ក្រសួងការបរទេសចិនជំរុញអោយកាណាដាទម្លាក់ការយល់ខុសអំពីប្រទេសចិន
ប៉េកាំង៖ ក្រសួងការបរទេសចិន នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានអំពាវនាវឱ្យកាណាដាបោះបង់ចោលការយល់ខុសរបស់ខ្លួនអំពីប្រទេសចិន ហើយបន្តគោលនយោបាយវិជ្ជមាន និងជាក់ស្តែងចំពោះប្រទេសចិន។
នៅក្នុងបទសម្ភាសន៍ចុងឆ្នាំដែលបានចាក់ផ្សាយកាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ បានថ្លែងថា បណ្តាប្រទេសលោកខាងលិចត្រូវតែត្រូវរួមកម្លាំងគ្នាឲ្យខ្លាំងជាងមុន ដើម្បីការពារកុំអោយចិនអាចបំបែកបំបាក់សម្ព័ន្ធមិត្តលោកខាងលិច និងអាចប្រើការបង្ខិតបង្ខំការទូតបាន។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហ្សោ លីចៀន បាននិយាយថា ការលើកឡើងនេះមិនត្រូវគ្នានឹងការពិតទេ ហើយពោរពេញទៅដោយការយល់ខុស និងការវិនិច្ឆ័យខុសលើប្រទេសចិន។ លោក ហ្សោ បន្ថែមថា ចិនប្តេជ្ញាអភិវឌ្ឍន៍ដោយសន្តិវិធី ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាមួយប្រទេសទាំងអស់ក្នុងពិភពលោក ហើយថា ទំនាក់ទំនងការទូតរបស់ប្រទេសចិន គឺបើកចំហ និងត្រឹមត្រូវ ហើយមិនដែលចូលរួមក្នុងការញុះញង់ ឬការបង្ខិតបង្ខំឡើយ។
លោក ហ្សោ បន្ថែមទៀតថា ទំនាក់ទំនងរវាងចិន-កាណាដាឥឡូវនេះកំពុងស្ថិតនៅផ្លូវបំបែក ហើយភាគីកាណាដាត្រូវតែស្វែងយល់ថាតើខ្លួនមើលឃើញប្រទេសចិនជាដៃគូ ឬជាគូប្រជែង។ លោក ហ្សោ បញ្ជាក់ទៀតថា យើងសង្ឃឹមថា ភាគីកាណាដាអាចជួបជាមួយប្រទេសចិនពាក់កណ្តាលផ្លូវ ហើយនាំទំនាក់ទំនងចិន-កាណាដាត្រឡប់ទៅរកផ្លូវត្រូវនៃការអភិវឌ្ឍន៍វិញ៕ ប្រភព៖ CGTN