្នុងពេល​គង់នៅ​ប្រទេស​ថៃ ព្រះអង្គ​តែងតែ​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល ក្នុង​រឿង​រំលោភសិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ ព្រមទាំង​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ជាដើម​។ សង្ឃ បូរ បេត ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន ​និង​ផ្សឹក​កាលពី​ថ្ងៃទី​១ ខែធ្នូ ​ឆ្នាំ​២០២១ តែ​ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​វិញ​នៅ​ថ្ងៃទី​៣ ខែធ្នូ បន្ទាប់ពី​អន្តរាគមន៍​ជាច្រើន​ពី​អង្គការ​អន្តរជាតិ​ ដែល​ជួយ​រៀបចំ​គម្រោង​ឱ្យ​ចាកចេញ​នេះ​ផង​។​

​ទន្ទឹមនឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង បូរ បេ​ត នេះ ភ្លាមៗ​នោះ​ ក៏មាន​អ្នក​ចូលទៅ​ខម​មិនជា​ច្រើនក្នុង​បណ្ដាញសង្គម​របស់​វិទ្យុ​នេះ​។ ​ការបញ្ចេញ​យោបល់​ភាគច្រើន​របស់​មហាជន​គឺ រិះគន់​ចំពោះ​សកម្មភាព​ដ៏​គួរឱ្យ​ស្អប់ខ្ពើម​នៃ​​សង្ឃ បូរ បេ​ត​។

អ្នក​បញ្ចេញយោបល់​ខ្លះ​បាន​លើកឡើងថា ខ្លួន​កាន់សីល១០ មិន​វៀរចាក​នូវ​ការ​ឈឺឆ្អាល​រឿង​នយោបាយ រឿងតិ​ទៀន។ គ្មាន​ខំ​អាន​ព្រះធម៌​។ មតិ​ខ្លះ​ថា ចឹ​ង​បានជា​ខំ​ណាស់ ព្រោះ​អាង​បាន​សិទ្ធិ​ជ្រកកោន​នយោបាយ​ដេកស៊ីប្រាក់ខែ​គេ​ចិញ្ចឹម។ ជន​លក់​ខួរ ខំ​តែ​អា​រឿង​អុចអាល​កម្ពុជា ផ្សាយ​តែ​រឿង​មិន​ពិត។ ​ឱ្យ​បរទេស​បង្វិល​ក្បាល​!​។​

មតិ​ខ្លះ​ថា យក​លេស​បួស ខំប្រឹង​ជេរប្រមាថ​មួលបង្កាច់​គេ​សោះ ដើម្បី​បាន​សិទ្ធិ​ទៅ​នៅក្រៅ​ប្រទេស​ចាំតែ​ដេកស៊ី​ប្រាក់គេ​ចិញ្ចឹម សង្ឃ​ម៉ាកៗ​នេះ​ធ្វើឱ្យ​ខូច​ដល់​សាសនា​។ មតិ​ខ្លះ​ថា អ៊ីចឹង​បានជា​គេ​ចូលចិត្ត​ជេរប្រមាថ​ផ្សព្វផ្សាយ​ព័ត៌មានមិន​ពិត​ពី​កម្ពុជា ព្រោះ​ក្រោយ​ជេរប្រមាថ​ហើយ បាន​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅក្រៅ​ប្រទេស​ មិន​ហត់​ធ្វើការ​លំបាកលំបិន​។ ​មតិ​ខ្លះ​ថា សង្ឃ​អត់​សីល​ខ្ជិល​ខំប្រឹង​ធ្វើការ​។​ បួស​ធ្វើ​នយោបាយ​ជេរប្រមាថ​មួលបង្កាច់​ដើម្បី​បាន​សិទ្ធិបាន ទៅ​នៅក្រៅ​ប្រទេស​ឱ្យគេ​ចិញ្ចឹម​។ ​ខ្លះ​ថា អ៊ីចឹង​តើ​បាន​គេ​ចូលចិត្ត​ជេរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា …​។ ​ការពិត​ចឹ​ង​សោះ ចឹ​ង​បានជា​ចូលចិត្ត​ជេរប្រមាថ ផ្សព្វផ្សាយ​ញុះញង់ ដែលជា​ព័ត៌មាន​មិន​ពិត​ពី​កម្ពុជា​សោះ ដោយសារតែ​ជេរប្រមាថ​ទៅ ដើម្បី​បាន​សិទ្ធិ​ជ្រកកោណ​នយោបាយ​នៅក្រៅ​ប្រទេស​សោះ​។​ មតិ​ខ្លះ​ក៏បាន​ចំអក​ឱ្យ​ថា “​បាន​ដូច​បំណង​ហើយ អា​ត្រងោល​កូន​ប៉ា​”…​។​ល​។​និង​។​ល​។​

ការពិត​រាល់​ការបញ្ចេញមតិ​ខាងលើ មិនមែន​ជាការ​ច្រណែន​លើ​បុគ្គល បូរ បេត ទេ​។ ប៉ុន្តែ​អ្វីដែល​គួរតែ​លាតត្រដាង​​ឱ្យឃើញ​ពី​គំនិត​ទុច្ចរិត​របស់​ពួកគេ​គឺ សកម្មភាព​ទាំងឡាយ​ដែល​ បូរ បេ​ត បាន​និយាយ បានធ្វើ​មិនមែន​ព្រោះតែ​ស្នេហា​​ជាតិ​ដូច បូរ បេ​ត និយាយ​នោះឡើយ​។​

អ្នកវិភាគ​ឯករាជ្យ​មួយរូប​បាន​បញ្ចេញយោបល់​ថា សកម្មជន​ទាំងឡាយ​ដែល​តែងតែ​ពើងទ្រូង​អួតអាង​ថា​ខ្លួន​ជាអ្នក​សេ្ន​ហា ហើយ​និយាយ​កាច់​មួលបំភ្លៃ​ការពិត ជេរប្រមាថ​មកលើ​ថា្នក់​ដឹកនាំ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​កម្ពុជា និយាយ​ញុះញង់​បំបែកបំបាក់ ការប្រើ​វោហា​សាស្ត្រ​ដោយ​គ្មាន​ពិត​ និង​គ្មាន​ការទទួលខុសត្រូវ​រប​ស់​ក្រុម​ពួក​សកម្មជន​​នេះ គឺដើម្បី​បានទទួល​ទៅ​រស់​ប្រទេស​ទី​បី​តែប៉ុណ្ណោះ​។ គេ​ធ្វើ​សកម្មភាព​បែបនេះ ​ដើម្បី​បំពេញចិត្ត​ជនបរទេស​ដែល​​នៅ​ពី​ក្រោយខ្នង​ដែល​រៀបចំ​ឈុត​ឆាក​ឱ្យ​ពួកគេ​សម្ដែង​។​

​អ្នកវិភាគ​បាន​បន្តថា គ្មានអ្វី​ដែលជា​ការពិត​ឡើយ​នៅ​រាល់​ការលើកឡើង​ដែល​ពួកគេ​បានធ្វើ កំពុង​ធ្វើ និងបន្តធ្វើ់ ព្រោះ​​ពួកគេ​មាន​គោលដៅ​ច្បាស់លាស់ គឺ​ជេរប្រមាថ បំភ្លៃ បង្ក​ភាពវឹកវរ ដល់​សង្គមជាតិ ឱ្យមាន​បញ្ហា​លើផ្លូវ​ច្បាប់​
​ហើយ​គេ​យក​លេស​នេះ ​ដើម្បី​ចាកចេញ​ទៅ​ក្រៅប្រទេស​ទៅ​រស់នៅ​ប្រទេស​ទី​បី​។ គេ​ជា​អ្នក​ស្នេហា​ក្លែងក្លាយ​!​។​ ​ជា​ជន​ដែល​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​យកមុខ​មាត់​ប្រទេស យក​ការពិត​មក​ជាន់ឈ្លី​តែប៉ុណ្ណោះ​។​ តើ​យើង​គួរ​ជឿ​លើ​សម្ដី​ក្រុម​នេះ​តទៅទៀត​ទេ​?៕
ដោយៈជម្ពូនុទ


ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner