ការតាំងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាលើកទី៣ នៅកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៩ ខែធ្នូ

ការតាំងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show) នឹងប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃពេញ នៅឯមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ នាថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ បន្ទាប់ពីខកខានកាលពីឆ្នាំ២០២០ ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតសកលកូវីដ១៩។

គោលបំណងនៃពិព័រណ៍យន្តហោះ និងបចេ្ចកវិទ្យានេះ គឺដើម្បីបំផុសទឹកចិត្តយុវជន ដែលមានទេពកោសល្យ និងសមត្ថភាពផ្នែកយន្តហោះ និងបច្ចេកវិទ្យារបស់កម្ពុជា បង្ហាញនូវសមិទ្ធផល និងការច្នៃប្រឌិតបង្កើតថ្មីរបស់ខ្លួន ជូនដល់មហាជន ក៏ដូចជាការដាក់តាំងបង្ហាញនូវយន្តហោះផងដែរ។

ម្យ៉ាងវិញទៀត ពិព័រណ៍នេះ ក៏ជាការផ្តល់ឱកាសដល់សាធារណជន សិស្សានុសិស្ស និងអ្នកទស្សនាបានមកទទួលយកនូវបទពិសោធ ចំណេះដឹង និងព័ត៌មានក្នុងអំឡុងពេលនៃការតាំងពិព័រណ៍ ពីអ្នកតាំងពិព័រណ៍ដែលមកពីវិទ្យាល័យ និងមហាវិទ្យាល័យ ក៏ដូចជាអ្នកបើកយន្តហោះ ដែលឈរនៅក្បែរយន្តហោះផា្ទល់តែម្ដង។

គួររំឭកផងដែរថា កម្មវិធីនេះ មិនត្រឹមតែការតាំងពិព័រណ៍យន្តហោះ និងការតាំងបង្ហាញស្នាដៃបច្ចេកវិទ្យាពីសំណាក់សិស្សនិស្សិតប៉ុណ្ណោះទេ ក៏ប៉ុន្តែកម្មវិធីនេះក៏បានរៀបចំនូវការប្រកួតចំនួន២ផងដែរ គឺការប្រកួតយន្តហោះកៅស៊ូ និងរ៉ូបូតមនុស្សយន្ត ដែលសមាសភាពបេក្ខជនចូលរួម គឺត្រូវបានជម្រើសចម្រាញ់ចេញពីសិស្សវិទ្យាល័យ និងនិស្សិតនៅមហាវិទ្យាល័យ ដែលមានទេពកោសល្យ និងសមត្ថភាពផ្នែកយន្តហោះ និងបច្ចេកវិទ្យាផងដែរ។

ពិព័រណ៍យន្តហោះ និងបចេ្ចកវិទ្យា ត្រូវបានបង្កើត និងរៀបចំឡើងដោយក្រុមយុវជនកម្ពុជាមកពី សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដែលមានចំណង់ចំណូលចិត្តលើមុខវិជ្ជាយន្តហោះ អាកាសចរណ៍ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ៕

ads banner