ប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច អបអរសាទរសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ នៃគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ ៖ ប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានធ្វើលិខិតអបអរសាទរសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣  នៃគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានសម្រេចជាឯកច្ឆន្ទបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត និងបោះឆ្នោតជ្រើសតាំងបន្ថែមសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមលិខិតរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ គោរពជូនសម្តេចតេជោ ហ៊ុនសែន។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានសម្តែងនូវការកោតសរសើរដ៏ស្មោះចំពោះអង្គសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ភ្លឺស្វាងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានការគិតគួរយកចិត្តទុកដាក់ខ្ពស់ និងបានផ្តល់ឱកាសចំពោះយុវជនជាអ្នកបន្តវេន ក្នុងការចូលរួមដឹកនាំនិងសម្រេចការងារឱ្យកាន់តែមានភាពខ្លាំងក្លា និងមានភាពជោគជ័យដ៏ល្អប្រសើរ ថែមទៀតសម្រាប់តទៅអនាគត។ 

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានបញ្ជាក់ថា គណបក្សហ៊្វុនស៊ិនប៉ិច បាននិងកំពុងខិតខំប្រឹងប្រែងកែលំអ និងពង្រឹងគណបក្សហ៊្វុនស៊ិនប៉ិចឡើងវិញ ដើម្បីស្ដារកិត្តិយស កិត្យានុភាព ឱ្យក្លាយជាកម្លាំងជាតិមួយដ៏ខ្លាំង ក្នុងបំណងចូលរួមកសាងប្រទេសជាតិ និងបានខិតខំប្រឹងប្រែងបន្តនូវសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច នាបច្ចុប្បន្នកាល ក៏ដូចអនាគតកាល ឱ្យកាន់តែរឹងមាំ និងទុកចិត្តគ្នាជាលំដាប់ ដើម្បីបម្រើផលប្រយោជន៍ប្រជារាស្ត្រ និងប្រទេសជាតិ ជាពិសេសលើកស្ទួយជីវភាពប្រជារាស្ត្រ និងបន្តរក្សានិរន្តរភាពនៃរបបរាជានិយមនិងព្រះរាជបល្ល័ង្ក។

សូមជម្រាបថា សន្និបាតគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា លើកទី៤៣ អាណត្តិទី៥ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១បានសម្រេចជាឯកច្ឆន្ទបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងជ្រើសតាំងឯកឧត្តមហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។ សន្និបាតក៏បានបោះឆ្នោតជ្រើសតាំងបន្ថែមសម្តេចពិជ័យសេនាទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ហើយបានពិភាក្សាអំពីកិច្ចការមួយចំនួនស្តីពីការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។អង្គសន្និបាតបានយល់ជ្រួតជ្រាបស៊ីជម្រៅអំពីខ្លឹមសារនៃទស្សនៈសភាពការណ៍ឆ្នាំ២០២១ និងទិសដៅភារកិច្ចសំខាន់ៗ របស់គណបក្សក្នុងឆ្នាំ២០២២៕ 

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner