តុលាការកំពូលរុស្សីរំលាយអង្គការសិទ្ធមនុស្ស
កាលពីថ្ងៃអង្គារ ទី២៨ ធ្នូ តុលាការកំពូលបានបញ្ជាឱ្យរំលាយអង្គការ Memorial International ដែលជាអង្គការសិទ្ធិមនុស្សមួយដែលបានធ្វើការជាង៣០ឆ្នាំក្នុងការស៊ើបអង្កេត និងបង្ហាញអំពីការរំលោភបំពាន និងអំពើឃោរឃៅនៃសម័យផ្ដាច់ការស្តាលីននិយម។
តុលាការកំពូលរុស្សីបានរកឃើញថាអង្គការ Memorial International បានបំពានច្បាប់ស្ដីពី «ភ្នាក់ងារបរទេស» ដែលតម្រូវឱ្យអង្គការក្រៅរដ្ឋាភិបាល ដែលទទួលថវិកាពីបរទេស និងចូលរួមក្នុងសកម្មភាពនយោបាយ ចុះឈ្មោះជា «ភ្នាក់ងារបរទេស» ហើយត្រូវរងសវនកម្មបន្ថែម និងការរឹតបន្តឹងមួយចំនួនទៀត។ ប៉ុន្តែអង្គការនេះ បាននិយាយថាមូលហេតុពិតប្រាកដនៃការបិទគឺដោយសារអាជ្ញាធរមិនយល់ព្រមលើការងាររបស់ខ្លួន។
វីដេអូដែលបានបង្ហោះលើបណ្តាញសង្គមបានបង្ហាញឱ្យឃើញអ្នកគាំទ្រ Memorial International បានស្រែកថា «អាម៉ាស់ ខ្មាស!» នៅតាមសាល និងនៅច្រកចូលអគារតុលាការ ភ្លាមៗ បន្ទាប់ពីការសម្រេចនេះ។
យ៉ាងហោចណាស់មនុស្ស ៧ នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួននៅខាងក្រៅអគារតុលាការ នេះបើតាមក្រុមឃ្លាំមើលឯករាជ្យ OVD-Info ប៉ុន្តែអង្គការនេះបាននិយាយថាក្នុងចំណោមនោះមានមនុស្ស ៣ នាក់ដែលគេសង្ស័យថាជាអ្នកញុះញង់ដែលមានគោលបំណងតែមួយគត់គឺដើម្បីបង្កឱ្យមានការបំផ្លិចបំផ្លាញ មិនមែនគាំទ្រ Memorial International ទេ។
កាលពីខែវិច្ឆិកា ខុទ្ទកាល័យអគ្គរដ្ឋអាជ្ញារុស្សីបានស្នើសុំការរំលាយ Memorial International ក្រោមការចោទប្រកាន់ថាអង្គការនេះបានបំពានច្បាប់ម្ដងហើយម្ដងទៀត ដោយការខកខានមិនបានសម្គាល់ការបោះពុម្ពផ្សាយទាំងអស់របស់ខ្លួនថាជាស្នាដៃរបស់ «ភ្នាក់ងារបរទេស»។ អង្គការនេះត្រូវបានក្រសួងយុត្តិធម៌រុស្សីចាត់ទុកជា «ភ្នាក់ងារបរទេស» ចាប់តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ៕
ប្រភព៖ CNN