កម្ពុជាដាក់នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ទៅកាន់លេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ
ភ្នំពេញ៖ក្រសួងបរិស្ថានបានឱ្យដឹងថា កម្ពុជាបានដាក់ជូននូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) ទៅកាន់លេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (UNFCCC) កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។
ក្រសួងបរិស្ថានបានឱ្យដឹងថា ការដាក់ជូនយុទ្ធសាស្រ្តនេះ គឺស្របតាមការប្តេជ្ញាចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងកិច្ចប្រជុំកំពូលស្ដីពីមហិច្ឆតាអាកាសធាតុ របស់អង្គការសហប្រជាជាតិ ឆ្នាំ២០២០ ដើម្បីដាក់ឱ្យប្រើប្រាស់នៅដំណាច់ឆ្នាំ២០២១។ ការរៀបចំយុទ្ធសាស្ត្រនេះជាជំហានមួយដ៏សំខាន់សម្រាប់កម្ពុជាក្នុងនាមជាប្រទេសគាំទ្រ នូវសកម្មភាពពហុភាគីក្នុងកិច្ចការងារប្រែប្រួលអាកាសធាតុ ដើម្បីបង្ហាញភាពជាដឹកនំាតាមរយៈការអនុវត្តជាក់ស្តែងនូវសកម្មភាពអាកាសធាតុ។
ក្រសួងបានបញ្ជាក់បន្ថែមថាកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសភាគីនៃអនុសញ្ញា UNFCCC ចំនួន ៤៩ ដែលបានដាក់ជូននូវយុទ្ធសាស្រ្តនេះទៅកាន់លេខាធិការដ្ឋានអនុសញ្ញា UNFCCC គិតត្រឹមពេលបច្ចុប្បន្ន ហើយជាប្រទេសអភិវឌ្ឍន៍តិចតួចទីពីរដែលបានដាក់ជូនយុទ្ធសាស្ត្រនេះដោយកំណត់ គោលដៅច្បាស់លាស់សម្រាប់អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។ ប្រការនេះបញ្ជាក់អំពីសក្ខីភាពមួយថ្មីទៀតលើការប្តេជ្ញាចិត្តដ៏រឹងមាំ សង្គតិភាព និងមានឆន្ទៈនយោបាយខ្ពស់ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានេះក្រសួងបរិស្ថានឱ្យដឹងដែរថា “ទោះបីកម្ពុជា ចូលរួមចំណែកតិចតួចក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្តី តែតាមរយៈយុទ្ធសាស្រ្តនេះ កម្ពុជាបានបង្ហាញឆន្ទៈ និង ជំហររបស់ខ្លួនក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ផ្អែកតាមគោលការណ៍ «ការទទួលខុសត្រូវរួម ប៉ុន្តែកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន»។
ក្រសួងថា យុទ្ធសាស្រ្តនេះ មានគោលបំណងដើម្បីផ្តល់នូវផែនទីបង្ហាញផ្លូវ ផ្អែកលើការវិភាគគ្រប់ជ្រុងជ្រោយ និងសេណារីយ៉ូពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចសំខាន់ៗ រួមទាំង សកម្មភាពកាត់បន្ថយអាទិភាព ដើម្បីឈានឆ្ពោះទៅសម្រេចបានការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូននាពេលអនាគត។ យុទ្ធសាស្រ្តនេះរួមបញ្ចូលការវិភាគអំពីតុល្យភាពរវាងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ការរីកចម្រើនសេដ្ឋកិច្ច យុត្តិធម៌សង្គម និងភាពធន់នឹងអាកាសធាតុ។
គួរបញ្ជាក់ថាកម្ពុជាអាចសម្រេចបានអព្យាក្រឹតកាបូនត្រឹមឆ្នំា២០៥០ តាមរយៈ ១) ការបន្តកិច្ចខិតខំប្រឹងប្រឹងលើការអនុវត្តកម្មវិធីកាត់បន្ថយការបញ្ចេញឧស្ម័នដែលកើតឡើងដោយសារការបាត់បង់ និងការរេចរឹលព្រៃឈើ (REDD+) និងកំណែទម្រង់វិស័យព្រៃឈើរួមមាន ការអភិវឌ្ឍវិស័យព្រៃឈើប្រកបដោយនិរន្តរភាព ២) ការកាត់បន្ថយការបញ្ចេញឧស្ម័នពីវិស័យថាមពល និងការដឹកជញ្ជូន និងការលើកកម្ពស់ប្រសិទ្ធភាពថាមពល និង៣) ការលើកកម្ពស់កសិកម្មបញ្ចេញកាបូនតិច ដំណើរការឧស្សាហកម្ម និងការគ្រប់គ្រងសំណល់។ ការអនុវត្តយុទ្ធសាស្ត្រ LTS4CN នឹងរួមចំណែកជំរុញកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រចំាឆ្នាំបន្ថែមចំនួន ២,៨% នៅឆ្នំា២០៥០ (ស្មើនឹង ៤,២ ប៊ីលានដុល្លារសហរដ្ឋអាម៉េរិក) ហើយអាចបង្កើតការងារបន្ថែមចំនួន ៤៤៩.០០០កន្លែង និងជំរុញការអនុវត្តសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍបញ្ចេញកាបូនតិច៕ដោយ៖ម៉ាដេប៉ូ