ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បដិសេធថាការវាយប្រហាររបស់ខ្លួនមិនបានផ្តោតលើមណ្ឌលឃុំឃាំងយេម៉ែនទេ

ក្រុម​ចម្រុះ​ដឹក​នាំ​ដោយ​អារ៉ាប៊ីសាអូឌីត​ដែល​កំពុង​ប្រយុទ្ធ​ក្នុង​ប្រទេស​យេម៉ែន​​បដិសេធ​ថា​ ខ្លួន​មិន​បាន​កំណត់​គោល​ដៅ​ដោយ​ចេតនា​លើ​មជ្ឈមណ្ឌល​ឃុំ​ឃាំង​​ ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​កាល​ពី​ថ្ងៃ​សុក្រ​ដែល​​សម្លាប់​មនុស្ស​រាប់​សិប​នាក់​  និង​បណ្តាល​ឱ្យ​ដាច់​អ៊ិនធឺណិត​ទូទាំង​ប្រទេស​នោះ​ទេ​។​

ក្រុមសកម្មប្រយុទ្ធ​ Houthi ​គាំទ្រ​ដោយ​អ៊ីរ៉ង់​ ដែល​គ្រប់​គ្រង​ភាគ​ច្រើន​នៃ​ប្រទេស​យេម៉ែន​ ធ្វើ​ការ​ស្តី​បន្ទោស​លើ​ក្រុម​ចម្រុះ​ដឹក​នាំ​ដោយ​អារ៉ាប៊ីសាអូឌីត​ ចំពោះ​កា​រ​វាយ​ប្រហារ​លើ​មន្ទីរ​ឃុំឃាំង​នៅ​ទីក្រុង​ Sa’ada ​ភាគ​ខាង​ជើង​។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​សៅរ៍​ អ្នក​នាំ​ពាក្យ​នៃ​ក្រុម​ចម្រុះ​ លោក​ឧត្តម​សេនីយ៍ទោ ​Turki Al-Maliki ​​ហៅ​ការ​អះអាង​ទាំង​នោះ​ថា​ «​គ្មាន​មូល​ដ្ឋាន​»​។​ ​

លោក Al-Maliki ​និយាយ​ថា​ ពន្ធនាគារ​នោះ​​មិន​​ត្រូវ​​បា​ន​​ដាក់​​ក្នុង​​ «​​បញ្ជី​​ដែល​​មិន​​ត្រូវ​​វាយ​ប្រហារ​»​ ស្រប​តាម​យន្តការ​ដែល​​បាន​​ព្រម​​ព្រៀង​​ជាមួយ​ការិយាល័យ​កិច្ចការ​មនុស្សធ​ម៌​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​​យេម៉ែន​នោះ​ទេ​។

យោង​តាម​រដ្ឋ​មន្ត្រី​សុខាភិបាល​ Houthi ​លោក​ Taha Al-Mitwakel ​​និយាយ​ថា​ មនុស្ស​យ៉ាង​ហោច​ណាស់​ ៨២ ​នាក់​បាន​ស្លាប់​ និង​ ២៦៦ ​នាក់​បាន​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​​ ដែល​ភាគ​ច្រើន​នៃ​ពួកគេ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​ ​ក្រុម​វេជ្ជបណ្ឌិត​គ្មាន​ព្រំដែន​ (MSF) ​មុន​នោះ​និយាយ​ថា​មនុស្ស​ ៧០ ​នាក់​​ស្លាប់​ និង ​១៣០ ​នាក់​​រ​ង​របួស​។​

ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​មួយ​ផ្សេង​ទៀត​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ ធ្វើ​ឡើង​លើ​អគារ​ទូរគមនាគម​ន៍​នៅ​ក្នុង​ទីក្រុង​កំពង់​ផែយុទ្ធ​សាស្ត្រ ​Hodeidah ​ដែល​បណ្តាល​ឱ្យ​ដាច់​អ៊ិនធឺណិត​ទូទាំង​ប្រទេស​។​ នេះ​បើ​យោង​តាម​ ​​NetBlocks ​ដែល​ជា​អង្គការ​តាម​ដាន​ការ​រំខាន​បណ្តាញ​។​ អ្នក​​​នាំពា​ក្យ​​អង្គការ​ Save the Children ​លោក​ Amjad Yamin ​​និយាយ​​​ថា ​ក្មេង​​យ៉ាង​​ហោច​​ណាស់​​ ៤ ​នាក់​​បាន​​ស្លាប់​ និង​ ១៧ ​នាក់​​​រ​ង​​របួស​​ក្នុង​​ការ​​វាយ​​ប្រហារ​​នោះ​។​ ​​

ទីភ្នាក់ងារ​ជំនួយ​ចំនួន​៨​ដែល​កំពុងធ្វើ​​ប្រតិបត្តិការ​នៅ​​យេម៉ែន​​លើកឡើង​តាមរយៈ​​​​សេចក្តី​ថ្លែង​ការណ៍​រួម​ថា​ ខ្លួន​មាន​ការ​រន្ធត់​ចិត្ត​ចំពោះ​ព័ត៌មាន​ដែល​ថា​មនុស្ស​ជាង​ ៧០ ​នាក់​ រួម​ទាំងជ​ន​ចំណាក​ស្រុក​ ស្ត្រី ​និង​កុមារ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជីវិត​ជន​ស៊ីវិល​។​ ក្រុម​ដដែល​និយាយ​ថា​ ពន្ធនាគារ​នៅ​ក្រុង​ Saada ​ត្រូវ​បាន​ប្រើ​ជា​​មណ្ឌល​ឃុំ​ឃាំង​សម្រាប់​ជន​ចំណាក​ស្រុក​។​  ​

ក្រុម​​ចម្រុះ​​ចាប់​ផ្តើម​ការ​វាយ​លុក​នៅ​ក្នុង​ឆ្នាំ​ ២០១៥ ​ដើម្បី​ស្ដារ​រដ្ឋាភិបាល​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​របស់​​​​យេម៉ែន​​ បន្ទាប់​​ពី​​​ពួក​សកម្ម​ប្រយុទ្ធ​ Houthi ​ដេញ​រដ្ឋាភិបាល​នេះ​ចេញ​។​ ក្រុម​នេះ​បង្កើន​ការ​វាយ​ប្រហារ​របស់​ខ្លួន​ បន្ទាប់​ពី​​ Houthi ​​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​​​លើ​រាជ​ធានី​ Abu Dhabi ​របស់​អារ៉ាប់​រួម​កាល​ពី​ដើម​សប្ដាហ៍​មុន​។​  ​

​ប្រភព៖ CNN

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner