តៃវ៉ាន់ចោទចិនថា ទំនងជាប្រើការធ្វើសមយុទ្ធយោធា ដើម្បីបង្កការឈ្លានពានកោះតៃវ៉ាន់

តៃប៉ិ៖ ក្រសួងការពារជាតិតៃវ៉ាន់ព្រមានថា ចិនអាចនឹងដាក់ពង្រាយកម្លាំងនៅជិតកោះតៃវ៉ាន់ ក្រោមលេសថា ធ្វើសមយុទ្ធ ហើយបន្ទាប់មកប្រើប្រាស់សមយុទ្ធដើម្បីធ្វើការឈ្លានពានយ៉ាងពិតប្រាកដ។ នេះបើតាមកាសែតជប៉ុន NHK។

របាយការណ៍របស់ក្រសួងការពារជាតិតៃវ៉ាន់ដែលដាក់ជូនសភា បានបញ្ជាក់ថា ក្រោមលេសនៃការធ្វើសមយុទ្ធជាដំណាក់កាល ប្រទេសចិនអាចនឹងដាក់ពង្រាយកងកម្លាំងនៅឆ្នេរសមុទ្រភាគខាងកើត និងខាងត្បូងនៃប្រទេសចិន។ លើសពីនេះ ក្រសួងការពារជាតិតៃវ៉ាន់បន្តថា ទីក្រុងប៉េកាំងអាចនឹងបញ្ជូននាវាចម្បាំងទៅកាន់ប៉ាស៊ីហ្វិកខាងលិច ក្នុងមធ្យោបាយមួយ ដើម្បីឡោមព័ទ្ធកោះតៃវ៉ាន់។ កងកម្លាំងអាចបាញ់កាំជ្រួច និងចាប់ផ្តើមប្រតិបត្តិការចុះចត ដើម្បីដណ្តើមយកកោះតៃវ៉ាន់ក្នុងរយៈពេលដ៏ខ្លីបំផុត ជាមួយនឹងការខាតបង់តិចតួចបំផុត។ ទោះជាយ៉ាងណាក៏ដោយ ឯកសារនេះបានបន្ថែមថា យោធាចិននឹងមានបញ្ហាក្នុងការចុះចត និងផ្គត់ផ្គង់កងទ័ព ដោយសារសមត្ថភាពដឹកជញ្ជូនរបស់ចិននៅមានកម្រិតនៅឡើយ។

របាយការណ៍ក្រសួងនេះក៏បានចង្អុលបង្ហាញដែរថា បច្ចុប្បន្នវាពិបាកសម្រាប់យោធារបស់ប្រទេសចិនក្នុងការផ្តោតសំខាន់លើធនធានលើកោះតៃវ៉ាន់ ដោយ សារតែទីក្រុងប៉េកាំងកំពុងត្រូវបានត្រួតពិនិត្យដោយសហរដ្ឋអាមេរិក និងជប៉ុន។ បន្ថែមលើនេះ វិវាទដែលកំពុងបន្តរបស់ចិនជាមួយឥណ្ឌា វៀតណាម និងប្រទេសផ្សេងទៀត ក៏ជាឧបសគ្គមួយទៀតដែរ។ របាយការណ៍នេះធ្វើឡើងនៅពេលដែលអាជ្ញាធរការពារជាតិតៃវ៉ាន់ព្យាយាមទទួលបានថវិកាបន្ថែម ដើម្បីផលិតមីស៊ីលរយៈចម្ងាយឆ្ងាយ និងបង្កើនសមត្ថភាពការពារខ្លួនរបស់ពួកគេ។ របាយការណ៍​នេះដែរ ក៏បាន​ព្រមាន​ពី​សម្ពាធ​ដែល​កំពុង​កើនឡើង​ពី​សំណាក់​យោធា​ចិន ខណៈដែលរដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng ធ្លាប់បាននិយាយថា ប្រទេសចិននឹងអាចឈ្លានពានតៃវ៉ាន់បានពេញលេញនៅឆ្នាំ២០២៥៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner