ក្រសួងសាធារណការនិងដឹកជញ្ជូននឹងបើកការដ្ឋាន គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ប្រវែងសរុប១៤៨គីឡូម៉ែតក្នុងខេត្តកោះកុង

ការគ្រោងនឹងបើកការដ្ឋាននេះបានធ្វើឡើងក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក សូរ វ៉ិចទ័រ សម្រាប់រៀបចំពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ទទួលបន្ទុក សមាជិកសមាជិកានៃអនុគណៈកម្មការត្រៀមរៀបចំ និងក្រុមកាងារបច្ចេកទេសពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការងារត្រៀមរៀបចំពិធីរបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ដើម្បីស្វែងរកដំណោះស្រាយចំពោះសំណូមពរ ក៏ដូចជាបញ្ហាប្រឈម មួយចំនួនដែលគណៈកម្មការ និងអនុគណៈកម្មការនីមួយៗបានជួបប្រទះអំឡុងពេលបំពេញការងាររបស់ ខ្លួន។

ពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមឥណទាន សម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា។

គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នេះ មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ផ្ដើមពី ចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងនេះរួមមាន ផ្លូវពីរគន្លងមានប្រវែង ១២២,៩គីឡូម៉ែត្រ ទទឹងផ្លូវ១១ម៉ែត្រផ្លូវ ៤គន្លងមានប្រវែង២៥,១គីឡូម៉ែត្រ ទទឹងចាប់ពី១៨,៥ ម៉ែត្រដល់ ២១,៥ម៉ែត្រ៕

ads banner