រាជរដ្ឋាភិបាលកម្ពុជាលើកបំរាមករណីឆ្លងអូមីក្រុង (Video Inside)

រាជររដ្ឋាភិបាលកម្ពុជាបានលើកបំរាមដែលមុននេះបានតម្រូវឱ្យអ្នកឆ្លងអូមីក្រុងត្រូវតែចូលទៅព្យាបាលនៅក្នុង មន្ទីរពេទ្យ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងសារសម្លេងមួយថ្ងៃទី២១មករានេះ បញ្ជាក់អំពីការលើកលែង បំរាមនេះវិញក្រោយការដាក់បញ្ជាដាច់ណាត់ប្រមាណជាង១០ថ្ងៃមកនេះ។ សម្តេចបានបញ្ជាក់ក្នុងសារសម្លេង ថាការលើកចេញនូវបំរាមនេះ គឺបន្ទាប់ពីការតាមដានរកឃើញថាវីរុសអូមីក្រុង បើទោះបីជាមានការឆ្លងលឿន ប៉ុន្តែមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះឡើយ។

ការឆ្លងវីរុសអូមីក្រុងក្នុងសហគមន៍នៅថ្ងៃនេះ មានចំនួន៣០ករណី ដែលជាចំនួនឆ្លងច្រើនជាលើកដំបូងហើយ ចាប់តាំងពីកម្ពុជាបានរងនឹងការរាតត្បាតដោយវីរុសបំប្លែងថ្មីអូមីក្រុងក្នុងសហគមន៍ក្នុងខែមករានេះ។ តួលេខឆ្លង វីរុសអូមីក្រុងរកឃើញថ្ងៃនេះ មានចំនួន៤២ករណី ក្នុងនោះ១២ករណីគឺជាការឆ្លងនាំមកពីក្រៅប្រទេស។ គិតត្រឹម ថ្ងៃទី២១មករានេះ, តួលេខឆ្លងអូមីក្រុងក្នុងសហគមន៍បានកើនដល់១៥២ករណីហើយក្នុងរង្វង់តួលេខឆ្លងអូមីក្រុង សារុប ៥១៥ករណី។

កម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ មិនមានករណីស្លាប់ដោយជម្ងឺកូវីដ១៩ឡើយ ដែលការចៀស ផុតពីការបាត់បង់ជីវិតនេះ បានបន្តជាប់គ្នារយៈពេល១៧ថ្ងៃហើយ។ កម្ពុជាគិតត្រឹមថ្ងៃទី២០ខែមករាឆ្នាំ២០២២, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេសមានចំនួន១២ម៉ឺន៩៥៦ករណី, ការព្យាបាលជាសះស្បើយមានចំនួន១១ ម៉ឺន៧ពាន់១៨០នាក់រួម ទាំងការព្យាបាលជាសះស្បើយថ្ងៃនេះ ចំនួន១៨នាក់ថែមទៀត, ចំណែកការស្លាប់នៅ មានតួលេខ ៣ពាន់ ១៥ នាក់ ជាដដែល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner