ជប៉ុននឹងតភ្ជាប់ប្រព័ន្ធទូរស័ព្ទរហ័សជាមួយចិននៅឆ្នាំ២០២២
ជប៉ុននឹងតភ្ជាប់ប្រព័ន្ធទូរស័ព្ទរហ័សជាមួយចិនឱ្យបានមុនដំណាច់ឆ្នាំ២០២២នេះតទៅ។ នេះបើតាមការលើកឡើងរបស់ក្រសួងការពារជាតិជប៉ុន។ ការភ្ជាប់ប្រព័ន្ធទូរស័ព្ទរហ័សនេះអាចជួយសម្រួលដល់ការប្រាស្រ័យឱ្យបានទាន់សភាពការណ៍ ក្នុងករណីដែលប្រទេសទាំងពីរប្រឈមមុខដាក់គ្នានៅតំបន់ជម្លោះដូចជានៅសមុទ្រចិនខាងកើត និងស្ថានការណ៍តៃវ៉ាន់ជាដើម។
ការព្រមព្រៀងគ្នានេះធ្វើឡើងក្នុងជំនួបរវាងលោករដ្ឋមន្ត្រីការពារជាតិជប៉ុន ណូប៊ូ គីស៊ី (Nobuo Kishi) និងលោក អួយ ហ្វឹងហឺ (Wei Fenghe) រដ្ឋមន្ត្រីការពារជាតិចិនកាលពីថ្ងៃច័ន្ទកន្លងទៅ។
យ៉ាងណាមិញ ខាងចិនមិនបានបញ្ជាក់ច្បាស់អំពីការតភ្ជាប់ប្រព័ន្ធទូរស័ព្ទនោះទេ ដោយគ្រាន់តែថា រដ្ឋមន្ត្រីទាំងពីរខាងលើព្រមព្រៀងគ្នាក្នុងការពង្រឹងការប្រាស្រ័យទាក់ទងជាមួយគ្នា។
បន្ថែមពីនេះទៅទៀត ក្រសួងការពារជប៉ុនបានលើកឡើងថា លោក គីស៊ី បានបង្ហាញ «ក្ដីព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការប៉ុនប៉ងរបស់ចិនក្នុងការផ្លាស់ប្ដូរស្ថានការណ៍បច្ចុប្បន្ន តាមរយៈការគំរាមកំហែង។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីជប៉ុនបានប្រាប់រដ្ឋមន្ត្រីចិនថា សន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់មានសារៈសំខាន់យ៉ាងខ្លាំងចំពោះសន្តិសុខជប៉ុន និងស្ថិរភាពសហគមន៍អន្តរជាតិ៕
ប្រភព៖ FT