នាយករដ្ឋមន្រ្តីសិង្ហបុរី គាំទ្រចំពោះការខិតខំប្រឹង​ប្រែង​របស់ប្រទេសកម្ពុជា ដែលជាប្រធានអាស៊ាន និងអរគុណដល់កម្ពុជា ក្នុងការចូលរួមចំណែក​ដោះស្រាយ​វិបត្តិនៅប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ៖ ក្នុងពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ ឯកឧត្តម លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសិង្ហបុរី បានបង្ហាញការគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ដែលជាប្រធានអាស៊ាន និងអរគុណចំពោះគោលបំណងរបស់កម្ពុជា ក្នុងការចូលរួមចំណែកដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ។

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំង២ បានផ្លាស់ប្ដូរមតិជុំវិញសភាពការណ៍កូវីដ-19 នៅកម្ពុជា ក៏ដូចជានៅសិង្ហបុរីផងដែរ។ លើសពីនេះទៀត អ្វីដែលសំខាន់ គឺសម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនទៅឯកឧត្តមនាយករដ្ឋមន្ត្រីសឹង្ហបុរី អំពីលទ្ធផល និងគោលបំណងនៃទស្សនកិច្ចការងាររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីទៅប្រទេសមីយ៉ាន់ម៉ាកន្លងទៅនេះ ហើយជាពិសេស អ្វីដែលជាគោលបំណងរបស់សម្ដេចតេជោ គឺជួយដល់វិបត្តិនៅមីយ៉ាន់ម៉ានេះ គឺធ្វើយ៉ាងណា ឱ្យមានបទឈប់បាញ់ជាបន្ទាន់ បញ្ឈប់អំពើហិង្សា ហើយនិងការផ្ដល់ជំនួយមនុស្សធម៌ទៅដល់ប្រជាជនមីយ៉ាន់ម៉ា ដែលត្រូវការជាចាំបាច់ក្នុងកាលៈទេសៈនេះ និងមួយទៀត គឺដើម្បីជំរុញឲ្យមានការសន្ទនាពីគ្រប់ភាគីពាក់ព័ន្ធផងដែរ ដែលជាការងារចាំបាច់ក្នុងនាមជាប្រធានអាស៊ាន ក្រៅពីការងារទ្វេភាគីរវាងកម្ពុជា និងមីយ៉ាន់ម៉ា ។

ជាការឆ្លើយតប ឯកឧត្តម នាយករដ្ឋមន្ត្រីសឹង្ហបុរី មានប្រសាសន៍អរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានជម្រាបជូនពីលទ្ធផល នៃទស្សនកិច្ចរបស់សម្ដេច ទៅបំពេញការងារនៅទីក្រុងណៃពីដោ ហើយក៏បានថ្លែងអំណរគុណផងដែរចំពោះគោលបំណងរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ានេះ ។

ឯកឧត្តម ឯកឧត្តម លី សៀនឡុង (Lee Hsien Loong) ក៏បានគូសបញ្ជាក់ផងដែរថា យើងពិតជាគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ជាពិសេស ដែលកម្ពុជា ជាប្រធានអាស៊ាននៅពេលនេះ ហើយរួមទាំងការងាររបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាននេះ។

ពាក់ព័ន្ធនឹងដំណើរការបន្តទៅទៀត ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី ក៏បានឯកភាពជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ការងារបន្ត គឺទុកឲ្យរដ្ឋមន្ត្រីការប្រទេសអាស៊ាន មានការប្រជុំ ដើម្បីពិនិត្យមើលការងារបន្តទៀត ជាពិសេសការងាររបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាននេះ ដែលក្នុងស្ថានភាព និងកាលៈទេសៈនេះ តម្រូវឲ្យជួយដល់មីយ៉ាន់ម៉ា ដើម្បីដោះស្រាយបញ្ហាវិបត្តិក្នុងប្រទេសនេះ៕ ដោយ វណ្ណលុក

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner