ចាប់ពីខែកុម្ភៈ អាជ្ញាធរនឹងផាកពិន័យអ្នកទុកដាក់សំណល់រឹងមិនបែងចែកឲ្យបានល្អ និងការបញ្ចេញសំរាមខុសពេលកំណត់

ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០២២​នេះ​តទៅ អាជ្ញាធរ​នឹង​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ព្រមទាំង​ប្ដឹង​ទៅ​តុលាការ តាម​កំហុស​ជាក់ស្ដែង​ចំពោះ​អ្នក​ដែល​ទុកដាក់​សំណល់​រឹង មិន​បាន​បែងចែក​អោយ​បាន​ត្រឹមត្រូវ រវាង​សំរាម​សើម និង​សំរាម​ស្ងួត និង​ការ​បញ្ចេញ​សំរាម​ខុស​ម៉ោង ខុសពេល​កំណត់ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​អោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែមករា​នេះ ។

លោក​ថ្លែង​ក្នុង​ពិធី​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ផ្សព្វផ្សាយ​ការ​គ្រប់គ្រង​សំណង់​រឹង​នៅ​រាជធានី​ភ្នំពេញ ជាមួយ​លោក​មេ​ភូមិ ចៅសង្កាត់ ខណ្ឌ​ចំណុះ​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ មុន​នឹង​ឈាន​ទៅ​ដាក់​ការ​ផាកពិន័យ​ទៅ​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ។

លោក ហួត ហៃ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ការ​ជួបជុំ​គ្នា​នា​ពេល​នេះ គឺ​មាន​បំណង​ផ្សព្វផ្សាយ​ពី​ការ​គ្រប់គ្រង​ទុកដាក់​សំរាម សំណង់​រឹង នៅ​រាជធានី​ភ្នំពេញ​អោយ​កាន់តែ​ល្អ​ប្រសើរ មុន​នឹង​ឈាន​ទៅ​ដាក់​ការ​ផាកពិន័យ​ទៅ​តាម​ច្បាប់ ។

លោក​បន្ត​ថា ការ​ធ្វើ​កំណែទម្រង់​នៃ​ការ​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ដើម​ខ្សែ​រហូត​ដល់​ចុង​ខ្សែ ទទួល​បាន​លទ្ធផល​គួរ​ជាទី​មោ​ទ​នៈ ក្នុង​នោះ​ការ​ដេញថ្លៃ​ជ្រើសរើស​ក្រុមហ៊ុន​ថ្មី ដើម្បី​ផ្តល់​សេវា​សំអាត ប្រមូល និង​ដឹក​ជញ្ជូន​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ក៏​បាន​ធ្វើ​រួចរាល់​ផង​ដែរ ។

ក្រុមហ៊ុន​ចំនួន​០៣ ត្រូវ​បាន​ជ្រើសរើស ហើយ​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ការងារ​របស់​ខ្លួន កាន់តែ​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ចាប់ពី ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២១ ។

ក្រុមហ៊ុន​ទាំង​០៣​នោះ គឺ​ទី​១ ក្រុមហ៊ុន 800 Super/Global Action for Environment Awareness Public Limited បាន​ផ្តល់​សេវា ក្នុង​តំបន់​ទី​១ ដែល​មាន​០៥​ខណ្ឌ រួម​មាន ខណ្ឌទួលគោក ខណ្ឌ​សែន​សុខ ខណ្ឌឫស្សីកែវ ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ព្រែក​ព្នៅ​។ ទី​២ ក្រុមហ៊ុន Mizuda Group Co., Ltd បាន​ផ្តល់​សេវា​ក្នុង តំបន់​ទី​២ ដែល​មាន​០៥​ខណ្ឌ រួម​មាន ខណ្ឌដូនពេញ ខណ្ឌ​៧​មក​រា ខណ្ឌដង្កោ ខណ្ឌ​កំ​បូល និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ទី​៣ ក្រុមហ៊ុន CINTRI (Cambodia)/Everbright (China) បាន​ផ្តល់​សេវា ក្នុង​តំបន់​ទី​៣ ដែល​មាន​០៤​ខណ្ឌ រួម​មាន ខណ្ឌចំការមន ខណ្ឌ​បឹង​កេងកង ខណ្ឌមានជ័យ និង​ខណ្ឌ​ច្បារ​អំពៅ ។

ដើម្បី​ឱ្យ​ការ​អនុវត្ត​ប្រព័ន្ធ​ថ្មី​នៃ​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ណែនាំ​អំពី​ការ​ញែក ការ​វេច​ខ្ចប់ ការ​ទុកដាក់ និង​ការ​បញ្ចេញ​សំរាម សំណល់​រឹង ក្នុង​នោះ សំរាម និង​សំណល់​រឹង មុន​នឹង​បញ្ចេញ ត្រូវ​សម្រិតទឹក​ចេញ​ដាក់​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​លូ​ឱ្យ​បាន​ត្រឹមត្រូវ ។

ត្រូវ​ញែក​សំរាម សំណល់​រឹង ជា​០២​ប្រភេទ គឺ​សំរាម​សើម និង​សំរាម​ស្ងួត ដោយ​ដាក់​នៅ​ក្នុង​ថង់​ដាច់​ដោយឡែក​ពី​គ្នា ។ សំរាម​សើម ដែល​មាន​ដូច​ជា​សំណល់​ម្ហូបអាហារ សំណល់​សរីរាង្គ ផ្លែ​ឈើ ផ្កា ត្រូវ​ដាក់ នៅ​ក្នុង​ថង់​ពណ៌​ខ្មៅ -​សំរាម​ស្ងួត ក្រដាស ក្រដាសកាតុង ឡាំង គ្រឿង​ប្លា​ស្ទីក ហ្វូ​ម ជ័រ ដែក កំប៉ុង ដប​…​ត្រូវ​ដាក់​ក្នុង ថង់​ពណ៌​ស​។

ក្រុមហ៊ុន​នឹង​ធ្វើការ​ប្រមូល និង​ដឹក​ជញ្ជូន​សំរាម សំណល់​រឹង ដែល​បាន​ដាក់​ក្នុង​ថង់​ដែល​បាន​កំណត់ ទាំង​០២​ប្រភេទ​នេះ​តែ​ប៉ុណ្ណោះ ទៅ​តាម​កម្មវិធី​ដាច់​ដោយឡែក​ពី​គ្នា ។ ការ​ដាក់​សំរាម សំណល់​រឹង ក្នុង​ថង់​ពណ៌​ផ្សេង​ក្រៅពី​ពណ៌​ខ្មៅ និង​ពណ៌​ស ក្រុមហ៊ុន​នឹង​មិន​ប្រមូល​ឡើយ ។

ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ អាច​រក​ទិញ​ថង់​ទាំង​០២​ពណ៌​ខាងលើ​នេះ នៅ​តាម​បណ្តា​ទីផ្សារ​នានា ។ ហាម​វេច​ខ្ចប់​សំណល់​ដែល​បង្ក​គ្រោះថ្នាក់ ដូច​ជា អំបែង​កញ្ចក់ និង​សំណល់​មុត​ស្រួច​នានា លាយឡំ ជាមួយនឹង​សំរាម​សើម និង​សំរាម​ស្ងួត ។ ត្រូវ​ទុកដាក់​សំណល់​ដែល​បង្ក​គ្រោះថ្នាក់​ទាំងនេះ​ចូល​ក្នុង​ធុងសំរាម ឬ​ប្រអប់​ដោយឡែក​ឱ្យ​បាន ត្រឹមត្រូវ ក្រុមហ៊ុន​នឹង​ប្រមូល​នៅ​រៀងរាល់ថ្ងៃ​អាទិត្យ​។

លោក​បញ្ជាក់​ថា ក្នុង​ករណី​ទុកដាក់​ខុស​ពី​ការ​ណែនាំ​នេះ ក្រុមការងារ​ផាកពិន័យ នឹង​ធ្វើ​កំណត់ហេតុ​អំពី​កំហុសឆ្គង​លើក​ទី​១ ។ បើ​នៅ​តែ​ទុកដាក់​ខុស​ទៀត នឹង​ទទួល​ការ​ផាកពិន័យ​ទៅ​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ព្រមទាំង​ប្ដឹង​ទៅ​តុលាការ តាម​កំហុស​ជាក់ស្ដែង ៕

ads banner