កម្ពុជាសម្ពោធកំណាត់ផ្លូវជាតិលេខ៥ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន (Video Inside)

កំណាត់ផ្លូវជាតិលេខ៥ពីបាត់ដំបង មកក្រុងសិរីសោភ័ណ ដែលជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ ក្រោម ជំនួយរបស់ប្រទេសជប៉ុន ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី១០មករាឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ឯកអគ្គរាជទូតជប៉ុនលោកមិកាមិ ម៉ាសាហ៊ីរ៉ូ បានអញ្ជើញចូលរួមក្នុងពិធី សម្ពោធនេះផងដែរ។

កំណាត់ផ្លូវដែលសម្ពោធនេះ គឺជាកំណាត់ផ្លូវទី១ប្រវែងជិត៨៥គីឡូម៉ែត្រ ក្នុងចំណោមកំណាត់ផ្លូវទាំង៣ នៃ គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ដែលលាតសន្ធឹងចាប់ផ្តើមពីព្រែកក្តាមនៃស្រុកពញាឮខេត្តកណ្តាល រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ចម្ងាយសរុបជាង៣៦០គីឡូម៉ែត្រនេះ គ្រោងប្រើប្រាស់ថវិកាប្រមាណ ៥០០លានដុល្លារអាមេរិក។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបង្ហាញក្តីរីករាយជុំវិញការដាក់ សម្ពោធកំណាត់ផ្លូវមួយផ្នែកប្រវែងជាង៨៤គីឡូម៉ែត្រ។

ផ្លូវជាតិលេខ៥ គឺជាខ្សែផ្លូវដ៏មានសក្តានុពល តភ្ជាប់ទំនាក់ទំនងរូបវន្ត ស្ថាប័ននិងប្រជាជននៃខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ និងបណ្តាខេត្តជាប់ព្រំប្រទល់គ្នា។ ផ្លូវមួយខ្សែនេះ គឺជា ខ្សែផ្លូវយុទ្ធសាស្រ្តយ៉ាងសំខាន់ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាងកកនៃប្រទេសថៃ និងទៅទីក្រុងហូជីមិញនៃប្រទេសវៀតណាម។ ផ្លូវ ជាតិលេខ៥របស់កម្ពុជា គឺជាផ្លូវនៃរបៀងសេដ្ឋកិច្ចខាងត្បូងដ៏មានសក្តានុពល និងប្រកួតប្រជែងខ្លាំងសម្រាប់ វិស័យទេសចរណ៍, ពាណិជ្ជកម្ម វិនិយោគ ភស្តុភារកម្ម និងសេដ្ឋកិច្ចរបស់អាស៊ាន ក៏ដូចជាមហាអនុតំបន់មេគង្គ ផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner