អង់គ្លេសអះអាងថាក្រុងមូស្គូកំពុងរៀបចំផែនការបង្កើតរបបគាំទ្ររុស្សីនៅប្រទេសអ៊ុយក្រែន

កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៌មុន​ រា​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បាន​ធ្វើ​ការ​អះអាង​ថា​ក្រុង​មូស្គូ​គឺ​កំពុង​រៀប​ចំ​ផែន​ការ​ដើម្បី​បង្កើត​របប​គាំទ្រ​រុស្សី​នៅ​ប្រទេស​អ៊ុយក្រែន​ដោយ​ពួកគេ​បាន​ជ្រើសរើស​បេក្ខជន​មេដឹកនាំ​រួច​ទៅ​ហើយ ខណៈ​ពេល​ដែល​មាន​ការ​ព្រួយ​បារម្ភ​ថា​រុស្សី​អាច​ធ្វើ​ការ​ឈ្លាន​ពាន​។

សេចក្ដី​ថ្លែង​ការណ៍​ដ៏​ប្លែក​របស់​ក្រសួង​ការបរទេស​អង់គ្លេស​ ដែល​ចេញ​នៅ​ពេល​យប់​ក្នុង​ទីក្រុង​ឡុងដ៍​ បាន​កើត​ឡើង​ខណៈ​ពេល​ដែល​លោក​ខាង​លិច​ និង​រុស្សី​ធ្វើ​ការ​ចរចា​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​។ រុស្សី​បាន​ដាក់​ពង្រាយ​ទាហាន​ច្រើន​ជាង​ ១០០.០០០ នាក់​នៅ​តំបន់​ព្រំដែន​ជា​មួយ​អ៊ុយក្រែន​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​រុស្សី​អាច​ធ្វើ​ការ​វាយ​ប្រហារ​គ្រប់​ពេល​វេលា​។

«ព័ត៌មាន​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ បំភ្លឺ​អំពី​វិសាលភាព​នៃ​សកម្មភាព​របស់​រុស្សី ដែល​រៀប​ចំ​ឡើង​ដើម្បី​ផ្ដួល​រំលំ​ប្រទេស​អ៊ុយក្រែន និង​ជា​ការ​បង្ហាញ​ការ​យល់​ដឹង​អំពី​ការ​គិត​របស់​វិមាន​ក្រឹមឡាំង» រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​លោកស្រី​លីស ត្រាស់​បាន​និយាយ​បែប​នេះ​ក្នុង​សេចក្ដីថ្លែងការណ៍​ខាង​លើ​ហើយ​បន្ត​ទៀត​ថា​៖ «រុស្សី​ត្រូវ​តែ​កាត់​បន្ថយ​ភាព​តានតឹង​ បញ្ចប់​យុទ្ធនាការ​ឈ្លានពាន​ និង​ព័ត៌មាន​ប្រឌិត​ និង​បន្ត​ដំណើរ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​»​។

ការ​ប្រកាស​របស់​អង់គ្លេស​ជា​លើក​ទី​ពីរ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ជាង​មួយ​សប្តាហ៍ ដែល​មហា​អំណាច​លោក​ខាង​លិច​បាន​ចោទ​ប្រកាន់​ជា​សាធារណៈ​ថា​រុស្សី​បាន​ជ្រៀត​ជ្រែក​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​អ៊ុយក្រែន​។ កាល​ពី​ថ្ងៃ​ទី​ ១៤ អាមេរិក​បាន​ចោទ​ប្រកាន់​រុស្សី​ថា​បាន​បញ្ជូន​កង​ទាហាន​ពិសេស​ទៅ​កាន់​ផ្នែក​ខាង​កើត​អ៊ុយក្រែន​ ដើម្បី​បង្កើត​លេស​សម្រាប់​ការ​ឈ្លានពាន​។

ការ​ចោទ​ប្រកាន់​ថ្មី​របស់​ចក្រភព​អង់គ្លេស​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​តិច​តួច​អំពី​របៀប​ដែល​រុស្សី​អាច​ឈាន​ទៅ​រក​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​អ៊ុយក្រែន ហើយ​សេចក្ដីថ្លែងការណ៍​មិន​បាន​និយាយ​ថា​តើ​ផែនការ​បែប​នេះ​គឺ​ពាក់ព័ន្ធ​នឹង​ការ​ឈ្លាន​ពាន​ដោយ​កងទ័ព​រុស្សី​ឬ​យ៉ាង​ណា​នោះ​ទេ​។ មន្ត្រី​អង់គ្លេស ដែល​ដឹង​ពី​ស្ថានភាព​នេះ បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អន្តសញ្ញាណ​ថា ចេតនា​ទាំង​ពីរ​នៃ​សេចក្ដីថ្លែងការណ៍​គឺ​ដើម្បី​រារាំង​ការ​អនុវត្ត​ផែនការ​បែប​នេះ និង​ផ្ដល់​ដំណឹង​ដល់​រុស្សី​ថា​ឧបាយកល​នេះ​ត្រូវ​បាន​លាត​ត្រដាង​ជា​សាធារណៈ​។

មន្ត្រី​អាមេរិក​បាន​និយាយ​ថា​ចារកម្ម​របស់​អង់គ្លេស​លើ​រឿង​នេះ​គឺ​ត្រឹមត្រូវ​។ នៅ​ក្នុង​សម្ព័ន្ធ​ភាព​ចារកម្ម ​ដែល​គេ​ស្គាល់​ថា «ភ្នែក​ប្រាំ» ចក្រភព​អង់គ្លេស​មាន​ការ​ទទួល​ខុស​ត្រូវ​ចម្បង​ក្នុង​ការ​លួច​ស្ដាប់​ទំនាក់ទំនង​របស់​រុស្សី​។

អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក​ស្រី​អេមីលី ហ៊ន​ថា​៖ «ឧបាយកល​បែប​នេះ​គឺ​គួរ​ឱ្យ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​។ ប្រជាជន​អ៊ុយក្រែន​មាន​សិទ្ធិ​អធិបតេយ្យ​ក្នុង​ការ​កំណត់​អនាគត​របស់​ពួកគេ ហើយ​យើង​ឈរ​ជាមួយ​ដៃគូ​ដែល​ជាប់​ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​របស់​យើង​នៅ​ក្នុង​អ៊ុយក្រែន​»​។

ប៉ុន្តែ​ក្រសួង​ការបរទេស​រុស្សី​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​យ៉ាង​ខ្លាំង​។

«ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​ដោយ​ក្រសួង​ការបរទេស​អង់គ្លេស​គឺ​ជា​ភស្តុតាង​មួយ​បន្ថែម​ទៀត ដែល​ថា​ប្រទេស​ណាតូ ដឹកនាំ​ដោយ​ជនជាតិ​អង់គ្លូ-សាក់សុន​ គឺ​កំពុង​បង្កើន​ភាព​តានតឹង​នៅ​អ៊ុយក្រែន​» ​ក្រសួង​ការបរទេស​រុស្សី​បាន​និយាយ​បែប​នេះ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ ហើយ​បន្ត​ទៀត​ថា​៖ «យើង​អំពាវ​នាវ​ឱ្យ​ក្រសួង​ការបរទេស​អង់គ្លេស​បញ្ឈប់​សកម្មភាព​បង្ក​ហេតុ​របស់​ខ្លួន​»​។

អ៊ុយក្រែន​ស្ថិត​ក្នុង​ស្ថានភាព​នៃ​ការ​ព្រួយ​បារម្ភ​ខ្ពស់​។ ក្នុង​ប៉ុន្មាន​សប្ដាហ៍​ថ្មី​ៗ​នេះ របាយការណ៍​ជា​ច្រើន​បាន​លេច​ចេញ​អំពី​ផែនការ ដែល​មាន​បំណង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មាន​អស្ថិរភាព និង​ធ្វើ​ឱ្យ​ប្រទេស​នេះ​ធ្លាក់​ក្នុង​សង្គ្រាម​។

បន្ថែម​ពី​លើ​ការ​ចោទ​ប្រកាន់​របស់​អាមេរិក និង​អង់គ្លេស​ ទីភ្នាក់ងារ​ចារកម្ម​យោធា​អ៊ុយក្រែន​បាន​និយាយ​ថា​រុស្សី​បាន​បញ្ជូន​ទាហាន​ស៊ីឈ្នួល​ទៅ​ជួយ​ក្រុម​ផ្ដាច់​ខ្លួន​នៅ​ខាង​កើត​ប្រទេស​ ហើយ​កាល​ពី​ខែ​វិច្ឆិកា​លោក​ប្រធានាធិបតី​វ៉ុលឌីមៀរ ហ្សេលេនស្គី​បាន​និយាយ​ថា​ទីភ្នាក់ងារ​ចារកម្ម​អ៊ុយក្រែន​បាន​រក​ឃើញ​ឧបាយកល​ធ្វើ​រដ្ឋប្រហារ​គាំទ្រ​ដោយ​រុស្សី​ និង​ពាក់ព័ន្ធ​សេដ្ឋី​អ៊ុយក្រែន​មួយ​រូប​។

អង់គ្លេស​មិន​បាន​ផ្ដល់​ភស្តុតាង​ដើម្បី​គាំទ្រ​ការ​ចោទ​ប្រកាន់​របស់​ពួកគេ​ទេ​។ សេចក្ដីថ្លែងការណ៍​របស់​អង់គ្លេស​បាន​លើក​ឡើង​ថា​រុស្សី​កំពុង​ពិចារណា​ជ្រើស​រើស​សមាជិក​សភា​អ៊ុយក្រែន​មួយ​រូប​ឈ្មោះ​យ៉េហ្គេននី ម៉ូរ៉ាយ៉េវ​ជា​មេដឹកនាំ​របប​គាំទ្រ​រុស្សី​។ លោក​ម៉ូរ៉ាយ៉េវ​គឺ​ជា​អតីត​សមាជិក​នៃ​គណបក្ស​គាំទ្រ​រុស្សី​របស់​អតីត​ប្រធានាធិបតី​វិកទ័រ យ៉ានូកូវិច​ដែល​បាន​ភៀស​ខ្លួន​ទៅ​រុស្សី​ បន្ទាប់​ពី​ធ្លាក់​ពី​អំណាច​នៅ​ឆ្នាំ​ ២០១៤​។

យ៉ាង​ណា​មិញ សេចក្ដីថ្លែងការណ៍​ដ៏​ប្លែក​របស់​អង់គ្លេស​ ដែល​មាន​កង្វះ​ព័ត៌មាន​លម្អិត និង​ភស្តុតាង​ បាន​ធ្វើ​ឱ្យ​អ្នក​រិះគន់​គិត​ថា​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​បូរីស ចនសុន​គឺ​កំពុង​ប្រើប្រាស់​ភាព​តានតឹង​ជា​មួយ​រុស្សី​ ដើម្បី​បង្វែរ​អារម្មណ៍​ពី​រឿង​អាស្រូវ​នយោបាយ​ ដែល​អាច​ទម្លាក់​លោក​ពី​អំណាច​៕

ប្រភព៖ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner