អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែត បានថ្លែងប្រៀបធៀបស្ថានការណ៍រាតត្បាតជំងឺឆ្លងកូវីដ-១៩ដូចជាសោដនាដកម្មមួយកើតឡើងក្នុងរបបប៉ុលពត ដែលប្រជាជាតិកម្ពុជាធ្លាប់បាន ឆ្លងកាត់ដ៏សែនសង្វេគ

ការថ្លែងរបស់លោក ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែតដែលជាមេបញ្ជាការកងទ័ពជើងគោក បានធ្វើនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការ, អគារស្នាក់នៅរបស់ផ្នែកសឹករងបសេដ្ឋ និងសមិទ្ធផល នានារបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។

លោក ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែតបានថ្លែងថាកូវីដ-១៩ បានឆក់យកជីវិតប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស ហើយក្រុមគ្រួសារពុំអាចរៀបចំពិធីបុណ្យ សពតាមប្រពៃណីសាសនា បានទាន់ពេលវេលាឡើយ។ លោកបានបន្តថាយ៉ាងណាក៏ដោយ, សោដនាដកម្មកូវីដ-១៩ បានប្រែក្លាយជាមានសភាពធូរស្រាលវិញ ដោយសារសម្តេចតេជោ បានធ្វើការសម្រចចិត្តជាយុទ្ធសាស្ត្រត្រឹមត្រូវ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺនេះ។ សម្តេចបានធ្វើការពិចារណាវិនិច្ឆ័យ និង សម្រេចអារកាត់រហ័សទាំងក្នុងការទិញវ៉ាក់សាំង និងការចំណាយថវិកាព្យាបាលប្រជាពលរដ្ឋ រហូតបង្កលក្ខណៈ ឱ្យមានការបើកដំណើការប្រទេសឡើងវិញលើគ្រប់វិស័យ។ លោកឧត្តមសេនីយ៍ហ៊ុនម៉ាណែតបានថ្លែងថាសម្តេចតេជោ គឺអាចសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩នេះ ដូចអ្វីដែលសម្តេចធ្លាប់ធ្វើនៅក្នុងការរំដោះ ប្រជាពលរដ្ឋឲ្យរួចចេញផុតពីការកាប់សម្លាប់នៃរបបប៉ុលពតដែរ។

 លោក ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែតនៅក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការ អគារស្នាក់នៅ របស់ ផ្នែកសឹករងបសេដ្ឋ និងសមិទ្ធផលនានា នៅបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយោធភូមិភាគីទី៣, តំបន់ ប្រតិបត្តិការសឹករងកំពង់ស្ពឺ ក៏ដូចជាគ្រប់បណ្តាស្ថាប័ន- កងឯកភាពចំណុះ ដែលកន្លងមកបានយកចិត្តទុកដាក់ ប្រមូល ផ្តុំអនុវត្តភារកិច្ចសម្រេចបានលទ្ធផល និងស្នាដៃការងារល្អប្រសើរជាច្រើនគួរជាទីមោទនៈ ដោយធានាបាននូវការពង្រឹង ប្រៀបការពារជាតិ ក្នុងភូមិសាស្ត្ទទទួលខុសត្រូវ ឱ្យមានប្រសិទ្ធភាពជាប់ជាប្រចាំ និងការបំពេញកិច្ចសហការជាមួយ អាជ្ញាធរដែនដី, សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការថែរក្សាការពារសន្តិសុខ របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈបាន ល្អប្រសើរ ជូនប្រជាពលរដ្ឋ ក៏ដូចជាការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងព្រឹត្តការណ៍ជាយថាហេតុផ្សេងៗ ជាពិសេស សកម្មភាពចូលរួមចំណែកនានានៅក្នុងយុទ្ធនាការទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមក។

 អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណ និងដឹងគុណជាអនេក ចំពោះសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ដែលសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់គិតគូរផ្ទាល់ និងជាប់ជាប្រចាំចំពោះសុខទុក្ខ និងសុខុមាលភាពរបស់យោធិន គ្រួសារយោធិន ក៏ដូចជាអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន តាមរយៈការជួយឧបត្ថម្ភ គាំទ្រ ទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីដោះស្រាយរាល់ការលំបាកផ្សេងៗរបស់ក្រុមគ្រួសារអតីតយុទ្ធជន។

។។។។

ads banner