លោក ស៊ី និងលោក ពូទីន នឹងប្រើជំនួបតាមវីដេអូអនឡាញនៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីពិភាក្សាគ្នាលើបញ្ហាអន្តរជាតិ និងតំបន់ដែលជាក្តីកង្វល់រួម

ប៉េកាំង៖ ក្រសួងការបរទេសចិនបានប្រកាសថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងជួបពិភាក្សាតាមរយៈប្រព័ន្ធវីដេអូអនឡាញជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងថ្ងៃពុធសប្តាហ៍នេះ។

មេដឹកនាំទាំងពីរក៏ធ្លាប់បានជួបពិភាក្សាគ្នាតាមរយៈតំណភ្ជាប់វីដេអូផងដែរ កាលពីចុងខែមិថុនាកន្លងទៅ ខណៈដែលកិច្ចប្រជុំថ្មីខាងលើនេះ ត្រូវបានធ្វើឡើងចំពេលភាពតានតឹងនៅតំបន់ព្រំដែនរុស្ស៊ី-អ៊ុយក្រែនកំពុងឡើងកម្តៅ ដែលធ្វើអោយសហគមន៍អន្តរជាតិចាប់អារម្មណ៍ជាខ្លាំង។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទដើមសប្តាហ៍នេះថា លោក ស៊ី​ និងលោក ពូទីន នឹងសង្ខេបការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី និងសមិទ្ធិផលសហប្រតិបត្តិការដែលប្រទេសទាំងពីរសម្រេចបានក្នុងវិស័យផ្សេងៗ។ លោក Wang បន្ថែមថា មេដឹកនាំទាំងពីរក៏នឹងរៀបចំផ្លូវអភិវឌ្ឍន៍នាពេលអនាគតនៃទំនាក់ទំនងទ្វេភាគី ក៏ដូចជាផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗដែលជាកង្វល់រួម។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន កិច្ចប្រជុំខាងលើនេះត្រូវបានគេរំពឹងថានឹងពង្រឹងបន្ថែមទៀតនូវទំនុកចិត្តកម្រិតខ្ពស់លើគ្នាទៅវិញទៅមក ក៏ដូចជាជំរុញការសម្របសម្រួលយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងចិន-រុស្ស៊ី ដើម្បីស្ថិរភាពស្ថានភាពអន្តរជាតិដែលកំពុងជាប់គាំង៕ ប្រភព៖ CNBC និង CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner