អនុប្រធានទី១នៃរដ្ឋសភាស្នើអោយមេឃុំបំរើសេវាជូនប្រជាពលរដ្ឋអោយបានល្អដើម្បីទទួលបានការគាំទ្រពីការបោះឆ្នោតនាពេលខាងមុខ

នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងជាសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលរវាងក្រុមតំណាងរាស្រ្តខេត្តព្រៃវែង ជាមួយក្រុមការងារថ្នាក់ក្រោមជាតិ អភិបាលស្រុក ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋស្រុកពាមរក៍២៧១នាក់រួមទាំងបេក្ខជនត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ប្រារព្ធធ្វើនៅស្រុកពាមរក៍ ខេត្តព្រៃវែង។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៍បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណ:បក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណ:បក្សប្រជាជនកម្ពុជា និងសម្តេច និងលោកជំទាវអនុប្រធានគណបក្សប្រជាជនកម្ពុជាក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តព្រៃវែង ដែលជានិច្ចកាលតែងតែបានឧបត្ថម្ភគាំទ្រ ជួយជ្រោមជ្រែង និងអភិវឌ្ឍន៍មូលដ្ឋានឃុំ ក៏ដូចជាស្រុកនិងខេត្តទាំងមូល។

ក្នុងសន្និបាតនេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃអង្គសន្និបាត ដែលបានបង្ហាញអំពីស្មារតីសាមគ្គីភាព និងឯកភាពគ្នាខ្ពស់របស់សមាជិក សមាជិកាទាំងអស់ដែលបានអញ្ជើញចូលរួមយ៉ាងផុសផុល និងបានបំពេញការងារយ៉ាងសកម្មតាមរបៀបវារៈដែលបានកំណត់ ដោយបានយកចិត្តទុកដាក់ ពិនិត្យ និងតាមដានក្តាប់លើរាល់ខ្លឹមសារសំខាន់ៗទាំងឡាយ ដែលមានអត្ថន័យដ៏ជ្រាលជ្រៅទាក់ទងទៅនឹងការដឹកនាំរបស់គណៈកម្មាធិការគណបក្សឃុំ និងការបំពេញភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៤ ពិសេសការងារពង្រឹង និងពង្រីកកម្លាំងគណបក្សប្រជាជនកម្ពុជា ជាពិសេសការរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សឃុំ ជាមួយនឹងការរៀបចំគោលនយោបាយ ថ្មីសម្រាប់អាណត្តិទី៥(ឆ្នាំ២០២២-២០២៧) ឱ្យស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ក៏បានផ្ដល់អនុសាសន៍ណែនាំដល់គណៈកម្មាធិការបក្សឃុំ សាខា អនុសាខា ក្រុមបក្ស មន្ត្រី និងសមាជិកគណបក្សគ្រប់រូប ពិសេសបេក្ខជនក្រុមប្រឹក្សាឃុំ ត្រូវប្រកាន់ខ្ជាប់នូវចំណុចគន្លឹះ មានជំហររឹងមាំខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំងនានា មានវិន័យ របៀបរបបធ្វើការងារត្រឹមត្រូវតាមឋានានុក្រម ចុះជាប់ជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងខិតខំបម្រើប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងអនុវត្តគោលការណ៍សមូហភាពម្នាក់ៗទទួលខុសត្រូវ ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា និងតម្លាភាពបេក្ខជនដែលត្រូវឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ ត្រូវបែងចែកកម្លាំងចុះតាមភូមិ ដើម្បីធ្វើចលនាទាក់ទាញប្រជាពលរដ្ឋឱ្យគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា យើងចាប់ពីពេលនេះតទៅ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតជាម យៀប បាន មានប្រសាសន៍ថាថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៑ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជ្រើសរើសយកខេត្តព្រះសីហនុ ជាទីតាំងម្ចាស់ផ្ទះ សម្រាប់រៀបចំ “វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២” ចាប់ពីថ្ងៃទី១៦ ដល់ ២២ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីកម្ពុជាគ្រប់គ្រងបាននូវស្ថានភាពការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្ដមបានមានប្រសាសន៍បន្ថែមថា កម្ពុជាទទួលបាននូវអត្ថប្រយោជន៍ដ៏ធំធេងពីសន្តិភាព សុវត្ថិភាព ស្ថេរភាពនយោបាយ និងការគ្រប់គ្រងបាននូវស្ថានភាព នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការចាក់ស្រោចវ៉ាក់សាំងបង្កើនភាពសាំក្នុងសហគមន៍ ហើយប្រជាពលរដ្ឋម្នាក់ៗបានចាក់វ៉ាក់សាំងយ៉ាងតិច២លើក និងកំពុងដំណើរការចាក់ដូសទី៣ ឬដូសជម្រុញ សម្រាប់ការបោះជំហានឆ្ពោះទៅរករបៀបវារៈជាអាទិភាព នៃយន្តការពហុភាគីនិយម ក្នុងការផ្លាស់ប្តូរគំនិតយោបល់ ព័ត៌មានល្អៗ ដើម្បីជំរុញ និងអភិវឌ្ឍសម្បទាទេសចរណ៍ និងការផ្លាស់ប្តូរភ្ញៀវទេសចរអាស៊ាន ប្រកបដោយគុណភាព សុវត្ថិភាព ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner