ប្រមុខការពារជាតិអ៊ុយក្រែន៖ បច្ចុប្បន្នរុស្ស៊ីបង្កើនការដាក់ពង្រាយកងទ័ពសរុប ១១ម៉ឺន៥ពាន់នាក់ហើយនៅក្បែរព្រំដែនអ៊ុយក្រែន

ព្រុចសែល៖ រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនលោក Oleksiy Reznikov បានគូសបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសរុស្ស៊ីបានធ្វើការដាក់ពង្រាយកងទ័ពសរុបប្រមាណ ១១ម៉ឺន៥ពាន់នាក់ហើយនៅក្បែរព្រំដែនប្រទេសអ៊ុយក្រែន។

ជាមួយគ្នានោះ អង្គការណាតូបានបញ្ជាក់ថា រុស្ស៊ីបានបង្កើនការដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសបេឡារូសក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយត្រូវបានគេរំពឹងថា នឹងមានទាហានចំនួន ៣ម៉ឺននាក់នៅទីនោះ សម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងខែកុម្ភៈនេះ។ ជុំវិញបញ្ហានេះដែរ​ អគ្គលេខាធិការអង្គការណាតូលោក ជេនស៍ ស្តូថែនប៊ឺគ បានប្រាប់អ្នកយកព័ត៌មានថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ យើងបានឃើញចលនាដ៏ធំ នៃកងកម្លាំងយោធារុស្ស៊ីទៅកាន់បេឡារូស… នេះគឺជាការដាក់ពង្រាយដ៏ធំបំផុតរបស់រុស្ស៊ីនៅទីនោះ ចាប់តាំងពីសង្គ្រាមត្រជាក់មក។ លោកបន្ថែមថា ចំនួនកងទ័ពរុស្ស៊ីនៅបេឡារូសទំនងជាកើនឡើងដល់ ៣ម៉ឺននាក់ ដោយមានការគាំទ្រពីកងកម្លាំងពិសេស យន្តហោះចម្បាំង SU-35 មីស៊ីលផ្លោងរយៈចម្ងាយខ្លី Iskander និងប្រព័ន្ធការពារមីស៊ីល S-400។

គួរបញ្ជាក់ថា សមយុទ្ធរវាងរុស្ស៊ី និងបេឡារូស ដែលដំណើរការរហូតដល់ថ្ងៃទី២០ ខែកុម្ភៈខាងមុខនេះ បានផ្តល់ឱ្យទីក្រុងម៉ូស្គូនូវការការពារ ដើម្បីបង្កើនកងកម្លាំងបន្ថែមទៀតនៅជិតអ៊ុយក្រែន នៅពេលដែលអាមេរិក និងអង់គ្លេសបានព្រមានថា ទីក្រុងម៉ូស្គូអាចនឹងត្រៀមខ្លួនសម្រាប់សង្រ្គាម៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner