នៅក្នុងរាត្រីឆ្លងឆ្នាំសកល ២០២១ ឈានចូលឆ្នាំថ្មី ឆ្នាំសកល២០២២ នៅក្នុងទីប្រជុំជនក្រុង-ខេត្តបាត់ដំបង មិនមានរៀបចំពិធីកំសាន្តឆ្លងឆ្នាំថ្មី នោះទេ
ទិដ្ឋភាពរួមនៅក្នុងរាត្រីនៃថ្ងៃឆ្លងឆ្នាំថ្មីឆ្នាំសកល២០២១ឈានចូល២០២២នេះ នៅក្នុងទីប្រជុំជនក្រុង-ស្រុក ខេត្តបាត់ដំបង មិនមានរៀបចំនូវពិធីកំសាន្តផ្លូវការណាមួយពីអាជ្ញាធរឡើយ។នេះបើតាមការសង្កេត របស់ ភ្នាក់ងារព័ត៌មាន ប្រចាំខេត្តមួយនេះ។
តែទោះបីយ៉ាងណា ទីតាំងនិងតំបន់គោលដៅរបស់ភ្ញៀវទេសចរណ៍ ដែលតែងតែទៅកំសាន្តលេងកន្លងមកនៅទីនោះ ជាពិសេសតំបន់រមណីយដ្ឋាននានាស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កំពុងតែមមាញឺកធ្វើការរៀបចំទីតាំងកម្សាន្តរបស់ខ្លួនដើម្បីត្រៀមទទួលភ្ញៀវទេសចរក្នុងខេត្ត និងក្រៅខេត្តដែលមកស្នាក់នៅកម្សាន្តលេងនៅក្នុងថ្ងៃឆ្លងឆ្នាំសកល២០២២នេះ រួចជាស្រេចផងដែរ។
សូមបញ្ជាក់ផងដែរថា៖ តំបន់គោលដៅ និងទីតាំងរមណីយដ្ឋានធម្មជាតិ និង អេកូទេសចរណ៍ របស់ ខេត្តបាត់ដំបង ដែលជាគោលដៅក្នុងការទាក់ទាញដល់ភ្ញៀវទេសចរណ៍ ទាំងនៅក្នុងខេត្ត និងក្រៅខេត្ត គឺ៖មានចំនួន២៣កន្លែង ក្នុងនោះរួមមានរមណីយដ្ឋានប្រាសាទភ្នំបាណន់, រមណីយដ្ឋានភ្នំសំពៅ, ប្រាង្គប្រាសាទឯកភ្នំ, រមណីយដ្ឋានកែច្នៃទំនប់”អាងទឹកកំពីងពួយ”, តំបន់ទឹកធ្លាក់ភ្នំ៥៣” ភ្នំព្រឹក”, រមណីយដ្ឋាននគរជុំភ្នំព្រឹក, រមណីយដ្ឋាន ធម្មជាតិភ្នំកំពូល, រមណីយដ្ឋានវាលចម្បាំង ខេមសាយ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ និងសហគមន៍អេកូទេសចរណ៍រ៉ាមសារព្រែកទាល់ក្នុងស្រុកឯកភ្នំ ជាដើម។ល។
លោក ហម អរុណ ប្រធានការិយាល័យផែនការ វិនិយោគ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងក្នុងរបាយការណ៍ ស្តីពីសកម្មភាពស្ថានភាពទូទៅនិងចំនួនរបស់ភៀវទេសចរក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល២០២១ឈានចូល២០២២នារាត្រីថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១។ ក្នុងនោះភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តបាត់ដំបង នៅតាមតំបន់គោលដៅខាងលើមានភ្ញៀវទេសចរសរុបប្រមាណ១៧.៩៩៩នាក់ ក្នុងនោះ៖ចំនួនភ្ញៀវទេសចរជាតិ ១៧.៩៤៤នាក់និងភ្ញៀវទេសចរអន្តរជាតិ(ទេសចរផ្ទៃក្នុង) សរុប ៥៥នាក់។
តាមការគូសបញ្ជាក់ពី លោក អ៊ុច អ៊ុភីនីស្សារ៉ាប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងផងដែរថា៖ នៅក្នុងឱកាសពិធីឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២១ឈានចូល២០២២នៅរាត្រីថ្ងៃទី៣១ខែធ្នូ២០២១ ឈានចូល ថ្ងៃទី០១ខែមករាឆ្នាំ២០២២ នេះនៅតាមតំបន់គោលដៅទេសចរណ៍ និងតាមបណ្តារមណីយដ្ឋានទេសចរណ៍ធំ-តូចមួយចំនួនក្នុងខេត្ត ត្រូវបានភ្ញៀវទេសចរក្នុងស្រុក បាននាំគ្នាកក់តង់ ដើម្បីសម្រាកកម្សាន្តក្នុងពេលឆ្លងរាត្រីឆ្លងឆ្នាំជាច្រើនហូរហែចាប់តាំងពី២សប្តាហ៍មុនមកម៉្លេះ?។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបន្ថែមឲ្យដឹងផងដែរថា៖ដោយឡែកនៅក្នុងចំណោមរមណីយដ្ឋានទេសចរណ៍ ទាំង២៣កន្លែងខាងលើ ក្នុងនោះរមណីយដ្ឋាន ចំនួន ០៦កន្លែងត្រូវបានកំណត់ទទួលភ្ញៀវកក់សម្រាកកម្សាន្តបោះតង់ដើម្បីឆ្លងរាត្រីឆ្លងឆ្នាំសកលឆ្នាំថ្មី រួមមានរមណីយដ្ឋានចំការស្វាយ, រមណីយដ្ឋានស្ទឹងថ្មដាចំការធុរេន, រមណីយដ្ឋានចំការធុរេនអូរតង, រមណីយដ្ឋានខេមសាយ, សហគមន៍អេកូទេសចរណ៍ ទឹកធ្លាក់អូរជាំ និង សហគមន៍អេកូទេសចរណ៍ ព្រែកទាល់។
លោក អ៊ុច អ៊ុភីនីស្សារ៉ា បានបញ្ជាក់ទៀតថា៖បើទោះបីព្រឹតហតុការណ៍សហគមន៍២០កុម្ភៈត្រូវបានប្រមុខរាជរដ្ឋាភិបាល បានប្រកាសបិទបញ្ចប់ក៏ដោយ។តែស្ថានភាពពីការឆ្លងនិងចម្លងមេរោគកូវីដ-19នៅតែជាបញ្ហាប្រឈមនិងក្តីកង្វល់របស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ដែលតម្រូវឲ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ៣.ការពារ ៣.កុំឲ្យបានម៉ឺងម៉ាត់ ដោយមិនត្រូវធ្វេសប្រហែស ក្នុងខណៈពេលដែលកូវីដ-19បំប្លែងខ្លួនថ្មី(OMICRON)កំពុងតែឆ្លងរីករាលដាលនៅតាមបណ្តាប្រទេសមួយចំនួនលើសកលលោក។ក្នុងនោះកម្ពុជាយើងក៏មានអ្នកជំងឺនេះ(ប្រភេទនាំចូល) មួយចំនួនផងដែរ។
ជាមួយគ្នានេះផងដែរ លោកក៏ទទួចសំណូមពរដល់គ្រប់អ្នកទេសចរណ៍ទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវវិធានការការពារ ៣.កុំ ៣.ការពារ ឲ្យបានខ្ជាប់ខ្ជួននិងមិនត្រូវប្រហែសដោយប្រការណាមួយឡើយ ដើម្បីជាវិធានសុវត្ថិភាព ខ្លួនយើងម្នាក់ៗ ក្រុមគ្រួសារ និងភាពសុខសាន្តសហគមន៍ទាំងមូលផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )