ក្រុមហ៊ុន Ant Group របស់ ជេក ម៉ា អាចជាប់ពាក់ព័ន្ធនឹងករណីពុករលួយនៅចិន

ក្រុមហ៊ុន Ant Group របស់​មហាសេដ្ឋី​ចិន ជេក ម៉ា ប្រឈម​​នឹង​​​​ការ​​ជាប់​​ពាក់ព័ន្ធ​​នឹង​​ករណី​រឿង​អាស្រូវ​អំពើ​ពុករលួយ​របស់​អតីត​លេខា​គណបក្ស​កុម្មុយនិស្ត​ចិន​នៅ​ទីក្រុង​ហង់ចូវ (Hangzhou)។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Financial Times ដោយ​ផ្អែក​លើ​កំណត់ត្រា​សាធារណៈ និង​តាម​ប្រភព​មួយ​ចំនួន។

បើ​យោង​តាម​ប្រភព​ខាង​លើ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Ant Group បាន​​ទិញ​ដី​ចំនួន ២ឡូតិ៍​នៅ​ទីក្រុង​ហង់ចូវ កាល​ពី​ឆ្នាំ២០១៩ ជាមួយ​នឹង​ការ​ចុះ​តម្លៃ ក្រោយ​ពេល​ដែល​ចូល​ភាគ​ហ៊ុន​ជាមួយ​​ប្រព័ន្ធ​បង់​ប្រាក់​តាម​ទូរស័ព្ទ​ចំនួន​២ ដែល​កាន់កាប់​ដោយ​ប្អូន​ប្រុស​របស់​អតីត​លេខា​បក្ស​នៃ​ទីក្រុង​នេះ​គឺ លោក Zhou Jiangyong។ លោក Zhou ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ខែ​សីហា ឆ្នាំ​មុន។

ទូរទស្សន៍​រដ្ឋ​ចិន​បាន​ចាក់​ផ្សាយ​ភាព​យន្ត​ឯកសារ​មួយ​ស្ដីពី​ការ​បង្ក្រាប​អំពើ​ពុករលួយ​កាល​ពី​ថ្ងៃ​ពុធ ដោយ​បាន​បង្ហាញ​ថា ប្រព័ន្ធ​បង់ប្រាក់​ទាំង​ពីរ​ខាង​លើ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ពុករលួយ​របស់​លោក Zhou​។

ភាពយន្ត​ឯកសារ​ដែល​ផលិត​ដោយ​គណៈកម្មាធិការ​មជ្ឈិម​សម្រាប់​អធិការកិច្ច​វិន័យ បាន​ផ្សាយ​ថា ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន ត្រូវ​បាន​អតីត​លេខាបក្ស​ Zhou ជួយ​ទិញ​ដី​ថោកៗ និង​ទទួល​បាន​ផល​ប្រយោជន៍​តាម​រយៈ​គោលនយោបាយ​អំណោយ​ផល​ដល់​ខ្លួន។ យ៉ាងណាក៏ដោយ ភាពយន្ត​ឯកសារ​នោះ​មិន​បាន​និយាយ​ចំៗ​ថា ក្រុមហ៊ុន Ant Group ពាក់ព័ន្ធ​នឹង​រឿង​នេះ​ទេ។

ក្រុមហ៊ុន​របស់​លោក ជេក ម៉ា រួម​ទាំង​លោក Zhou នៅ​មិន​ទាន់​ឆ្លើយតប​ភ្លាមៗ​ឡើយ។

សារព័ត៌មាន​ Financial Times ចុះ​ផ្សាយ​ថា ក្រុមហ៊ុន​របស់​ជេក ម៉ាកំពុង​តែ​រង​សម្ពាធ​នយោបាយ​ដោយ​រដ្ឋាភិបាល​ចិន ក្រោយ​ពេល​លោក ស៊ី ជីនភីង ប្រធានាធិបតី​ចិន​កំពុង​តែ​អនុវត្ត​នូវ​ទស្សនៈ «វិបុលភាព​រួម» ដែល​រុកកួន​ដល់​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ទៀត​ផង​៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner